HOT NEWS: នេះជារូបភាពដ៏អស្ចារ្យនៃ Pillars of Creation ថតដោយ James Webb

(បរទេស)៖ តេឡេស្កូបអវកាស James Webb ដែលកំពុងគ្រប់គ្រងដោយអង្គការ NASA ESA និង CSA នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ នេះ បានបញ្ចេញរូបភាពដ៏ថ្មីសន្លាងមួយសន្លឹក នៃបណ្តុំពពកធូលីអវកាសដ៏ធំមហាសាល និងល្បីល្បាញជាយូរយាណាស់មកហើយ មានឈ្មោះថា «The Pillars of Creation»«សសរស្តម្ភទាំង ៣ នៃការបង្កើត»

រូបថ្មីរបស់ Pillars of Creation ថតដោយ James Webb របស់ NASA ESAនិង CSA

រូបភាពថ្មីនេះត្រូវបានផ្តិតយកដោយ ឧបករណ៍ផ្តិតយកពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam) ដែលភ្នែកមនុស្ស ឬតេឡេស្កូបផ្តិតយកទិដ្ឋភាពទូទៅ មិនអាចមើលឃើញ។ តេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA ក៏ធ្លាប់បានផ្តិតរូបភាពរបស់ The Pillars of Creation នោះផងដែរជាលក្ខណៈ visible light កាលពីឆ្នាំ ១៩៩៥ និង ២០១៤ខាងក្រោមនេះគឺជាការប្រៀបធៀបរវាងរូបថ្មី និងរូបចាស់៖

Pillars of Creation ថតដោយ Hubble (ឆ្វេង) និង James Webb (ស្តាំ)

គួរបញ្ជាក់ថា តួខ្លួនរបស់ The Pillars of Creation មានប្រវែង ៥ ឆ្នាំពន្លឺ និងស្ថិតនៅចម្ងាយចាប់ពី ៦,៥០០ – ៧,០០០ ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ Pillars of Creation ស្ថិតនៅក្នុងបណ្តុំពពកធូលី-ឧស្ម័ន (នីប៊ុយឡា) មានឈ្មោះថា ឥន្ទ្រី (Eagle Nebula) ដែលជាតំបន់បង្កើតផ្កាយដ៏កកកុញបំផុតមួយ នៅក្នុងកាឡាក់ស៊ី Milky Way នេះ។

ហេតុអ្វីរូបភាព The Pillars of Creation ថតដោយ James Webb ពិសេសខ្លាំងម្ល៉េះ? តាមរយៈសមត្ថភាពនៃឧបករណ៍ចាប់យកពន្លឺក្រហមអាំងហ្វ្រា (Infared Light) របស់ James Webb បានធ្វើឲ្យតេឡេស្កូបអវកាសមួយនេះចាប់បាន តំបន់កកើតផ្កាយដ៏កញ្ជ្រោល នៅក្នុងផ្នែកមួយចំនួននៃបណ្តុំពពកធូលីដ៏ល្បីល្បាញឈ្មោះ «The Pillars of Creation» ឬ «សសរស្តម្ភទាំង ៣ នៃការបង្កើត»។

(រូបភាពពី NASA ESA CSA)

មិនត្រឹមតែប៉ុណ្ណោះ ភាពលម្អិតនៃរូបភាពគុណភាពខ្ពស់របស់ James Webb នោះ ក៏អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រពង្រីក (Zoom) មើលតំបន់ទាំងអស់នោះ បានកាន់តែលម្អិតផងដែរ ដើម្បីធ្វើការសិក្សាឲ្យកាន់តែច្បាស់ អំពីបុគ្គលិកលក្ខណៈ នៃតំបន់ដែលកំពុងមានផ្កាយថ្មីៗកកើត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA ESA CSA (ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២)

Comments (0)
Add Comment