នេះជា «ផែនទីចក្រវាលថ្មី» មានផ្ទុកកាឡាក់ស៊ីរាប់ម៉ឺន ដែលបង្ហាញពីការពង្រីកខ្លួន…

(បរទេស)៖ ផ្ទៃមេឃពេលរាត្រីមើលទៅហាក់បីដូចជា កំពុងបោកបញ្ឆោតលោកអ្នកថា អ្វីៗគ្រប់យ៉ាងកំពុងស្ថិតនៅទ្រឹង ប៉ុន្តែតាមការពិត «ចក្រវាលទាំងមូលកំពុងពង្រីកខ្លួនឥតឈប់ឈរ» ដែលមានន័យថា អ្វីៗទាំងអស់នៅតែបន្តវិវឌ្ឍទៅមុខ ឥតឈប់ឈរឡើយ។ ឥឡូវនេះផែនទីថ្មី ដែលបង្ហាញពីកាឡាក់ស៊ីឆ្ងាយៗ ក្នុងចំនួនខ្ទង់រាប់ម៉ឺន កំពុងជួយអ្នកស្រាវជ្រាវគណនាអាយុ និងអត្រាពង្រីករបស់ចក្រវាល (Universe) ជាមួយនិងភាពជាក់លាក់ ដែលមិនធ្លាប់មានពីមុនមក និងកាន់តែគាំទ្របន្ថែមទៀត ចំពោះទ្រឹស្តីនៃការពង្រីកខ្លួនរបស់ចក្រវាល។

ផែនទី Cosmicflows-4 (Image credit: University of Hawaii)

ចក្រវាលមួយនេះត្រូវបានគេគណនាថា មានអាយុកាលប្រមាណ ១៣.៨ពាន់លានឆ្នាំ ប៉ុន្តែសម្រាប់ផ្កាយ មេស៊ូសេឡាហ៍ (Methuselah) ដែលហាក់ដូចជា ចាស់ជាងចក្រវាលទៀតនោះ បាននិងកំពុងចោទជាសំនួរអំពីការប៉ាន់ប្រមាណ អាយុពិតប្រាកដរបស់ចក្រវាលនេះ។ ដើម្បីគណនាអត្រាពង្រីកនៃចក្រវាល ក្រុមអ្នកវិទ្យាសាស្ត្រប្រើប្រាស់ឯកតារង្វាស់ ដែលគេស្គាល់ថា Hubble constant (ការគណនាលើភាពទាក់ទងគ្នារវាង ល្បឿននៃកាឡាក់ស៊ីឆ្ងាយៗ និងចម្ងាយរបស់កាឡាក់ស៊ីទាំងនោះ) ដែលត្រូវបានប៉ាន់ប្រមាណក្នុងរង្វង់ ៧៥ គីឡូម៉ែត្រក្នុងមួយវិនាទី សម្រាប់រៀងរាល់ ៣.២៦ លានឆ្នាំពន្លឺ ឬស្មើនឹង ១ megaparsec។ ប៉ុន្តែអត្រានៃការពង្រីកនោះ ក៏បង្ហាញពីភាពច្របូកច្របល់ផងដែរ ព្រោះតែវិធីសាស្រ្តផ្សេងៗក្នុងការគណនា ដែលផ្តល់តម្លៃខុសៗគ្នា។

ឥឡូវនេះ ជាមួយនិងផែនទីថ្មីដែលហៅថា Cosmicflows-4 ក្រុមអ្នកស្រាវជ្រាវកំពុងខិតកាន់តែជិតជាងពេលណាៗទាំងអស់ ដើម្បីបង្ហាញពីអាយុ និងទំហំនៃចក្រវាឡកាន់តែជាក់លាក់ ដោយគណនាតាមរូបមន្ត Hubble constant ខាងលើនេះ។ ក្រុមអ្នកស្រាវជ្រាវបានប្រើវិធីសាស្រ្តចំនួន នៃការវាស់វែងចម្ងាយកាឡាក់ស៊ីនានាពីផែនដី ដោយវិធីសាស្ត្រ ក្នុងចំណោមនោះ គឺជារបស់ពួកគេផ្ទាល់ ខណៈវិធីសាស្រ្តផ្សេងទៀត បានមកពីការសិក្សាពីមុនៗ។ តាមរយៈការប្រៀបធៀបវិធីសាស្រ្តផ្សេងគ្នាទាំងអស់នេះ ទើបអ្នកវិទ្យាសាស្ត្រអាចបង្កើត «ផែនទីចក្រវាល» ត្រឹមត្រូវជាងមុន។

Observable Universe ដែលមានអង្កត់ផ្ចិតជាង ៩៣ពាន់លានឆ្នាំពន្លឺ (រូបភាពពីបរទេស)

សម្រាប់ផែនទីថ្មីហៅថា Cosmicflows-4 មួយនេះ ក្រុមអ្នកស្រាវជ្រាវបានវាស់ចម្ងាយ និងល្បឿនរវាងកាឡាក់ស៊ីចំនួន ៥៦,០០០ នោះ នៅពេលដែលពួកវាផ្លាស់ទីទៅឆ្ងាយពីគ្នា។ ចម្ងាយ និងល្បឿននៃកាឡាក់ស៊ីទាំងនោះ (ដែលកាឡាក់ស៊ីនីមួយៗសុទ្ធតែមានផ្ទុក ផ្កាយរាប់រយពាន់លានដួង) អាចផ្តល់ការយល់ដឹងបន្ថែមដល់មនុស្សលោកយើង អំពីទំហំនៃចក្រវាល ហើយជួយឲ្យក្រុមវិទ្យាសាស្ត្រកំណត់កាលបរិច្ឆេទ នៃការកើតមានបន្ទុះ ប៊ីកប៊ែង (Big Bang) កាន់តែមានភាពច្បាស់លាស់ជាងមុនផងដែរ។

«តា​មរយៈការរួមបញ្ចូលគ្នា នូវឧបករណ៍ប្រកបដោយភាពជឿទុកចិត្ត និងសម្បូរបែបរបស់ក្រុមអ្នកវិទ្យាសាស្ត្រ ពួកគេអាចវាស់ចម្ងាយនៃកាឡាក់ស៊ី និងអត្រានៃការពង្រីករបស់់ចក្រវាល និងពេលវេលា ចាប់តាំងពីចក្រវាលមួយនេះ បានកើតមកជាមួយនឹងភាពជឿជាក់ជាងមុន ២-៣%», នេះបើតាមការពន្យល់ដោយលោក Brent Tully តារាវិទូនៅវិទ្យាស្ថានតារាសាស្ត្ររដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក (HIA) និងជាសហប្រធាននៃកម្មវិធីសិក្សាស្រាវជ្រាវ ដើម្បីបង្កើតចេញជាផែនទីថ្មីខាងលើនេះ។

តើ​អ្វី​មួយដែល​គ្មានដែន​កំណត់ ​អាច​ត្រូវ​បាន​គូស​វាសចេញជាផែនទី​ដោយ​របៀប​ណា? គ្មាននរណាម្នាក់ដឹងថា ចក្រវាលមួយនេះលាតសន្ធឹងទៅដល់ចម្ងាយប៉ុន្មាននោះទេ ប៉ុន្តែដើម្បីបង្កើតផែនទី Cosmicflows-4 (ជាផែនទីនៃជ្រុងតូចមួយរបស់ចក្រវាល) ក្រុមស្រាវជ្រាវបានកំណត់ចម្ងាយ និងល្បឿននៃកាឡាក់ស៊ីរាប់ពាន់ តាមវិធីសាស្ត្រចំនួន ផ្សេងៗពីគ្នា។ ពួកគេបានប្រើប្រាស់ទិន្នន័យ បានមកពីការសិក្សាផ្ទាល់របស់ពួកគេ និងទិន្នន័យផ្សេងៗទៀតផងដែរ ដោយភាគច្រើនបានមកពីការវាស់ស្ទង់ហៅថា «ALFALFA HI» ដោយប្រើប្រាស់តេឡេស្កូប Arecibo ដែលបច្ចុប្បន្នលែងដំណើរការទៅហើយ នៅលើកោះ Puerto Rico

បណ្តាញតេឡេស្កូប Arecibo (រូបភាពពីបរទេស)

កាឡាក់ស៊ីនានាតែងតែមានរង្វិល ហើយអត្រានៃរង្វិលរួមជាមួយនឹងពន្លឺ និងធាតុផ្សេងៗទៀត ដែលប្រៀបបីដូចជា «លេខបាកូដ»​ (barcode) នៃពន្លឺដែលអ្នកវិទ្យាសាស្ត្រហៅថា វិសាលគម (Spectra) នោះ អាចប្រាប់យើងឲ្យដឹងអំពីរយៈចម្ងាយ នៃកាឡាក់ស៊ីនីមួយៗបាន។ ក្រុមអ្នកស្រាវជ្រាវបានព្យាយាមជំរុញ លទ្ធភាពដែលអាចកើតមានកំហុសនោះ ឲ្យមកស្ថិតនៅកម្រិតទាបបំផុត តាមរយៈការបញ្ចូលវិធីសាស្ត្រនៃការវាស់វែង និងកំណត់រយៈចម្ងាយយ៉ាងច្បាស់លាស់ជាច្រើន ពីកាឡាក់ស៊ីផ្សេងៗគ្នា។

គួរបញ្ជាក់ថា វិសាលភាពនៃចក្រវាលនាពេលបច្ចុប្បន្ននេះ ដែលមនុស្សលោកអាចអង្កេតឃើញ (Observable Universe) នោះ គឺមានកាំ (Radius)ស្មើនឹងជាង ៤៦.៥ ពាន់លានឆ្នាំពន្លឺ ឬស្មើនឹងអង្កត់ផ្ចិត (Diameter) ជាង ៩៣ ពាន់លានឆ្នាំពន្លឺ។ នៅក្នុងរង្វង់ចក្រវាលដែលយើងអាចអង្កេតឃើញនេះ ក្រុមអ្នកវិទ្យាសាស្ត្របានគណនាថា ប្រហែលជាមានកាឡាក់ស៊ីសរុបទ្រីលាន ឬ ពាន់ពាន់លានកាឡាក់ស៊ីណោះ៕

ផែនទី Cosmicflows-4 (Image credit: University of Hawaii)

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២)

Comments (0)
Add Comment