(បរទេស)៖ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៩៥ «ភពនៅប្រព័ន្ធផ្កាយដទៃដំបូង» ត្រូវបានក្រុមតារាវិទូរកឃើញ និងធ្វើឲ្យពិភពអ្នកតារាសាស្ត្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏ជាការបើកទំព័រយ៉ាងថ្មីសន្លាង ទៅលើការស្រាវជ្រាវរកភព នៅប្រព័ន្ធផ្កាយផ្សេងៗទៀត ដែលក្រោយមកត្រូវបានដាក់រហស្សមានឲ្យថា ភព exoplanet នោះផងដែរ។
ភពដំបូងគេដែលត្រូវបានរកឃើញខាងលើនេះ មានឈ្មោះថា 51 Pegasi b មានម៉ាសស្រាលជាងភពព្រហស្បតិ៍ (Jupiter) យើង ៤៧% តែមាឌធំជាងរហូតដល់ទៅ ៥០% ឯណោះ ព្រោះវាស្ថិតក្នុងជំពូកភពយក្សក្តៅ (Hot Jupiter)។ 51 Pegasi b គោចរជុំវិញផ្កាយ 51 Pegasi (មានម៉ាសធ្ងន់ជាងព្រះអាទិត្យយើង ១១% និងមាឌធំជាង ២៣%) ក្នុងល្បឿន ១៣៦គីឡូម៉ែត្រ/វិនាទី ដោយមួយជុំប្រើពេលតែ ៤.២ថ្ងៃប៉ុណ្ណោះ នៃពេលវេលាលើភពផែនដី ឬស្មើនឹង ១ឆ្នាំរបស់ភពយក្សនោះឯង។
ក្រុមតារាវិទូអន្តរជាតិដឹកនាំដោយលោក Michel Mayor និងលោក Didier P. Queloz ដែលសុទ្ធសឹងជាជនជាតិស្វីស បានប្រើប្រាស់វិធីសាស្ត្រ Radial Velocity Method (ការអង្កេតព្រឹត្តិការណ៍បិទបាំងពន្លឺ ពេលមានវត្ថុអ្វីមួយគោចរឆ្លងកាត់ពន្លឺផ្កាយ) ដើម្បីអង្កេតមើលតារា 51 Pegasi (ជាតារាលំដាប់ G-type ឬផ្កាយតឿពណ៌លឿងស្រដៀងនឹងព្រះអាទិត្យយើង) ដែលមានចម្ងាយជាង ៥០ឆ្នាំពន្លឺពីផែនដីនោះ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។
គួរបញ្ជាក់ថា ក្រុមតារាវិទូខាងលើនេះបានប្រើប្រាស់ ឧបករណ៏អង្កេតការបិទបាំងពន្លឺផ្កាយដោយភព (Radial velocity Planet Searcher ឬ HARPS) នៅឯមន្ទីរអង្កេតតារា La Silla Observatory របស់អង្គការអឺរ៉ុប ESO ដែលស្ថិតនៅប្រទេសឈីលី ដើម្បីអង្កេតរកឃើញភព exoplanet ដំបូងក្នុងប្រវត្តិសាស្ត្រនោះតែម្តង ដោយវាមានគម្លាត ៧.៨លានគីឡូម៉ែត្រប៉ុណ្ណោះពីផ្កាយ 51 Pegasi របស់វា។ គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ភព Exoplanets សរុប ៥,១៩៧ភពហើយត្រូវបានរកឃើញ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២)