(ម៉ុមបៃ)៖ កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០០៨ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានចាប់ផ្តើមបេសកកម្មដំបូងរបស់ខ្លួន ទៅកាន់ឋានព្រះចន្ទ។ បេសកកម្មនេះមានឈ្មោះថា ចន្ទ្រាយានទី ១ (Chandrayaan-1) ហើយបេសកកម្មនេះទៀតសោត គឺក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌា បានរៀបចំគន្លងធ្វើដំណើរយ៉ាងជាក់លាក់ផងដែរ។
យាន Chandrayaan-1 ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan ដោយពឹងផ្អែកទាំងស្រុងទៅលើរ៉ុក្កែតឥណ្ឌាផ្ទាល់ ដែលមានឈ្មោះថា Polar Satellite Launch Vehicle ឬ PSLV-XL។ យានអាវកាសនេះផ្ទាល់ បានហោះក្នុងគន្លងគោចរជុំវិញព្រះចន្ទ ក្នុងរយៈពេលប្រមាណបីសប្តាហ៍ ហើយបន្ទាប់ពីការបិទបញ្ចប់បេសកកម្ម ក្រុមអ្នកវិទ្យាសាស្ត្របានសម្រេចចិត្ត ទម្លាក់ផ្នែកមួយចេញ នោះគឺយាន Moon Impact Probe ចោលទៅលើផ្ទៃឋានព្រះចន្ទ នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០០៨។
សម្រាប់យានអវកាស Chandrayaan-1 ដែលនៅសេសសល់ បានបន្តរក្សាវត្តមានក្នុងគន្លងគោចរ ដោយវាបានប្រមូល និងបញ្ជូនទិន្នន័យពីព្រះចន្ទមកកាន់ផែនដីអស់រយៈពេលប្រហែលមួយឆ្នាំ។ បេសកកម្មនេះបានបញ្ចប់ភ្លាមៗ នៅមុនកាលបរិច្ឆេទបញ្ចប់ដែលបានគ្រោងទុក ដោយសារតែក្រុមអ្នកវិទ្យាសាស្ត្រ បានបាត់បង់ការទាក់ទងជាមួយ Chandrayaan-1 នោះ។
យាន Chandrayaan-1 បានបំពេញកិច្ចការងារយ៉ាងច្រើន និង មានសមត្ថភាពដ៏ពូកែ ក្នុងការចាប់ផ្តើមបេសកកម្មទៅកាន់ឋានព្រះចន្ទ។ យាននេះក៏បានផ្តល់លទ្ធផលវិទ្យាសាស្ត្រ ដ៏អស្ចារ្យមួយចំនួនផងដែរ ដូចជាភស្តុតាងនៃសារធាតុទឹក និងទឹកកក នៅលើផ្ទៃរបស់ឋានព្រះចន្ទជាដើម៕
ប្រែសម្រួល៖ សេន ចាន់ប៉ូរ៉ុង (Cambo Space)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២)