«មហាទ្វីបមួយ» នឹងលេចរូបរាងឡើង ហើយមហាសមុទ្រប៉ាស៊ីហ្វិកនឹងបាត់ស្រមោល (វីដេអូ)

(អូស្ត្រាលី)៖ ក្រុមអ្នកសិក្សានៅឯសាកលវិទ្យាល័យ Curtin ប្រទេសអូស្ត្រាលី បានប្រើប្រាស់ការគណនាដំណើរវិវត្តន៍ ដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រដ៏ខ្លាំងក្លាមួយ (Supercomputer) ដើម្បីយល់ដឹងអំពីដំណើរវិវត្តន៍នៃភពផែនដី នៅក្នុងរយៈពេល ២០០-៣០០លានឆ្នាំខាងមុខទៀត។

ពួកគេបានរកឃើញថា ដោយសារតែភពផែនដីត្រូវបានគ្របដណ្តប់ដោយធាតុត្រជាក់ អស់រយៈពេលរាប់ពាន់លានឆ្នាំនោះ កម្រាស់ និងភាពរឹងមាំនៃ ផ្លាក (plates) នៅក្រោមមហាសមុទ្រនានា បានថយចុះទៅតាមពេលវេលា។ កត្តានេះបានជំរុញឲ្យការបង្កើតទ្វីបយក្សថ្មី តាមវដ្តន៍ដែលធ្លាប់កើតមាននោះ កាន់តែពិបាក។ ចំណុចនេះពួកគេចង់សំដៅទៅលើ ដំណើរនៃការបិទមហាសមុទ្រក្មេងៗដូចជា មហាសមុទ្រឥណ្ឌា និងមហាសមុទ្រអាត្លង់ទិកជាដើម ដែលនឹងពិបាកឲ្យកើតឡើងដូចការគិតពីមុន។

ផែនដីបច្ចុប្បន្ន (រូបភាពពី Google Earth)

យោងតាមបណ្ឌិត Chuan Huang អ្នកដឹកនាំការស្រាវជ្រាវប្រធានបទខាងលើនេះ បានអះអាងថា ការរកឃើញថ្មីៗនេះបានផ្តល់តំរុយយ៉ាងស៊ីជម្រៅ ឲ្យយើងឈានទៅរក ការវិភាគអំពីដំណើរវិត្តន៍របស់ភពផែនដី នៅរយៈពេល ២០០លានឆ្នាំទៀត។ បណ្ឌិត Huang បានគូសបញ្ជាក់ថា «ទ្វីបនានាលើផែនដីតែងតែរួមបញ្ចូលគ្នា ដើម្បីបង្កើតចេញទៅជាមហាទ្វីបមួយ (supercontinent) នៅរៀងរាល់ ៦០០លានឆ្នាំម្តង ឬយើងហៅថា វដ្តន៍នៃមហាទ្វីប។ ដូច្នេះវាក៏មានន័យថា មហាទ្វីបថ្មីមួយនឹងកើតឡើង នៅរយៈពេលប៉ុន្មានរយលានឆ្នាំទៀតផងដែរ»

ក្រុមអ្នកជំនាញបានពន្យល់ទៀតថា លទ្ធផលនៃការវិភាគខាងលើនេះ បាននាំឲ្យពួកគេដាក់ឈ្មោះ ទ្វីបយក្សថ្មីនៅថ្ងៃអនាគតរួចហើយ នោះគឺ «អាម៉ាសៀ» (Amasia) ពីព្រោះមតិខ្លះបានបង្ហាញការជឿជាក់ថា មហាសមុទ្រប៉ាស៊ីហ្វិកនឹងត្រូវបិទ នៅពេលដែលទ្វីបអាមេរិក រួមបញ្ចូលគ្នាជាមួយទ្វីបអាស៊ី (ផ្ទុយនឹងទ្រឹស្តីពីមុនដែលថា មហាសមុទ្រអាត្លង់ទិក និងឥណ្ឌាទៅវិញទេដែលនឹងត្រូវបិទនោះ)។ ដោយឡែក ដែនដីអូស្ត្រាលី (ទ្វីបអូសេអានី) ក៏នឹងអាចដើរតួនាទីសំខាន់ផងដែរ ក្នុងព្រឹត្តិការណ៍លើភពផែនដីមួយនេះ ដោយក្នុងដំណាក់កាលដំបូង អូស្ត្រាលីនឹងរួមបញ្ចូលជាមួយអាស៊ី រួចក៏ធ្វើការផ្សាភ្ជាប់រវាងទ្វីបអាមេរិក និងអាស៊ី នៅពេលដែលមហាសមុទ្រប៉ាស៊ីហ្វិកត្រូវបិទខ្ទប់អស់។

ផែនដីនៅ ២៨០លានឆ្នាំទៀត (រូបភាពពី Curtin University)

តាមរយៈការគណនាដោយកម្មវិធីកុំព្យូទ័័រ simulation យើងអាចមើលឃើញ ផ្លាកតិចតូនិករបស់ភពផែនដី មានការវិត្តន៍ក្នុងរយៈពេល ២៨០លានឆ្នាំទៀត ហើយប្រាកដណាស់ មហាសមុទ្រប៉ាស៊ីហ្វិកពិតជានឹងត្រូវបិទខ្ទប់មែន ដែលបង្កើតចេញទៅជា មហាទ្វីបមួយឈ្មោះ Amasia។ លទ្ធផលមួយនេះពិតជាបានច្រានចោល នូវលទ្ធផលសិក្សាពីមុនតែម្តង។ មហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ocean) ត្រូវបានគេដឹងថា ជាអ្វីដែលបានបន្សល់ទុកពី កំពូលមហាសមុទ្រ (superocean) មួយ ឈ្មោះ ផាន់ថាឡាស្សា (Panthalassa) ដែលបានចាប់ផ្តើមកកើតឡើងកាលពី ៧០០លានឆ្នាំមុន នៅពេលដែលមហាទ្វីបកាលពីអតីតកាលមួយ ចាប់ផ្តើមបំបែកខ្លួនវិញ។ ប៉ាស៊ីហ្វិកជាមហាសមុទ្រមានវ័យចំណាស់បំផុត ដែលរក្សារូបរាងលើផែនដីនេះ និងកំពុងរួមមាឌបន្តិចម្តងៗ គិតចាប់តាំងពីសម័យកាលដាយណូស័រមកម្ល៉េះ។

(រូបភាពពីបរទេស)

គួរបញ្ជាក់ថា បើតាមការគណនាលើល្បឿននៃប្រែប្រួល និងអង្កត់ផ្ចិតជាង ១០,០០០គីឡូម៉ែត្ររបស់ប៉ាស៊ីហ្វិកនោះ មហាសមុទ្រធំជាងគេមួយនេះ នឹងត្រូវបិទខ្ទប់នៅរយៈពេល ២០០-៣០០លានឆ្នាំទៀត ដែលជាពេលមហាទ្វីបថ្មីឈ្មោះ Amasia ត្រូវបានបង្កើតនោះឯង។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានគណនាផងដែរថា នៅពេលមហាទ្វីប Amasia កកើតឡើង នោះនីវ៉ូទឹកសមុទ្រនឹងថយចុះ ហើយកម្តៅជាប្រចាំថ្ងៃនៅលើទ្វីបថ្មីនេះ នឹងកើនឡើងវិញ។ បច្ចុប្បន្ននេះ ផែនដីមានទ្វីបចំនួន ៧ និងមហាសមុទ្រធំៗចំនួន ៤ (បើរាប់ទាំងមហាសមុទ្រខាងត្បូងមួយទៀត​គឺមាន ៥) ដូច្នេះវាពិតជារឿងដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ នៅក្នុងការគិតទៅដល់រយៈពេល ២០០-៣០០លានឆ្នាំទៀត ថានឹងមានអ្វីខ្លះកើតឡើងនោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Scitech Daily (ថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២)

Comments (0)
Add Comment