តើអាចដូចសត្វអ្វីទៅ? NASA បកស្រាយរូបទើបថតបានលើភពអង្គារ… (មានវីដេអូ)

(បរទេស)៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ យាន Curiosity របស់អង្គការ NASA បានផ្តិតរូបភាពមួយសន្លឹក បង្ហាញអំពីដុំថ្មចម្លែក ដែលនាំឲ្យមានការបែកគំនិត និងយល់ច្រលំថាជា «សត្វមួយប្រភេទ» នៅលើភពព្រះអង្គារ។ តែមិនខុសពីសព្វមួយដងនោះឡើយ ការភ្ញាក់ផ្អើលប្រភេទៗនេះតែងតែត្រូវបានអ្នកជំនាញ NASA ចេញមុខច្រានចោលជានិច្ច។

បើតាមអ្នកជំនាញអង្គការ NASA បានអះអាង, កុំថាឡើយដាននៃសត្វធំៗបែបនេះ ដោយសូម្បីតែដាននៃមីក្រុប (អតិសុខុមប្រាណ) ក៏យានរបស់អង្គការអវកាសអាមេរិកមួយនេះ នៅមិនទាន់បានរកឃើញនៅឡើយដែរ។ គិតចាប់តាំងពីផ្កាយរណប និងយានរបស់អង្គការ NASA បានចុះទៅដល់ភពអង្គារផ្ទាល់នោះ រូបភាពជាច្រើនត្រូវបានអ្នកលេង Internet ប្រៀបធៀបទៅនឹងវត្ថុប្រើប្រាស់, សត្វ, មនុស្សយានអេលៀនលាក់ខ្លួនជាដើម ប៉ុន្តែទាំងអស់នេះត្រឹមតែជាការបំផុសបំផុលព័ត៌មានឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងនាំឲ្យក្រុមអ្នកជំនាញផ្លូវការ ហត់នឿយក្នុងការចេញមុខមកបកស្រាយប៉ុណ្ណោះ។

រូបភាពថ្មីដោយ Curiosity (រូបភាពពី NASA)

តើលោកអ្នកគិតថា រូបភាពថ្មីថតដោយ Curiosity នេះដូចសត្វអ្វី? យោងតាមការបញ្ចេញមតិជាច្រើន នៅក្នុងបណ្តាញសង្គមនោះ ពួកគេបានប្រៀបប្រដូចថ្មចម្លែកនេះទៅនឹង «សត្វទា» (duck)។ ជាការពិតណាស់ វាមិនមែនជាសត្វទា ឬហ្វូស៊ីលទាអ្វីនោះឡើយ ដោយត្រឹមតែជាថ្មនៃរណ្តៅយក្ស Gale Crater ដែលយាន Curiosity កំពុងស្ថិតនៅប៉ុណ្ណោះ។ វាហាក់ដូចជារូបភាពបែបកំប្លែងមួយ ដែលត្រូវបានបង្ហោះដោយ លោក Andrea Luck អ្នកជំនាញខាងកែខៃរូបភាពម្នាក់។

យាន Curiosity នៅក្នុងរណ្តៅ Gale Crater (រូបភាពពី NASA)

សម្រាប់ Gale Crater វិញត្រូវបានគេដឹងថា ជាអតីតបឹងមួយដែរនៃភពអង្គារ ដែលធ្លាប់មានវត្តមានទឹក ឬអាចមានជីវិតផង កាលពីរាប់ពាន់លានឆ្នាំមុន។ ជាង ១០ឆ្នាំមកនេះ យាន Curiosity តែងតែថតបានថ្ម និងសណ្ឋានដីចម្លែកៗនៅទីនោះ ប៉ុន្តែវាត្រឹមជាទិដ្ឋភាពបង្កឡើងដោយធម្មជាតិប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ CNET/NASA (ថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២)

Comments (0)
Add Comment