(បរទេស)៖ បេសកកម្ម ដ្រាហ្គនហ្វ្ល៉ាយ (Dragonfly) របស់អង្គការ NASA ទៅកាន់ព្រះចន្ទធំបំផុតរបស់ភពសៅរ៍ (Saturn) នោះគឺ ទីតាន (Titan) នឹងធ្វើការចុះចតលើតំបន់ដីគោក និងតំបន់ទឹកកកផងដែរ។ ការបង្ហើបរបស់ NASA បានកើតមានឡើងជាថ្មី ក្រោយការវិភាគបន្ថែមទៅលើរូបភាព ដែលទទួលបានពីយានអវកាស កាស៊ីនី (Cassini) ដែលបានរំលាយខ្លួនលើភពសៅរ៍រួចទៅហើយ កាលពីឆ្នាំ២០១៧។
ប្រភពច្បាស់ការបានបង្ហាញថា គម្រោងអភិវឌ្ឍដ្រូន Dragonfly នឹងត្រូវបាញ់បញ្ជូនចេញពីភពផែនដីនៅក្នុងឆ្នាំ ២០២៧ រួចនឹងចំណាយរយៈពេល ៧ឆ្នាំ ក្នុងការធ្វើដំណើរទៅកាន់ព្រះចន្ទ Titan របស់ភពសៅរ៍ (ដោយទៅដល់អំឡុងឆ្នាំ ២០៣៤)។ បេសកកម្មនេះនឹងធ្វើការរុករកពីលើអាកាស និងប៉ះផ្ទាល់លើផ្ទៃដី និងតំបន់ទឹកកក របស់ព្រះចន្ទនេះផងដែរ។
បើតាម NASA ដ្រូន Dragonfly នឹងមានសមត្ថភាពធ្វើការស្រាវជ្រាវ គ្របដណ្តប់ក្នុងរយៈចម្ងាយប្រហែល ១៦គីឡូម៉ែត្រ ក្នុងការហោះហើររយៈពេលកន្លះម៉ោងម្តង។ បេសកកម្មនេះ នឹងចំណាយពេលពីរឆ្នាំ ស្ថិតក្នុងគោលដៅស្រាវជ្រាវគ្របដណ្តប់លើផ្ទៃ Titan ឲ្យបានរាប់រយគីឡូម៉ែត្រ។ ទោះជាយ៉ាងណា មុននឹងហោះឡើងទៅលើមេឃដោយខ្លួនឯង ដ្រូន Dragonfly ត្រូវឆ្លងកាត់ឧបសគ្គដ៏ធំ នោះគឺអ័ព្ទអ៊ីដ្រូកាបូន (hydrocarbon) ដ៏ក្រាស់ ដែលគ្របដណ្តប់ពាសពេញបរិយាកាស នៃព្រះចន្ទភពសៅរ៍នោះ។
គួរបញ្ជាក់ថា កន្លែងដែល Dragonfly ត្រូវចុះចត និងស្រាវជ្រាវដំបូងនោះមានឈ្មោះថា Shangri-La ដែលជារណ្តៅយក្សមានមុខកាត់ ៨០គីឡូម៉ែត្រ។ តំបន់នេះត្រូវបានផ្តិតរូបភាពដោយយានអវកាស Cassini អំឡុងការធ្វើបេសកកម្ម នៅប្រព័ន្ធភពសៅរ៍ចាប់ពីឆ្នាំ ២០០៤ ដល់ ២០១៧។ ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យថា Cornell បានធ្វើសិក្សា និងគិតគូររកកន្លែងឲ្យ Dragonfly ចុះចតដំបូងនេះ ប្រកបដោយភាពហ្មត់ចត់បំផុត។
សេចក្តីថ្លែងការណ៍ពីក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Cornell ក្នុងខែតុលា ឆ្នាំ២០២២ នេះបានពន្យល់ទៀតថា «Dragonfly នឹងចុះចតនៅតំបន់ ដែលគួរជាទីចាប់អារម្មណ៍ខាងផ្នែកវិទ្យាសាស្ត្រ។ Dragonfly នឹងចុះចតនៅតំបន់អេក្វាទ័រ និងតំបន់វាលស្ងួតនៃ Titan។ ពេលខ្លះវាក៏អាចមានភ្លៀង ធ្លាក់ចុះមកជាសារធាតុមេតានរាវ (Liquid Methane) ដែរ ប៉ុន្តែវាមើលទៅក៏ដូចជាវាលខ្សាច់នៅលើផែនដី ដោយមានភ្នំតូចៗ និងរណ្ដៅកើតមានចេញពីការប៉ះទង្គិចមួយផងដែរ…»៕
ប្រែសម្រួល៖ សេន ចាន់ប៉ូរ៉ុង (Cambo Space)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២)