«ចន្ទ្រគ្រាស Blood Moon» នឹងកើតឡើងលើប្រទេសកម្ពុជា និងជាព្រឹត្តិការណ៍ចុងក្រោយប្រចាំឆ្នាំ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «ចន្ទ្រគ្រាសទាំងស្រុង»«Total Lunar Eclipse» ចុងក្រោយប្រចាំឆ្នាំ ២០២២ នេះ និងជាប្រភេទព្រះចន្ទក្រហម (blood moon) ផងនោះ នឹងកើតឡើងនៅល្ងាចថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា (ចំថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក) ខណៈប្រទេសកម្ពុជាយើងនឹងមើលឃើញ ប៉ុន្តែត្រូវរកកន្លែងដែលស្រឡះល្អបំផុតដែរ ដើម្បីអាចមើលឃើញព្រះចន្ទចាប់ផ្តើមរះបន្តិចម្តងៗ នៅជើងមេឃទិសខាងកើតឆៀងទៅខាងជើងបន្តិច និងព្រឹត្តិការណ៍ចន្ទគ្រាសកើតឡើង។

(រូបភាពពីវែបសាយ Times and Date)

នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះចន្ទនឹងចាប់រះនៅវេលាម៉ោង ៥៖២៩នាទីល្ងាច នៅទិសខាងកើតឆៀងទៅខាងជើងបន្តិច ហើយការរះនោះនឹងកើតឡើងស្របពេលដែលបាតុភូត «ចន្ទ្រគ្រាស» កំពុងកើតឡើងជាបណ្តើរៗដូចគ្នា។ ហេតុដូច្នេះ ប្រសិនបើផ្ទៃមេឃមានពពក ឬអ័ព្ទនោះ នឹងអាចពិបាកក្នុងការអង្កេតបន្តិច ក្នុងដំណាក់កាលដំបូងៗ ជាពិសេសគឺនៅពេលពន្លឺព្រះអាទិត្យ ដែលទើបលិចនៅទិសខាងលិច នៅតែមានឥទ្ធិពលលើផ្ទៃមេឃនាពេលនោះដែរ។

ដំណើរនៃចន្ទ្រគ្រាស Blood Moon (រូបភាពពីបរទេស)

សម្រាប់ពេលវេលាដែលព្រឹត្តិការណ៍ «ចន្ទ្រគ្រាស» ឡើងដល់កម្រិតទាំងស្រុងតែម្តងនោះ គឺនៅម៉ោង ១៧៖៥៩នាទី (ម៉ោងនៅទីក្រុងភ្នំពេញ) ហើយលោកអ្នកគួររកកន្លែងណាខ្ពស់បន្តិច, ដូចជាអ្នកនៅទីក្រុងគួររកដំបូលផ្ទះ ឬអគារ ដែលអាចមើលឃើញ ជើងមេឃភាគខាងកើតឆៀងទៅខាងជើងបន្តិច ឬអ្នកនៅជនបទអាចរកតំបន់ទីវាលល្អ ដែលអាចមើលឃើញទៅកាន់ទិសដូចគ្នា។

ព្រះចន្ទទើបរះ (រូបភាពពី NASA)

ក្រោយបាតុភូត «ចន្ទ្រគ្រាស» ទាំងស្រុងដែលចាប់ផ្តើមនៅម៉ោង ១៧៖៥៩នាទីនោះ វានឹងរសាយទៅវិញ (ពាក្យពីបុរាណហៅថាព្រះចន្ទត្រូវបានខ្ជាក់ចេញមកវិញ) បន្តិចម្តងៗចាប់ពីវេលាម៉ោង ១៨៖៤១នាទី ហើយក៏បញ្ចប់ទាំងស្រុងនៅវេលាម៉ោង ១៩៖៤៩នាទី (ម៉ោងនៅភ្នំពេញ)។ គួររំលឹកថា ចន្ទ្រគ្រាសទាំងស្រុង គឺជាព្រឹត្តិការណ៍ដែលកើតឡើង នៅពេលភពផែនដីស្ថិតនៅចន្លោះរវាងព្រះអាទិត្យ និងព្រះចន្ទ ដែលធ្វើឲ្យស្រមោលផែនដី ចោលលើផ្ទៃព្រះចន្ទទាំងស្រុង នាំឲ្យព្រះចន្ទមិនអាចបង្កើតចំណាំងពីពន្លឺព្រះអាទិត្យមួយរយៈខ្លី៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Time and Date (ថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២)

Comments (0)
Add Comment