(បរទេស)៖ តេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA ទើបតែបានផ្តិតយករូបភាពនៃកាឡាក់ស៊ីមួយ ដែលហាក់មានរូបរាងចម្លែក ខុសពីកាឡាក់ស៊ីភាគច្រើននៅក្នុងចក្រវាលនេះ ដោយវាស្ថិតនៅចម្ងាយ ២៥លានឆ្នាំពន្លឺពីកាឡាក់ស៊ី Milky Way យើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។
កាឡាក់ស៊ីចម្លែក និងស្ថិតក្នុងរូបភាពមិនពេញលក្ខណៈ ឬមិនប្រក្រតី (dwarf irregular galaxy) មួយនេះត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា NGC 1156 ដោយក្រុមអ្នកវិទ្យាសាស្ត្រ បានសម្លឹងរកឃើញកាឡាក់ស៊ីនេះ នៅពេលតម្រង់កែវលែនតេឡេស្កូបអវកាស Hubble ទៅមើលផ្ទៃមេឃត្រង់តារានិករ Aries ហើយបើតាមអង្គការ ESA, NGC 1156 មួយនេះ ពិតជាមានរូបរាងប្លែក ខុសពីកាឡាក់ស៊ីជាច្រើនទៀត។
កាលពីចុងខែសីហាកន្លងទៅថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ ESA បានពន្យល់ថា តារាភ្លឺៗរាប់ពាន់ដួងនៅក្នុងកាឡាក់ស៊ីខាងលើនេះ បានតម្រៀបគ្នាចេញជារាងគូទខ្យងតិចៗផងដែរ ប៉ុន្តែវាហាក់ដូចជាខ្វះចលនារង្វិលជាលក្ខណៈសម្ព័ន្ធ ហេតុដូច្នេះទើបការសម្លឹងឃើញជារួម គឺចលនាក្នុងកាឡាក់ស៊ី NGC 1156 មិនមានលក្ខណៈឲ្យយើងកត់សម្គាល់ថា វាស្ថិតក្នុងជំពូកកាឡាក់ស៊ីណាមួយ ឲ្យប្រាកដនោះឡើយ។
សម្រាប់តំបន់មានបណ្តុំពពកធូលីពណ៌ក្រហម គឺជាកន្លែងដែលមាន ផ្កាយកំពុងកកើតយ៉ាងច្រើន ដែលបង្ហាញអំពីការប្រើប្រាស់ថាមពលយ៉ាងច្រើនសម្បើម នៅក្នុងកាឡាក់ស៊ី NGC 1156 មួយនោះ។ ហើយអ៊ីយ៉ុងអ៊ីដ្រូសែន (Ionized Hydrogen) ដែលបម្លែងចេញពីតារាក្មេងៗ គឺជាកត្តាដែលបាននិងកំពុងជំរុញឲ្យតំបន់ ដែលពួកវាកំពុងកកើតនោះ បង្ហាញចេញនូវពណ៌ក្រហមៗ។
គួរបញ្ជាក់ថា សម្រាប់ជំពូកកាឡាក់ស៊ីរាងគូទខ្យង (Spiral Galaxy) តែងតែមានចំណុចកណ្តាលរាងប៉ោងឡើង និងភ្លឺចិញ្ចាចជាងតំបន់ផ្សេងៗទៀត ព្រោះតែទីតាំងនោះសំបូរទៅដោយផ្កាយចាស់ៗ ខណៈតារាមានពន្លឺស្រទន់ៗជាច្រើន តែងតែត្រូវបានរាំងខ្ទប់ពន្លឺ ដោយសារតែបន្ទះឌីសធូលី និងឧស្ម័ននៃតារាក្តៅគគុកនានា ដែលកំពុងប្រមូលផ្តុំរូបរាង។
ទោះបីជា NGC 1156 មានវត្តមានតារាចាស់ៗ នៅចំកណ្តាលរបស់វា ដែលជាមូលដ្ឋានគ្រឹះនៃលំនឹងរបស់កាឡាក់ស៊ីនីមួយៗមែន តែវាបែរជាមិនមានតារាក្មេងៗ នៅតាមដៃ (spiral arms) ដែលស្ថិតនៅជាខ្នែងៗ ចេញពីចំណុចកណ្តាលរបស់វាទៅវិញ។ ដោយសារតែការខ្វះលក្ខណៈប្រក្រតីថាជា កាឡាក់ស៊ីរាងគូទខ្យង (Spiral Galaxy) ឬជា កាឡាក់ស៊ីរាងពងក្រពើ (Ellipitical Galaxy) បែបនេះហើយ ទើបក្រុមអ្នកវិទ្យាសាស្ត្របានចាត់ទុកថា NGC 1156 ជាកាឡាក់ស៊ីចម្លែក, មិនពេញលក្ខណៈ, តឿ ឬមិនប្រក្រតី៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE/NASA/ESA (ថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២)