គួរឲ្យសោកស្តាយ! ឥណ្ឌាប្រកាសបិទបញ្ចប់ប្រតិបត្តិការ យានតែមួយគត់របស់ខ្លួន នៅភពអង្គារហើយ!

(ញូដេលី)៖ ប្រទេសឥណ្ឌានៅដើមខែតុលា ឆ្នាំ២០២២ នេះ បានប្រកាសបិទបញ្ចប់បេសកកម្ម យានអវកាសគោចរជុំវិញភពអង្គារ (Mars) ឈ្មោះ ម៉ាងហ្គាលីយាន (Mangalyaan) ដែលមានរយៈពេល ៨ឆ្នាំនោះជាស្ថាពរហើយ។ ការប្រកាសបិទបញ្ចប់នេះ បានកើតមានឡើងក្រោយគ្រឿងយន្តអវកាស ដែលមានតម្លៃបេសកកម្មសរុប ៧៤លានដុល្លារអាមេរិកមួយនេះបានបាត់ដំណឹង និងមិនអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការស្រោចស្រង់ឡើងវិញបានឡើយ។

យានអវកាស Mangalyaan នៅភពអង្គារ (រូបភាពពី ISRO)

ទោះជាបែបនេះក្តី Mangalyaan ឬ Mars Orbiter របស់ឥណ្ឌាមួយគ្រឿងនេះ ត្រូវបានអង្គការអវកាសឥណ្ឌា (ISRO) អភិវឌ្ឍឡើង ដើម្បីបំបេញបេសកកម្មនៅភពអង្គារតែ ៦ខែប៉ុណ្ណោះ ប៉ុន្តែក្រោយពីការទទួលជោគជ័យលើបេសកកម្មស្នូលនោះ យាននេះនៅតែអាចដំណើរការបានរហូតដល់ទៅ ៨ឆ្នាំ

ការបាញ់បញ្ជូន Mangalyaan នៅខែវិច្ឆិកា ឆ្នាំ២០១៣ (រូបភាពពី ISRO)

គួរបញ្ជាក់ថា Mangalyaan ត្រូវបានបាញ់បញ្ជូនចេញពីភពផែនដី កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ និងទៅដល់គន្លងគោចរជុំវិញភពអង្គារ នៅរយៈពេល ១០ខែបន្ទាប់។ ឥណ្ឌាគឺជាប្រទេសតែមួយគត់ ក្នុងចំណោមមហាអំណាចអវកាសនានា ដែលអាចបាញ់បញ្ជូនយានតែមួយលើកប៉ុណ្ណោះទៅភពអង្គារ ហើយទទួលបានជោគជ័យ ១០០% ខណៈអតីតសហភាពសូវៀត, សហរដ្ឋអាមេរិក, ប្រទេសជប៉ុន, ចក្រភពអង់គ្លេស និងប្រទេសចិនផងដែរ សុទ្ធតែធ្លាប់ទទួលបរាជ័យនៅលើកដំបូងៗ។

រូបភាពភពអង្គារថតដោយ Mangalyaan (រូបភាពពី ISRO)

ស្នាដៃនៃបេសកកម្ម Mangalyaan៖ ក្នុងនាមជាប្រទេសអាស៊ីទី ដែលបញ្ជូនយានទៅដល់គន្លងគោចរជុំវិញភពអង្គារ ដោយជោគជ័យកាលពីឆ្នាំ ២០១៤ និងជាប្រទេសទី លើពិភពលោកដែលអាចធ្វើបែបនេះបាន, យានឥណ្ឌាមួយនេះបានផ្តិតរូបភាពជាច្រើន នៃផ្ទៃភពអង្គារ និងបញ្ជូនត្រឡប់មកផែនដីវិញ។ លទ្ធផលគួរឲ្យចាប់អារម្មណ៍បំផុត ដែល Mangalyaan បានរកឃើញនោះ គឺព្យុះធូលីនៃភពអង្គារ (Mars dust storms) អាចកញ្ជ្រោលឡើងដល់រយៈកម្ពស់ រាប់រយគីឡូម៉ែត្រឯណោះ ពីលើផ្ទៃភពអង្គារ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ DNA India
រូបភាព៖ ISRO

Comments (0)
Add Comment