អណ្តូងរ៉ែបោះបង់ចោលនៅអេស្ប៉ាញ មានលាក់គ្រីស្តាល់ ដ៏អច្ឆរិយៈ… (យល់ដឹង)

(អេស្ប៉ាញ)៖ នៅក្នុងអណ្តូងរ៉ែប្រាក់ដែលគេបានបោះបង់ចោល ស្ថិតក្នុងទីក្រុង ពុលពី (Pulpí) នៃខេត្ត អាល់មែរា (Almería) ភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញ គឺជាកំណប់ទ្រព្យមួយប្រភេទ ដែលមិនមែនជាសារធាតុលោហៈនោះឡើយ តែផ្ទុយទៅវិញ, អ្វីដែលបានលាក់កំបាំងនៅទីនោះ គឺជាទីតាំងដ៏ធំបំផុតរបស់ពិភពលោក ដែលលាក់បំពួនដុំគ្រីស្តាល់ធម្មជាតិពណ៌ស ដែលបានធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ត្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រុមអ្នកស្រាវជ្រាវនៅអេស្ប៉ាញបានពន្យល់ថា បណ្តុំគ្រីស្តាល់ខាងលើនេះ មានវត្តមាននៅក្នុងផ្ទាំងថ្មធំមួយ ដែលជាពាក្យបច្ចេកទេសនោះហៅថា ថ្លុក ឬរន្ធនៅក្នុងដុំថ្មដែលមានបង្កប់គ្រីស្តាល់ ឬរ៉ែផ្សេងៗ (Geode)។ ហេតុដូច្នេះ វាត្រូវបានគេដាក់ឈ្មោះថា ថ្លុកគ្រីស្តាល់ ពុលពី (Pulpí Geode) ដែលមានអង្កត់ផ្ចិត ៨ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ ព្រមទាំងមានជម្រៅ ២ម៉ែត្រទៅក្នុងថ្ម។

Pulpi Geode នៅអេស្ប៉ាញ Pulpi

អ្នកស្រាវជ្រាវភូមិសាស្ត្រមួយរូប នៅអេស្ប៉ាញឈ្មោះ Mila Carretero បានអះអាងថា «នេះគឺជាការរកឃើញដ៏ធំបំផុត ដែលមិនធ្លាប់មានពីមុនមក។ យើងមិនគួរយល់ច្រលំ បណ្តុំគ្រីស្តាល់ Pulpí ទៅនឹងសសរគ្រីស្តាល់ដ៏អស្ចារ្យមួយទៀត នៅតំបន់ Naica ក្នុងប្រទេសម៉ិកស៊ិកនោះទេ ព្រោះសសរគ្រីស្តាល់នៅ Naica មានប្រវែងរហូតដល់ទៅ ១៥ម៉ែត្រ បើធៀបនឹងគ្រីស្តាល់កម្ពស់តែ ២ ម៉ែត្ររបស់ Pulpí, ប៉ុន្តែស្ថានភាពភូមិសាស្ត្រ គឺខុសគ្នា ដោយ Pulpi គឺជារន្ធនៅក្នុងថ្ម ដែលពោរពេញដោយគ្រីស្តាល់ ហើយសសរគ្រីស្តាល់នៅ Naica បានរីកលូតលាស់ក្នុងរូងភ្នំ ដែលធំល្វឹងល្វើយ»

គ្រីស្តាល់ Geode នៅក្នុងថ្ម (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ទីតាំងភូមិសាស្ត្រនៅក្នុងប្រទេសអេស្ប៉ាញខាងលើនេះ ត្រូវបានប្រទះឃើញដោយអ្នករុករករ៉ែ ដែលស្ថិតនៅតំបន់ មីណា រីកា (Mina Rica)។ វាជាអណ្តូងរ៉ែប្រាក់ដែលបានដំណើរការពីឆ្នាំ ១៨៧៣ ដល់ឆ្នាំ ១៩៦៩។ ប៉ុន្តែនៅក្រោយឆ្នាំ ១៩៩៩ ក្រុមអ្នកស្រាវជ្រាវបានរកឃើញវាម្តងទៀត ហើយបានបង្ហាញវាទៅដល់ពិភពលោក នោះគឺបណ្តុំគ្រីស្តាប់បង្កប់ក្នុងដុំថ្ម ដែលពិតជាស្រស់ស្អាតគ្មានអ្វីប្រៀបផ្ទឹមបាន និងបង្ហាញអំពីអច្ឆរិយៈភាព នៃធម្មជាតិលើភពផែនដីយើងផងដែរ។

ទីតាំងរបស់គ្រីស្តាល់នៅអេស្ប៉ាញ (រូបភាពពីបរទេស)

ជុំវិញវត្តមានគ្រីស្តាល់នេះ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា សារធាតុ អ៊ីនហៃឌ្រីត (Anhydrite ជាសារធាតុរ៉ែពណ៌សផ្ទុក កាល់ស្យូម ស៊ុលផាត (calcium sulfate) ស្ងួត) នៅក្នុងដុំគ្រីស្តាល់ Pulpí គឺមានវត្តមាននៅទីនោះ តាំងពីមុនសម័យដាយណូស័រប្រហែល ២៥០ លានឆ្នាំមុនមកម្ល៉េះ ប៉ុន្តែពួកគេមិនច្បាស់អំពីអាយុនៃគ្រីស្តាល់ ហ្គីបសឹម (gypsum) តែឯងបានឡើយ។ តាមការប៉ាន់ប្រមាណរបស់អ្នកជំនាញ គ្រីស្តាល់ Pulpí នេះបានចាប់ផ្តើមលូតលាស់ក្នុងរយៈពេលមិនដល់ ២ លានឆ្នាំមុននោះឡើយ។ អ្នកជំនាញបានពន្យល់ថា «គ្រីស្តាល់ដែលលូតលាស់កាន់តែយឺត នោះទំហំរបស់វាក៏កាន់តែធំ ហើយគុណភាពគ្រីស្តាល់ក៏កាន់តែល្អឥតខ្ចោះដែរ»

គួររំលឹកថា អណ្តូងរ៉ែ Pulpí ត្រូវបានបើកជាសាធារណៈនៅឆ្នាំ ២០១៩ បន្ទាប់ពីកម្ទេចថ្មមួយចំនួនត្រូវបានសម្អាត ហើយវិធានការសុវត្ថិភាព ដូចជាជណ្តើរសង្គ្រោះបន្ទាន់ប្រវែង ៤២ម៉ែត្រត្រូវបានដំឡើង។ នៅក្នុងដំណើរការនោះ កម្មករបានរកឃើញរបស់របរ ដែលបន្សល់ទុកដោយអ្នកជីករ៉ែជំនាន់ដើម រួមមាន៖ បារី អាវធំ ស្បែកជើងកៅស៊ូ និងដបស្រាបៀរ នៅលើជញ្ជាំងផងដែរ។

(រូបភាពពីបរទេស)

មនុស្សជាង ១០០,០០០នាក់ហើយបានទៅទស្សនាគ្រីស្តាល់ Pulpí មកទល់នឹងខែកក្កដា ឆ្នាំ ២០២២ នេះ ហើយអាជ្ញាធរអេស្ប៉ាញ ក៏នៅតែបន្តការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន នូវកម្រិតសីតុណ្ហភាព កាបូនឌីអុកស៊ីត និងសំណើម ដើម្បីធានាសុវត្ថិភាពរបស់គ្រីស្តាល់ទាំងនោះផងដែរ។ ក្រុមអ្នកទស្សនា និងអ្នកវិទ្យាសាស្ត្រ នៅតែបន្តស្ងើចសរសើរចំពោះបាតុភូតធម្មជាតិ ដ៏ប្លែកភ្នែកនេះ៕

ប្រែសម្រួល៖ សេន ចាន់ប៉ូរ៉ុង (Cambo Space)
ប្រភព៖ BBC

Comments (0)
Add Comment