(ម៉ូស្គូ)៖ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៥៧ សុនខមួយក្បាលរបស់អតីតសហភាពសូវៀត (បច្ចុប្បន្នរុស្ស៊ី) ឈ្មោះ ឡៃកា (Laika) ត្រូវបានបាញ់បញ្ជូនទៅកាន់ទីអវកាស តាមរយៈយានអវកាស Sputnik 2 ដែលពាំនាំដោយគ្រាប់រ៉ុក្កែត ចេញពីមូលដ្ឋាន Baikonur Cosmodrome នៃប្រទេសកាហ្សាក់ស្ថាន។
វាជាការធ្វើតេស្ត one-way trip ព្រោះកាលណោះសូវៀតមិនបានច្នៃយាន Sputnik 2 នោះឲ្យអាចចុះចតមកកាន់ផែនដីវិញឡើយ។ នៅក្នុងយាននោះមានផ្ទុកអុកស៊ីសែន សម្រាប់ឲ្យដកដង្ហើមរយៈពេល ៧ថ្ងៃ និងចំណីអាហារខ្លះៗសម្រាប់ Laika នៅក្នុងដំណើររបស់សុនខញីមួយក្បាលនេះ ទៅកាន់គន្លងគោចរជុំវិញភពផែនដី ដោយគ្មានថ្ងៃវិលត្រលប់មកវិញ។
ទោះជាបែបនេះក្តី Laika មិនអាចដកដង្ហើមបាន ៧ថ្ងៃ ឬស៊ីចំណីអាហារលើយាននោះឡើយ ព្រោះក្រោយការបាញ់បញ្ជូនទៅកាន់ទីអវកាសបានជោគជ័យ សុនខនេះអាចនៅមានជីវិតបានតែមួយភ្លែតប៉ុណ្ណោះ ហើយក្រោយមកវាក៏ងាប់បាត់ ព្រោះតែខែលទប់កម្តៅរបស់យាន Sputnik 2 បានរងការខូចខាត។
សម្រាប់គោលដៅចម្បងនៃការបញ្ជូនសុនខ Laika ឡើងទៅកាន់ទីអវកាសនោះ គឺក្រុមអ្នកវិទ្យាសាស្ត្ររបស់សូវៀត ចង់ស្វែងយល់អំពីផលប៉ះនៃការបាញ់បង្ហោះ និងទំនាញខ្សោយ ព្រមទាំងឥទ្ធិពលផ្សេងៗទៀតនៃយាន ទៅលើរូបរាងកាយរបស់មនុស្ស។ ហេតុដូច្នេះទើបក្នុងដំណាក់កាលដំបូង ពួកគេបានដើរប្រមូលយកសុនខអនាថាមកចិញ្ចឹម ហើយក្នុងនោះ Laika ដែលមានដើមកំណើតនៅទីក្រុងម៉ូស្គូ ត្រូវបានជ្រើសរើស សម្រាប់ការធ្វើតេស្តខាងលើនេះ។
គួរបញ្ជាក់ថា នៅរយៈពេល ៥ខែបន្ទាប់ពីការបាញ់បង្ហោះ និងក្រោយការគោចរជុំវិញភពផែនដីបាន ២,៥៧០ជុំនោះ យាន Sputnik 2 ដែលមាន Laika នៅក្នុងនោះ បានធ្លាក់បុកបរិយាកាសផែនដី និងបែកខ្ញែកអស់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៥៨។ Laika ដែលបានងាប់នៅអាយុ ៣ឆ្នាំនោះ ក៏បានក្លាយជាសត្វដំបូងគេ ដែលត្រូវបានបញ្ជូនឲ្យទៅគោចរ ក្នុងគន្លងជុំវិញភពផែនដី និងជានិមិត្តរូបដ៏សំខាន់មិនអាចបំភ្លេចបាន និងចារទុកក្នុងទំព័រប្រវត្តិសាស្ត្រនៃវិស័យអវកាសរុស្ស៊ី។ អង្គការអវកាសរុស្ស៊ី តែងតែចាត់ទុកបេសកកម្មរបស់ Laika គឺជាការបូជាជីវិត ដើម្បីផលប្រយោជន៍នៃការស្រាវជ្រាវទីអវកាស សម្រាប់មនុស្សជាតិលើភពផែនដីទាំងមូល៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២)