តើអ្នកខ្លាចភាពងងឹតដែរឬទេ? នេះជាភពដែលត្រូវបានរកឃើញយូរមកហើយ, វាងងឹតខ្លាំងណាស់…

(បរទេស)៖ ស្វាគមន៍មកកាន់ភព TrEs-2b ដែលក្រុមតារាវិទូអន្តរជាតិបានវែករកឃើញវត្តមានរបស់វា កំពុងគោចរជុំវិញផ្កាយមួយដួង ខណៈខ្លួនរបស់ភពមួយនេះ គ្របដណ្តប់ដោយសារធាតុដែលមិនសូវមានចំណាំងពន្លឺឡើយ ឬអាចមានចំណាំងពន្លឺខ្សោយជាង ធ្យូងថ្ម (coal) ទៅទៀត (វាអាចបង្កើតចំណាំងផ្លាតពន្លឺមិនដល់ ១% ផង ពីពន្លឺដែលវាទទួលបាន)។

ភព TrEs-2b (រូបភាពពី NASA)

ភព TrEs-2b គោចរជុំវិញផ្កាយ GSC 03549-02811 ដែលមានចម្ងាយ ៧០២ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ខណៈការរកឃើញដំបូងកាលពីឆ្នាំ ២០០៦ និងការកំណត់វត្តមានជាផ្លូវការនៅឆ្នាំ ២០១១ បានកំណត់ថា វាមានចម្ងាយរហូតដល់ទៅជាង ៧៥០ឆ្នាំពន្លឺឯណោះ (ភាពលម្អៀងនៃរូបមន្តគណនាចម្ងាយក្នុងទីអវកាស)។

បើតាមក្រុមអ្នកជំនាញភពសាស្ត្ររបស់ NASA ពន្លឺពណ៌ក្រហមក្រមៅ ដែលចេញពីខ្លួនភព TrEs-2b នោះ ទំនងជាបង្កឡើងបរិយាកាស ដ៏ក្តៅគគុករបស់ភពនោះឯង ហើយខ្យល់នៅលើភពនោះ ក៏មានកម្តៅក្តៅដូចជា កម្អែលភ្នំភ្លើងផងដែរ ហេតុដូច្នេះទើបវាក្លាយជាភពដែលងងឹតបំផុត មិនធ្លាប់ត្រូវបានជួបប្រទះ។

ភព TrEs-2b (រូបភាពពី NASA)

គួរបញ្ជាក់ថា TrEs-2b គោចរកៀកនឹងផ្កាយមេរបស់វាខ្លាំង ដោយមួយឆ្នាំរបស់វាស្មើតែ ៥៩ម៉ោងប៉ុណ្ណោះ នៃពេលវេលាលើភពផែនដី ហើយបើតាមបុគ្គលិកលក្ខណៈ និងកាំរបស់វាដែលមានប្រវែងជាង ៩០,០០០គីឡូម៉ែត្រនោះ យើងអាចចាត់ទុកវាចូលក្នុងជំពូកភព Hot-Jupiter បាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២)

Comments (0)
Add Comment