NASA ថតបានរណ្តៅស្រស់ៗលើភពអង្គារ បង្កឡើងដោយដុំថ្មអវកាស, អ្នកវិទ្យាសាស្ត្ររំភើបខ្លាំង…

(បរទេស)៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ យានស្រាវជ្រាវភពអង្គារ InSight របស់អង្គការ NASA បានចាប់បានរលកសញ្ញាមួយ ដែលកាលណោះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យថាជា ដុំថ្មអវកាស (meteroid) មានទំហំធំល្មមមួយធ្លាក់លើផ្ទៃភពក្រហមនោះ ហើយក្រោយមកទៀតទើបផ្កាយរណប NASA បានព្យាយាមអង្កេតរកមើលវា ពីលើគន្លងគោចរជុំវិញភពក្រហមនោះ។

យាន InSight (រូបភាពពី NASA)

ទីបំផុតនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ទីភ្នាក់ងារអង្គការ NASA បានចេញមុខអះអាងថា វាពិតជា «រណ្តៅទើបកកើតឡើងស្រស់ៗ» ប្រាកដមែន ដោយផ្កាយរណបនៅជុំវិញភពអង្គារ មិនធ្លាប់បានជួបប្រទះនោះឡើយ។ នេះបើតាមការគូសបញ្ជាក់ពីលោក Ingrid Daubar អ្នកដឹកនាំក្រុមជំនាញអង្កេតភព នៅឯសាកលវិទ្យាល័យ Brown សហរដ្ឋអាមេរិក ដែលមានតួនាទីវិភាគទិន្នន័យរបស់ InSight ទទួលបានពីភពព្រះអង្គារ។

រណ្តៅមុខកាត់ ១៥០ម៉ែត្រ បង្កឡើងដោយដុំថ្មអវកាសធ្លាក់ចំផ្ទៃភពអង្គារ (រូបភាពពី NASA)

បើតាមលោក Daubar បានលើកឡើងថា «យើងអាចមានវាសនាមើលឃើញ រណ្តៅកើតចេញពីការធ្លាក់នៃដុំថ្មអវកាសបែបនេះ តែក្នុងអំលុងពេល ២ ទៅ ៣ ទសវត្សរ៍ម្តងប៉ុណ្ណោះ។ ហេតុដូច្នេះវាគឺជាព្រឹត្តិការណ៍ ដ៏គួរឲ្យរំភើបបំផុតមួយ ហើយក៏ជាសំណាងផងដែរ ដែលវាបានកើតឡើងចំពេលយាន InSight នៅអាចដំណើរការលើភពអង្គារ និងថតបានទិន្នន័យនៃការញ័ររញ្ជួយនោះ… វាពិតជាកាដូផ្នែកវិទ្យាសាស្ត្រពិតៗ»

សម្រាប់រណ្តៅដី (impact crater) ដែលទើបកកើតឡើងថ្មីៗ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នោះមុខកាត់ចាប់ពី ១៣០ – ១៥០ ម៉ែត្រឯណោះ ហើយក៏បានកើតមានការញ័ររញ្ជួយដីកម្រិត ៤.០រ៉ិចទ័រផងដែរ។ សម្រាប់កម្ទេចកម្ទី បង្កឡើងដោយដុំថ្មអវកាសវិញនោះ បានធ្លាក់រាយប៉ាយក្នុងរង្វង់ ៣០គីឡូម៉ែត្រឯណោះ ស្ថិតនៅក្បែរខ្សែអេក្វាទ័រភពអង្គារ។

មុនធ្លាក់ (រូបឆ្វេង) និងក្រោយធ្លាក់ (រូបស្តាំ) (រូបភាពពី NASA)

រូបភាពនៃរណ្តៅខាងលើនេះ ត្រូវថតដោយកាមេរ៉ា Context របស់ផ្កាយរណប MRO នៃអង្គការ NASA។ ក្រុមជំនាញអង្គការ NASA ក៏បានធ្វើការប្រៀបធៀបតំបន់ដដែល នៅមុន និងក្រោយពេលអាចម៍ផ្កាយធ្លាក់ចំផងដែរ ខណៈទំហំមុខកាត់របស់អាចម៍ផ្កាយនោះ អាចស្ថិតក្នុងចន្លោះពី ៥ – ១២ ម៉ែត្រ។

ផ្កាយរណប MRO នៅភពអង្គារ (រូបភាពពី NASA)

គួរបញ្ជាក់ថា បញ្ហាអាចម៍ផ្កាយនេះក៏ស្ថិតនៅក្នុងប្រធានបទ ដ៏គ្រោះថ្នាក់បំផុតមួយផងដែរ សម្រាប់អនាគតមនុស្ស ដែលចង់ទៅសាកល្បងរស់នៅ លើភពព្រះអង្គារនោះ។ ភពអង្គារមានបរិយាកាសស្តើង និងកម្លាំងម៉ាញេទិចខ្សោយ ដែលមិនមានសមត្ថភាពអាចទប់ទល់នឹង អាចម៍ផ្កាយ ឬសូម្បីដុំថ្មអវកាសទំហំតូចៗ ដូចជាភពផែនដីបាននោះឡើយ។ ម្យ៉ាងវិញទៀត ភពផែនដីគ្របដណ្តប់ដោយសមុទ្រជាង ៧០% ដែលតែងតែស្វាគមន៍អាចម៍ផ្កាយតូចៗ និងដុំថ្មអវកាសជាប្រចាំ ដោយមិនចេះនឿយហត់៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២)

Comments (0)
Add Comment