(បរទេស)៖ យោងតាមលទ្ធផលសិក្សាថ្មីបានឲ្យដឹងថា អាចម៍ផ្កាយដែលបានបុកភពផែនដី កាលពីអំលុង ២ពាន់លានឆ្នាំមុននោះ មានទំហំធំជាងអាចម៍ផ្កាយ ឈីកសឹលឹប (Chicxulub) ដែលបានបុកភពផែនដី និងផ្តាច់ពូជសត្វដាយណូស័រកាលពី ៦៦លានឆ្នាំមុននោះទៅទៀត (Chicxulub មានមុខកាត់ខ្ទង់ ១០គីឡូម៉ែត្រ)។
ក្រុមអ្នកវិទ្យាសាស្ត្រពីមុនមិនបានគិតដល់ថា រណ្តៅអាចម៍ផ្កាយ វរ៉េដឺហ្វត (Vredefort crater) ដែលស្ថិតនៅប្រទេសអាហ្វ្រិកខាងត្បូងនោះ ត្រូវបានបង្កឡើងដោយអាចម៍ផ្កាយ ធំដល់ថ្នាក់នោះឡើយ, ប៉ុន្តែក្រោយការសិក្សាយ៉ាងលម្អិត ទើបក្រុមអ្នកវិទ្យាសាស្ត្រសម័យនេះ អាចធ្វើការសន្និដ្ឋានជាថ្មីថា Vredefort ដែលបច្ចុប្បន្នមានមុខកាត់ ១៥៩ គីឡូម៉ែត្រ មួយនេះ ត្រូវបានបង្កឡើងដោយអាចម៍មានទំហំធំជាង Chicxulub គុណនឹង ២ ឯណោះ។
រណ្តៅអាចម៍ផ្កាយ វរ៉េដឺហ្វត មានចម្ងាយ ១២០គីឡូម៉ែត្រពីភាគនិរតីរដ្ឋធានី ចូហាន់ណែសប៊ឺក (Johannesburg) ហើយជាមួយនឹងមុខកាត់ ១៥៩គីឡូម៉ែត្រនោះ បានធ្វើឲ្យ វរ៉េដេហ្វត ក្លាយជារណ្តៅអាចម៍ផ្កាយ ដែលអាចមើលឃើញច្បាស់ជាងគេ នៅលើភពផែនដី បើទោះបីជាវាមានអាយុកាល ២ពាន់លានឆ្នាំទៅហើយក្តី។
ដោយឡែកអាចម៍ផ្កាយ Chicxulub ដែលបានធ្លាក់លើភពផែនដី កាលពី ៦៦លានឆ្នាំមុនវិញនោះ គឺបានធ្វើឲ្យឧបទ្វីប យូកាតាន់ (Yucatan) នៃប្រទេសម៉ិចស៊ីកូ កើតមានរណ្តៅដែលមានអង្កត់ផ្ចិត ១៨០គីឡូម៉ែត្រ និងបិទបញ្ចប់សម័យកាល Cretaceous (សម័យកាលដាយណូស័រ) ជាស្ថាពរតែម្តង (សម័យកាលដាយណូស័រដើរដី មានអាយុកាលសរុប ១៦៥លានឆ្នាំ)។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រ រណ្តៅអាចម៍ផ្កាយ Vredefort ពីដំបូងឡើយអាចមានមុខកាត់ចាប់ពី ២៥០-២៨០គីឡូម៉ែត្រឯណោះ ប៉ុន្តែដោយសារតែពេលវេលារាប់ពាន់លានឆ្នាំកន្លងផុត បានធ្វើឲ្យវារួមមាឌ នៅតែខ្ទង់ ១៥៩គីឡូម៉ែត្របែបនេះ។ ហេតុដូច្នេះទើបក្រុមអ្នកវិទ្យាសាស្ត្របានសន្មត់ថា Vredefort ជារណ្តៅអាចម៍ផ្កាយធំជាងគេលើផែនដី បើទោះបីជាទំហំជាក់ស្តែងបច្ចុប្បន្ន វាតូចជាង Chicxulub ក៏ពិតមែន។
គួរបញ្ជាក់តាមលទ្ធផលសិក្សាចាស់ឲ្យដឹងថា Vredefort crater អាចមានទំហំដើមត្រឹមតែ ១៧២គីឡូម៉ែត្រប៉ុណ្ណោះនៃអង្កត់ផ្ចិត ហើយវាត្រូវបានបង្កឡើងដោយអាចម៍ផ្កាយ ដែលអាចមានអង្កត់ផ្ចិត ១៥ គីឡូម៉ែត្រ ដែលបានបុកចំភពផែនដីក្នុងល្បឿន ៥៣,៩០០ គីឡូម៉ែត្រ/ម៉ោង។ សម្រាប់លទ្ធផលសិក្សាថ្មីវិញគឺ Vredefort អាចមានមុខកាត់រហូតដល់ ២៨០ គីឡូម៉ែត្រ និងអាចត្រូវបានបង្កឡើងដោយ អាចម៍ផ្កាយមានមុខកាត់ចាប់ពី ២០-២៥ គីឡូម៉ែត្រឯណោះ ព្រមទាំងបានបុកភពផែនដីក្នុងល្បឿនចាប់ពី ៧២,០០០-៩០,០០០ គីឡូម៉ែត្រ/ម៉ោង។
យ៉ាងណាក៏ដោយ ដោយសារតែ Vredefort មានអាយុកាលដល់ទៅ ២ពាន់លានឆ្នាំ ដូច្នេះការសិក្សារកទំហំពិតប្រាកដរបស់វា នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ខ្លះ។ ដោយឡែកសម្រាប់សំនួរថា តើអាចម៍ផ្កាយ Vredefort មានជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍បាត់បង់ជីវិតទាំងស្រុងលើភពផែនដី» ដែលលទ្ធសិក្សាកាលពីឆ្នាំ ២០១៩ បានហៅថា «Great Oxidation Event» កាលពី ២ពាន់លានឆ្នាំមុន ឬយ៉ាងណានោះ ក៏មិនទាន់មានការបញ្ជាក់នោះដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២)