(អាមេរិក)៖ អាចម៍ផ្កាយមានទំហំធំល្មមមួយ ដែលក្រុមតារាវិទូទើបបានប្រទះឃើញថ្មីៗនេះ គឺស្ទើរតែមានទំហំប៉ុនអគារខ្ពស់ៗបំផុត របស់ពិភពលោកទៅហើយ ដោយត្រូវបានកំណត់ថា នឹងមិនធ្លាក់មកលើផែនដីក្នុងឱកាសនៃបុណ្យ Halloween ដែលប្រពៃណីរបស់បណ្តាប្រទេសលោកខាងលិចនោះ។ នេះបើយោងតាមរបាយការណ៍ថ្មី ពីអង្គការអវកាស NASA នៃសហរដ្ឋអាមេរិក។
អាចម៍ផ្កាយដែលក្រុមអ្នកតាមដានវត្ថុអវកាសកៀកៗផែនដីរកឃើញនេះ ត្រូវបានដាក់ឈ្មោះថា «2022 RM4» ដែលមានអង្កត់ផ្ចិតប៉ាន់ស្មានចន្លោះពី ៣៣០ម៉ែត្រ ទៅ ៧៤០ម៉ែត្រ ឬជិតស្មើនឹងប្រវែង ៨២៨ម៉ែត្រ នៃអគារ Burj Khalifa នៅទីក្រុងឌូបៃ ដែលជាអគារខ្ពស់បំផុតនៅលើពិភពលោកនោះទៅហើយ។ វានឹងហោះឆ្លងកាត់ភពផែនដីរបស់យើង ក្នុងល្បឿនប្រមាណ ៨៤,៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង ឬប្រហែល ៦៨ដង នៃល្បឿនសំឡេង។
អាចម៍ផ្កាយនេះទៀតសោត នឹងគោចរមកជិតភពផែនដីបំផុតនៅចំថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ជាមួយនឹងគម្លាត ២.៣ លានគីឡូម៉ែត្រពីភពផែនដី ឬប្រហែលប្រាំមួយដង នៃចម្ងាយជាមធ្យមរវាងផែនដី និងព្រះចន្ទ។
គួរបញ្ជាក់ថា គិតត្រឹមបច្ចុប្បន្ននេះ NASA បាននិងកំពុងតាមដានទីតាំង និងគន្លងនៃអាចម៍ផ្កាយចំនួនប្រមាណជាង ២៨,០០០ដុំ ដោយកំណត់បុគ្គលិកលក្ខណៈ នៃអាចម៍ផ្កាយនីមួយៗជាមួយនឹងបច្ចេកវិទ្យា Asteroid Terrestrial-impact Last Alert System ឬ (ATLAS) ដែលជាការចាប់យកសញ្ញា Array (អរេ) តាមរយៈតេឡេស្កូបធំៗចំនួន ៤ លើផែនដី ដែលមានសមត្ថភាពខ្លាំង អាចធ្វើការស្គែនផ្ទៃមេឃរាល់យប់យ៉ាងជាក់លាក់ នៅរៀងរាល់ ២៤ម៉ោងម្តង។
ចាប់តាំងពី ATLAS ត្រូវបានដំណើរការក្នុងឆ្នាំ ២០១៧ មក ក្រុមអ្នកស្រាវជ្រាវកំទេចថ្មអវកាស បានប្រទះឃើញអាចម៍ផ្កាយ (Asteroid) នៅកៀកនឹងភពផែនដី ចំនួនប្រមាណជាង ៧០០ដុំ និងផ្កាយដុះកន្ទុយ (Comet) ចំនួនប្រមាណ ៦៦ខ្សែ។ ហើយអតីតអាចម៍ផ្កាយចំនួនពីរ ដែលត្រូវបានរកឃើញដោយ ATLAS នោះគឺ 2019 MO និង 2018 LA ពិតជាបានធ្លាក់មកលើផែនដីយ៉ាងពិតប្រាកដ ដែលជាអតីតនៃការផ្ទុះនៅលើ តំបន់ឆ្នេរសមុទ្រភាគខាងត្បូង នៃដែនកោះ Puerto Rico (ព័រតូរីកូ) នៃសហរដ្ឋអាមេរិក និងការធ្លាក់ចុងក្រោយនៅជិតព្រំដែននៃប្រទេស Botswana (បុតស្វេណា) នៅតំបន់អាហ្វ្រិកខាងត្បូង។ តែជាសំណាងល្អ ព្រឹត្តិការណ៏ដ៏គួរឲ្យតក់ស្លុតទាំងពីរនេះ មិនមានបង្ករការខូចខាតអ្វីធំដុំឡើយ។
អ្វីដែលគួរឲ្យកក់ក្តៅបំផុតនោះ ក្រុមអ្នកជំនាញអង្គការ NASA បានប៉ាន់ប្រមាណថា ផែនដីនឹងមិនប្រឈមមុខគ្រោះថ្នាក់ ដែលបង្កឡើងដោយអាចម៍ផ្កាយឡើយ យ៉ាងហោចណាស់ក៏ក្នុងអំលុងពេលជាង ១០០ឆ្នាំទៅមុខដែរ, ដោយយោងលើទិន្នន័យ និងការវិភាគរបស់កម្មវិធី ATLAS នោះ៕
ប្រែសម្រួល៖ សេន ចាន់ប៉ូរ៉ុង (Cambo Space)
ប្រភព៖ Live Science (ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២)