HOT NEWS: អង្គការ NASA កំណត់ថ្ងៃថ្មីដើម្បីធ្វើតេស្តប្រព័ន្ធរ៉ុក្កែត SLS និងយាន Orion ទៅកាន់ឋានព្រះចន្ទ!

(អាមេរិក)៖ អង្គការ NASA បានប្រកាសជាផ្លូវការនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ដោយជ្រើសយកថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា វេលានៅម៉ោង ២៖១៧នាទីរសៀល (ម៉ោងក្នុងតំបន់នៅសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ១៖១៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា (ម៉ោងនៅប្រទេសកម្ពុជា) ធ្វើជាឱកាសថ្មី ក្នុងការធ្វើតេស្តប្រព័ន្ធរ៉ុក្កែត SLS និងយាន Orion (ដែលគ្មានមនុស្សជិះ) ទៅកាន់ឋានព្រះចន្ទ

កាលពីយប់ថ្ងៃទី២៩ ខែសីហា (ម៉ោងនៅកម្ពុជា) អង្គការ NASA បានសម្រេច «ផ្អាកជាបណ្តោះអាសន្ន» នូវការធ្វើតេស្តប្រព័ន្ធរ៉ុក្កែត SLS និងយាន Orion ទៅកាន់ឋានព្រះចន្ទ ដើម្បីត្រួតពិនិត្យឡើងវិញ លើបញ្ហាសម្ពាធកើនឡើងនៅក្នុងម៉ាស៊ីន RS-25 (ម៉ាស៊ីនលេខ ៣) ក្នុងចំណោមម៉ាស៊ីនទាំង របស់ប្រព័ន្ធរ៉ុក្កែតនេះ។ អង្គការ NASA បានរក្សាជំហររបស់ខ្លួនជានិច្ច ដោយយកសុវត្ថិភាពជាចម្បង

ប្រព័ន្ធរ៉ុក្កែត SLS របស់ NASA ត្រៀមក្នុងការធ្វើតេស្តជាថ្មី (Credit: NASA, Joel Kowsky)

ការធ្វើតេស្តបេសកកម្ម Artemis 1 ខាងលើនេះនឹងប្រព្រឹត្តទៅជាថ្មី នៅឯមជ្ឈមណ្ឌល Kennedy Space Center ស្ថិតក្នុងរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ វាជាការបាញ់បង្ហោះប្រព័ន្ធរ៉ុក្កែត SLS ដែលមានផ្ទុកយាន អូរ៉ៃអិន (Orion) ផលិតដោយក្រុមហ៊ុន Boeing និងផ្កាយរណបខ្នាតតូច (Cubsat) ចំនួន ១០គ្រឿងទៀត។

យាន Orion ដែលជាតួអង្គសំខាន់ជាងគេបំផុតនោះ នឹងចាកចេញពីភពផែនដីបន្តិចម្តងៗ តាមរយៈដំណើរគោចរជារង្វង់ៗ រហូតដល់វាអាចទៅជ្រៀតចូលគន្លងគោចរឋានព្រះចន្ទ ហើយបន្ទាប់មកទើបយានដែលមានសមត្ថភាព អាចផ្ទុកមនុស្ស ០៤នាក់នេះ នឹងគោចរជុំវិញព្រះចន្ទ ហើយបកត្រលប់មកទម្លាក់ខ្លួន លើមហាសមុទ្រផែនដីវិញ ដោយដំណើរការទាំងមូលនឹងត្រូវចំណាយពេល ៤២ថ្ងៃ

យល់ដឹងបន្ថែមអំពីបេសកកម្មសាកល្បង Artemis 1 តាមរយៈវីដេអូខាងក្រោមនេះ៖

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និង Image Credits៖ NASA

Comments (0)
Add Comment