(បរទេស)៖ កាលពីអំលុងខែមេសា ឆ្នាំ២០២១ ប្រហោងខ្មៅ (Black Hole) ដែលស្ថិតនៅកៀកនឹងភពផែនដីជាងគេ យ៉ាងពិតប្រាកដមួយត្រូវបានរកឃើញហើយ បន្ទាប់ពីប្រហោងខ្មៅកៀកភពផែនដីជាងគេ (ចម្ងាយ ១,០០០ឆ្នាំពន្លឺ) ដែលត្រូវបានរកឃើញកាលពីឆ្នាំ ២០២០ នោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ត្រឹមតែជាការភាន់ច្រលំតែប៉ុណ្ណោះ។
Black Hole ខាងលើនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រផ្តល់រហស្សនាមឲ្យថា «The Unicorn» ហើយការដាក់ឈ្មោះបែបនេះ ក៏បង្កប់អត្ថន័យរហូតដល់ទៅ ២ ផងដែរនោះគឺ ទី ១ ដោយសារតែ Black Hole នេះ ស្ថិតនៅក្នុងតារានិករ (កញ្ចុំផ្កាយ) មួយមានឈ្មោះថា Monoceros (the unicorn) និងទី ២ ដោយសារតែវាមានទំហំតូចខ្លាំងពេក នោះគឺមានម៉ាសស្មើតែជាង ៣ដងប៉ុណ្ណោះ នៃម៉ាសរបស់ព្រះអាទិត្យយើង ដែលជារឿងមិនធ្លាប់មានពីមុនមក។ ទោះជាយ៉ាងណា ការសិក្សាបន្ថែមនៅក្នុងឆ្នាំ ២០២២ នេះបានបង្ហាញមន្ទិលជាថ្មី និងអះអាងថា The Unicorn នេះទំនងមិនមែនជា Black Hole ឡើយ, តែអាចជាដៃគូរបស់ប្រព័ន្ធផ្កាយភ្លោះ (binary star system) វិញ។
កាលពីខែមេសា ឆ្នាំ ២០២១ អ្នកដឹកនាំមួយរូប នៃក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យរដ្ឋ Ohio សហរដ្ឋអាមេរិក ដែលបានរកឃើញ Black Hole ខាងលើនេះ គឺលោក Tharindu Jayasinghe បានអះអាងថា The Unicorn មានចម្ងាយ ១,៥០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយការដាក់ឈ្មោះវាបែបនេះ ក៏ព្រោះតែប្រព័ន្ធនោះពិសេស និងចម្លែក ដែលស័ក្តិសមនឹងឈ្មោះ The Unicorn។
* ហេតុអ្វីក៏ប្រហោងខ្មៅ The Unicorn មួយនោះ ពិសេសខ្លាំងម្ល៉េះ?
បើតាមលោក Tharindu Jayasinghe ប្រហោងខ្មៅស្ថិតនៅកៀកនឹងផែនដី ជាងគេមួយនេះមានដៃគូមួយទៀតគឺ ផ្កាយក្រហមយក្សមួយដួង (Red Giant Star) ឈ្មោះ «V723 Monocerotis» ដែលជិតឈានដល់ទីបញ្ចប់នៃជីវិតរបស់វាទៅហើយ ខណៈព្រះអាទិត្យយើងវិញ គឺនៅសល់ពេលប្រមាណ ៥ពាន់លានឆ្នាំទៀត ទើបអាចក្លាយជា Red Giant Star។ រាប់ឆ្នាំមកនេះ អង្គការ NASA បានធ្វើការអង្កេតភាពចម្លែក នៃផ្កាយ Red Giant Star ខាងលើនេះ ដោយប្រើប្រាស់តេឡេស្កូប ASAS នៅលើដី និងតេឡេស្កូបអវកាស TESS។
តាមរយៈសំណុំទិន្នន័យដ៏ច្រើនសម្បើម បានមកពីតេឡេស្កូបខាងលើនេះ លោក Tharindu Jayasinghe និងសមាជិកក្រុមបានអង្កេតឃើញថា ពន្លឺនៃផ្កាយ Red Giant Star ខាងលើនេះតែងតែប្រែប្រួល ទៅតាមពេលវេលាជាក់លាក់ ដែលប្រការនេះបានបញ្ជាក់ថា មានវត្ថុមួយផ្សេងទៀតជាអ្នកនៅបិទបាំង ដែលនាំផ្កាយយក្សក្រហមនោះប្រែប្រួលរូបរាង។ ក្រោយមកទៀត ទើបពួកគេអាចកំណត់បានយ៉ាងច្បាស់ថា វាពិត Black Hole តូចមួយមែន ដែលមានម៉ាសធំជាងម៉ាសព្រះអាទិត្យយើងជាង ៣ ដង (ជាការប្រៀបធៀប, ប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) នៅកណ្តាលកាឡាក់ស៊ី Milky Way យើងនេះ មានម៉ាសធំជាងម៉ាសព្រះអាទិត្យ ៤.៣លានដង)។
ទោះជាបែបនេះក្តី The Unicorn ថ្មីមួយនេះ ត្រឹមស្ថិតក្នុងបេក្ខភាព Black Hole ដែលស្ថិតនៅកៀកផែនដីជាងគេ ក្នុងចំណោម Black Hole ផ្សេងៗទៀត ដែលត្រូវបានកំណត់អត្តសញ្ញាណរួចមកហើយប៉ុណ្ណោះ (ប្រសិនបើវាជា Black Hole ដូចការអះអាងមែន) ខណៈចលនាគួរឲ្យសង្ស័យបែបនេះនៅមានច្រើនទៀត រង់ចាំក្រុមតារាវិទូសិក្សា និងកំណត់រកវត្តមាន។ ទោះបីមានឈ្មោះជា ប្រហោងខ្មៅកៀកនឹងផែនដីជាងគេក៏ពិតមែន តែរយៈចម្ងាយរហូតដល់ទៅ ១,៥០០ឆ្នាំពន្លឺបែបនេះ គឺគ្មានអ្វីដែលអាចបង្កក្តីព្រួយបារម្ភ ចំពោះភពផែនដី និងប្រព័ន្ធព្រះអាទិត្យយើងនោះឡើយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២)