HOT NEWS: នេះជារូបភាពថ្មីថតដោយ តេឡេស្កូបអវកាស James Webb ទៅលើកាឡាក់ស៊ី IC 5332

(អាមេរិក)៖ តេឡេស្កូបអវកាស James Webb ដែលគ្រប់គ្រងដោយអង្គការ NASA ESA និង CSA ទើបតែបានផ្តិតរូបភាពដ៏អស្ចារ្យថ្មីមួយទៀត នោះគឺកាឡាក់ស៊ី IC 5332 ដែលមើលឃើញពិតជាប្លែកភ្នែក និងមិនសូវខុសពីកាឡាក់ស៊ីខ្មោច ឬ PHANTOM Galaxy ដែលត្រូវបានផ្តិតកាលពីខែកក្កដា កន្លងទៅថ្មីៗនោះឡើយ។

(Image Credit: NASA ESA CSA)

ជាការពិតណាស់ James Webb បានប្រើប្រាស់ការផ្តិតរូបភាព ចេញពីឧបករណ៍ផ្តិតយកពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម (mid-infrared instrument ឬ MIRI) ដែលភ្នែកមនុស្ស ឬតេឡេស្កូបធម្មតាៗ មិនអាចមើលឃើញបែបនេះឡើយ។ កាឡាក់ស៊ី IC 5332 ស្ថិតនៅចម្ងាយ ២៩លានឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយបើគិតពីភាពធំធេងឥតគណនានៃចក្រវាលនេះ វាត្រូវបានចាត់ទុកថាជាកាឡាក់ស៊ីស្ថិតនៅកៀកនឹងកាឡាក់ស៊ី Milky Way យើងបាន។

កាឡាក់ស៊ី IC 5332 ថតដោយ Hubble (រូបភាពពី NASA ESA)

កាឡាក់ស៊ី IC 5332 មានទំហំតូចជាង Milky Way របស់យើង ដោយអង្កត់ផ្ចិតរបស់វាមានប្រវែង ៦៦,០០០ឆ្នាំពន្លឺ។ ដោយសារតែតួកាឡាក់ស៊ីមួយផ្ទាំងនេះ បង្ហាញវត្តមានចំពោះមុខផែនដីយើងនោះ ហេតុដូច្នេះទើបតេឡេស្កូបអវកាស Jame Webb អាចផ្តិតរូបរាងវាទាំងមូលបានយ៉ាងល្អឥតខ្ចោះ តាមរយៈឧបករណ៍ MIRI បែបនេះ។ យើងអាចមើលឃើញដៃ (spiral arms) យ៉ាងឃ្មួលខ្មាញ់របស់វា ព្រមទាំងវត្តមានបណ្តុំផ្កាយយ៉ាងចំរុះពណ៌។

ការប្រៀបរូបភាពកាឡាក់ស៊ី IC 5332 ថតដោយ Hubble និង James Webb

គួរបញ្ជាក់ថា តេឡេស្កូបអវកាស Hubble ក៏ធ្លាប់បានថតរូបភាពកាឡាក់ស៊ី IC 5332 នោះផងដែរ តាមរយៈឧបករណ៍ Wide Field Camera 3 (WFC3) ដែលអាចផ្តិតបានរូបភាពជាទម្រង់ពន្លឺស្វាយអ៊ុលត្រា (Ultraviolet) និងពន្លឺដែលយើងអាចមើលឃើញ (Visible Light)។ ភាពខុសគ្នារវាងរូបភាពរបស់ Hubble និង James Webb នោះ គឺរូបភាពរបស់ James Webb អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រ វិភាគកាន់តែស៊ីជម្រៅអំពីបរិស្ថានផ្ទៃក្នុងរបស់កាឡាក់ស៊ី IC 5332 ព្រោះឧបករណ៍ លើតេឡេស្កូបតម្លៃជិត ១០ពាន់លានដុល្លារមួយនេះ អាចមើលធ្លុះបណ្តុំពពកធូលី និងឧស្ម័នបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA ESA CSA (ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២)

Comments (0)
Add Comment