(បរទេស)៖ កាលពីជាងមួយខែមុននេះ James Webb បានបង្ហាញចេញម្តងរួចមកហើយ នូវរូបភាពកាឡាក់ស៊ី PHANTOM ឬយើងអាចហៅឈ្មោះផ្សេងទៀតថា Messier 74 (M74) និង NGC 628 ដែលមានចម្ងាយ ៣២លានឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ ប៉ុន្តែនៅចុងខែសីហានេះ រូបភាពថ្មីទៀតនៃ M74 និងការរួមបញ្ចូលគ្នាជាមួយ រូបភាពថតដោយ Hubble ផងដែរ ត្រូវបានបង្ហាញចេញជាផ្លូវការ។
កន្លងមកនេះ ទាំងតេឡេស្កូបអវកាស WISE និង Hubble សុទ្ធតែធ្លាប់បានផ្តិតរូបភាពកាឡាក់ស៊ី M74 ហើយឥឡូវនេះ James Webb ជាអ្នកថតវិញម្តង។ កាឡាក់ស៊ីមួយនេះសំបូរទៅដោយប្រហោងខ្មៅ (Black Hole) ទំហំបង្គួរ ហើយរចនាសម្ព័ន្ធរបស់កាឡាក់ស៊ីទាំងមូល ក៏មានភាពប្រទាក់ក្រលាគ្នា ជារាងគូទខ្យងដ៏ល្អឥតខ្ចោះ ហើយបើតាមការគណនាបានឲ្យដឹងថា វាមានផ្ទុកផ្កាយគ្រប់ប្រភេទរហូតដល់ខ្ទង់ ២០០ពាន់លានដួងឯណោះ។
ខាងក្រោមនេះ គឺជាការផ្គុំរូបភាពចំនួន ៣ សន្លឹក ដែលត្រូវបានបង្កើតឡើងក្នុង ទម្រង់ផ្សេងៗគ្នាទៅលើកាឡាក់ស៊ី M74 ដោយក្នុងនោះរូបភាពទី ១ ត្រូវបានថតដោយកែវអុបទិករបស់ តេឡេស្កូបអវកាស Hubble, រូបភាពទី ២ ជាការរួមផ្សំគ្នារវាងរូបភាពថតដោយ Hubble ផង និង James Webb ផង ខណៈរូបភាពទី ៣ គឺត្រូវបានថតដោយ James Webb ដោយការសម្លឹងមើលទៅលើពន្លឺ Infrared របស់ M74 នោះ។
រូបថត M74 (ខាងឆ្វេងនៃរូបកណ្តាល) ថតដោយ Hubble របស់អង្គការ NASA និង ESA បានបង្ហាញអំពីវត្តមានតារាចាស់ៗ និងក្រហមៗ ចាប់ពីជាយៗកាឡាក់ស៊ីរហូតដល់ចំណុចកណ្តាល ព្រមទាំងតារាក្មេងៗ និងខៀវៗ នៅតាមតំបន់ដៃ (spiral arms) របស់កាឡាក់ស៊ីរាងគូទខ្យងនេះ ខណៈតំបន់ក្រហមៗមូលៗ គឺជាតំបន់ដែលផ្កាយនានាកំពុងកកើត។
ដោយឡែករូបថត M74 (ខាងស្តាំនៃរូបកណ្តាល) ថតដោយ James Webb របស់អង្គការ NASA ESA និង CSA គឺពិតជាខុសប្លែកពីរូបរបស់ Hubble ទាំងស្រុង។ វាជំនួសមកវិញនូវការបង្ហាញវត្តមាន បណ្តុំនៃឧស្ម័ន និងធូលីដ៏កញ្ជ្រោល នៅតាមដៃ (spiral arms) របស់កាឡាក់ស៊ី M74 បូករួមទាំងកញ្ចុំផ្កាយដ៏មមាញឹកបំផុត នៅតំបន់ស្នូលរបស់កាឡាក់ស៊ីនេះ។ សម្រាប់រូបភាពដែលជាការរួមបញ្ចូលគ្នា នៃរូបថតទាំងពីរ (រូបនៅកណ្តាល) កាន់តែធ្វើឲ្យកាឡាក់ស៊ីនេះ មើលទៅប្លែកអស្ចារ្យជាងគេមិនធ្លាប់មាន ហើយក៏ជាចំណុចពិសេស ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រ សិក្សាអំពីវាបន្តទៀតផងដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២)