«សូរ្យគ្រាសចុងក្រោយ» ប្រចាំឆ្នាំ២០២២ នឹងកើតឡើងនៅថ្ងៃទី២៥ ខែតុលា នេះ (កម្ពុជាអាចមើលការ Live)

(បរទេស)៖ ព្រឹត្តិការណ៍សូរ្យគ្រាសដោយផ្នែក ឬមិនពេញលេញ (Partial Solar Eclipse) ចុងក្រោយប្រចាំឆ្នាំ ២០២២ នឹងកើតឡើងនៅថ្ងៃអង្គារ ទី២៥ ខែតុលា ហើយតំបន់ចំនួន នឹងអាចមើលឃើញបាតុភូតនេះដោយផ្ទាល់ ខណៈតំបន់ផ្សេងៗទៀត គឺអាចមើលបានតាមរយៈការ Live

(រូបភាពពីបរទេស)

សូរ្យគ្រាសមិនពេញលេញនោះ នឹងចាប់ផ្តើមនៅវេលាម៉ោង ៣៖៥៨នាទីរសៀលថ្ងៃអង្គារ ទី២៥ ខែតុលា (ម៉ោងនៅភ្នំពេញ) និងបញ្ចប់ទៅវិញនៅវេលាម៉ោង ៨៖០១នាទីយប់ថ្ងៃដដែល (ម៉ោងនៅភ្នំពេញ)។ ប្រការនេះមានន័យថា នៅពាក់កណ្តាលនៃចន្លោះម៉ោង ៣៖៥៨នាទី – ៨៖០១នាទីនោះ (ម៉ោង ៥៖៥៩នាទីល្ងាច) ជាពេលដែល Partial Solar Eclipse ខាងលើនេះ ឈានដល់កម្រិតកំពូល ៨២% (ចំលើតំបន់ក្បែរប៉ូលខាងជើង)។

បណ្តាញតេឡេស្កូបអ៊ីតាលី «Virtual Telescope Project 2.0» នឹង Live ផ្ទាល់ ព្រឹត្តិការណ៍ខាងលើនេះ ហើយលោកអ្នកអាចរង់ចាំទស្សនាដោយរីករាយ នៅតាមលំនៅឋានបាន ខណៈវែបសាយ Time and Date វិញ ក៏នឹងធ្វើការផ្សាយបន្តផ្ទាល់ទៅកាន់ Channel យូធូបរបស់ខ្លួនផងដែរ ចាប់ពីរសៀលថ្ងៃអង្គារ ទី២៥ ខែតុលានោះតទៅ។

(រូបភាពពីបរទេស)

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Partial Solar Eclipse ខាងលើនេះ នឹងកើតឡើងទៅលើតំបន់ចំនួន ដូចជា ផ្នែកខ្លះនៃទ្វីបអឺរ៉ុប, អាស៊ីខាងលិច និង ភាគឦសានទ្វីបអាហ្វ្រិក (អាចស្វែងយល់ទីតាំង តាមរយៈផែនដីខាងក្រោម)។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង ដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍នោះ នឹងមិនអាចមើលឃើញដោយផ្ទាល់ឡើយ តែអាចទស្សនាការ Live បាន។

(រូបភាពពី Date and Time)

នៅក្នុងថ្ងៃទី២៥ ខែតុលានោះ ផ្នែកខ្លះនៃប្រទេសរុស្ស៊ីនឹងអាចមើលឃើញ ៨០%, ផ្នែកខ្លះនៃប្រទេសចិន ៧០%, ផ្នែកខ្លះនៃប្រទេសន័រវែស ៦៣% និងផ្នែកខ្លះប្រទេសហ្វាំងឡង់ ៦២%។ នឹងគ្មានកន្លែងណាមួយលើផែនដី អាចមើលឃើញសូរ្យគ្រាស ១០០% ទេ ព្រោះនៅថ្ងៃនោះ ព្រះអាទិត្យ ព្រះចន្ទ និងភពផែនដី មិនស្ថិតលើខ្សែបន្ទាត់ត្រង់ដ៏ល្អបំផុតឡើយ៕

តំបន់មានសញ្ញាព្រួយចង្អុលទៅចំ នៅលើទឹកដីរុស្ស៊ីនោះ គឺជាកន្លែងដែលអាចមើលឃើញសូរ្យគ្រាស ៨២%

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២)

Comments (0)
Add Comment