(បរទេស)៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៥៧២ តារាវិទូជនជាតិអាល្លឺម៉ង់មួយរូបឈ្មោះ Wolfgang Schulër បានសម្លឹងមើលឃើញបន្ទុះស៊ូពើណូវ៉ា (Supernova) មួយនៅក្នុងតារានិករ (កញ្ចុំផ្កាយ) Cassiopeia។ វាមានពន្លឺខ្លាំងស្មើនឹងភពសុក្រ (Venus) ក្នុងប្រព័ន្ធព្រះអាទិត្យយើងទៅហើយ ហើយក៏អាចឲ្យមើលឃើញនៅពេលមេឃភ្លឺផងដែរ។
ក្រុមតារាវិទូរបស់អាល្លឺម៉ង់នៅសម័យកាលនោះបានភាន់ច្រលំថា Supernova ខាងលើនេះគឺត្រឹមជា ផ្កាយធម្មតាៗប៉ុណ្ណោះ។ លោក Wolfgang Schulër គឺជាអ្នករកឃើញវាមុនមែន តែក្រោយមកទៀតអ្នកដែលត្រូវបានផ្តល់គុណតម្លៃពិតប្រាកដ គឺតារាវិទូជនជាតិដាណឺម៉ាកលោក Tycho Brahe។ តែយ៉ាងណា កំណត់ហេតុក្នុងប្រវត្តិសាស្ត្រនៅតែយកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៥៧២ ដដែលសម្រាប់ការរកឃើញនេះ។
មនុស្សលោកបច្ចុប្បន្ននេះស្គាល់វាថា Tycho Supernova ក៏ព្រោះតែលោក Tycho Brahe បានព្យាយាមសិក្សា និងចងក្រងជាសៀវភៅអំពីបាតុភូតអវកាស ដែលស្ថិតនៅចម្ងាយរាប់ម៉ឺនឆ្នាំពន្លឺពីភពផែនដីមួយនោះ ដោយពីដំបូងឡើយសៀវភៅរបស់លោក ត្រូវបានដាក់ចំណងជើង «New Star» និងក្រោយមកទៀតគឺ «Tycho’s Star»។ មូលហេតុដែលប្រើពាក្យថា «Star» ព្រោះតែសម័យកាលណោះ មនុស្សលោកមិនទាន់ស្គាល់អ្វីទៅជា Supernova ឬចាត់លំដាប់ថ្នាក់របស់វានៅឡើយ។
រហូតមកដល់ទសវត្សរ៍ ១៩៤០ ទើបក្រុមតារាវិទូអន្តរជាតិ កំណត់លំដាប់ថ្នាក់ Tycho’s Star ជាថ្មី ឲ្យទៅជា Tycho Supernova វិញ ព្រោះវាមិនមែនជាផ្កាយឡើយ តែជាបន្ទុះស៊ូពើណូវ៉ា (កាកសំណល់នៅក្រោយផ្កាយមួយផ្ទុះ ឬអស់ជីវិត)។ ក្រុមអ្នកវិទ្យាសាស្ត្របច្ចុប្បន្នបានសន្និដ្ឋានថា Tycho Supernova នោះធ្លាប់ជាផ្កាយពណ៌មួយ ដែលបានផ្ទុះរាប់ពាន់ឆ្នាំមកហើយ។ ព្រោះតែ Tycho’s Star ស្ថិតនៅចម្ងាយ ១៣,០០០ឆ្នាំពន្លឺពីភពផែនដី ដូច្នេះទើបពន្លឺរបស់វាត្រូវការពេលធ្វើដំណើររាប់ម៉ឺនឆ្នាំដែរ ដើម្បីមកដល់ភពផែនដី៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២)