អាចម៍ផ្កាយយក្សមួយបង្ហាញ «សញ្ញាចម្លែក», យានជប៉ុននឹងហោះទៅដល់វានៅឆ្នាំ២០២៨

(តូក្យូ)៖ អង្គការអវកាសជប៉ុន JAXA នឹងត្រៀមបាញ់បង្ហោះយាន ដេសស្ទីនី ផ្លឹស (DESTINY+) ទៅកាន់អាចម៍ផ្កាយមួយឈ្មោះ ហ្វេថុន (Phaethon) នៅក្នុងឆ្នាំ ២០២៤ ឆាប់ខាងមុខនេះ និងអាចទៅដល់នៅឆ្នាំ ២០២៨។ វាជាបេសកកម្មសិក្សាអំពី បុគ្គលិកលក្ខណៈនៃអាចម៍ផ្កាយនៅជិតៗផែនដីមួយនេះ ខណៈ Phaethon ត្រូវបានចាត់បញ្ចូលជាដុំថ្មអវកាសទី ១១ ដែលគេអង្កេតឃើញថា មានការប្រែប្រួលថេរវេលានៃរង្វិលខ្ញាល់របស់វា

បេសកកម្ម DESTINY+ នៅថ្ងៃអនាគត (រូបភាពពី JAXA)

បើតាមការអង្កេតជាបឋម ដោយតេឡេស្កូបលើភពផែនដី ក្រុមអ្នកវិទ្យាសាស្ត្របានសន្មត់ថា Phaethon ដែលមានអង្កត់ផ្ចិតរហូតដល់ទៅ ៥.៤ គីឡូម៉ែត្រនោះ បានកើនឡើងនូវល្បឿនរង្វិលខ្ញាល់ខុសប្រក្រតី ខណៈដំណើរគោចររបស់វាជុំវិញព្រះអាទិត្យ បានថយចុះប្រមាណ មីលីវិនាទីក្នុងមួយឆ្នាំទៅវិញ។ ទោះបីនេះជាអត្រាប្រែប្រួលទៀបបំផុតក្តី តែវាពិតជាកំពុងបង្កក្តីមន្ទិល សម្រាប់ក្រុមអ្នកស្រាវជ្រាវ។

ការអង្កេតអាចម៍ផ្កាយ Phaethon (Image credit: Arecibo/NASA/NSF)

ជុំវិញភាពចម្លែកខាងលើនេះ លោក សន ម៉ាសល (Sean Marshall) អ្នកវិទ្យាសាស្ត្រនៃមន្ទីរអង្កេតតារា អារ៉េស៊ីបូ (Arecibo) នៅលើកោះ ព័រតូរីកូ (Puerto Rico) នៃសហរដ្ឋអាមេរិក បានបង្កើតគំរូម៉ូដែលថ្មីមួយ តាមរយៈទិន្នន័យចាស់ៗចាប់ពីឆ្នាំ ១៩៨៩ ដល់ ២០២១ ទៅលើអាចម៍ផ្កាយយក្ស Phaethon សម្រាប់គាំទ្រដល់បេសកកម្ម DESTINY+ របស់ជប៉ុន និងអាល្លឺម៉ង់ នៅថ្ងៃអនាគត។

គន្លងគោចរនៃអាចម៍ផ្កាយ Phaethon (រូបភាពពីបរទេស)

ក្រោយការត្រួតពិនិត្យគំរូម៉ូដែលថ្មី និងធៀបជាមួយទិន្នន័យចាស់ៗនោះ គឺមិនស៊ីសង្វាក់គ្នានោះឡើយPhaethon បានប្រែប្រួលល្បឿនរង្វិលខ្ញាល់របស់វា។ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការសន្និដ្ឋាន នៅដំណាក់កាលបឋមថា វាជាអាចពាក់ព័ន្ធនឹងបុគ្គលិកលក្ខណៈរបស់ Phaethon ដែលស្រដៀងទៅនឹងពពួកផ្កាយដុះកន្ទុយ (Comet) ជាពិសេសនៅពេលវាចល័តទៅកៀកព្រះអាទិត្យ កាលពីខែ ធ្នូ ឆ្នាំ ២០២០។ ការគណនាថេរវេលានៃដំណើរគោចររបស់ Phaethon ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់បេសកកម្ម DESTINY+ ដែលនឹងទៅជួបអាចម៍ផ្កាយនោះនៅឆ្នាំ ២០២៨

រូបតំណាងនៃអាចម៍ផ្កាយ Phaethon (រូបភាពពីបរទេស)

គួរបញ្ជាក់ថា អាចម៍ផ្កាយ Phaethon ឬឈ្មោះពេញហៅថា 3200 Phaethon នឹងមិនបង្កការគំរាមកំហែង ដល់ភពផែនដីនោះឡើយ។ Phaethon បានគោចរមកកៀកភពផែនដី កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៧ ក្នុងរយៈចម្ងាយ ១០.៣ លានគីឡូម៉ែត្រ ហើយវានឹងមកកៀកម្តងទៀតនៅឆ្នាំ ២០៩៣។ យ៉ាងណាក៏ដោយ ពាក្យថា «អាចម៍ផ្កាយ» គឺមិនត្រូវបានចាត់ទុកថា មានភាពប្រក្រតីនោះឡើយ ខណៈការសិក្សាអំពីបុគ្គលិកលក្ខណៈរបស់ Phaethon ក៏នឹងមានប្រយោជន៍ដល់ការសិក្សាអំពីអាចម៍ផ្កាយផ្សេងៗទៀត ដែលអាចបង្កគ្រោះថ្នាក់ដល់ ភពផែនដីយើងផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២)

Comments (0)
Add Comment