SpaceX ត្រៀមបញ្ជូនយានជប៉ុន និង UAE ទៅកាន់ឋានព្រះចន្ទនៅចុងខែនេះ!

(អាមេរិក)៖ ក្រុមហ៊ុនអវកាសឯកជន SpaceX របស់មហាសេដ្ឋីអាមេរិកលោក Elon Musk នឹងបាញ់់បញ្ជូនយានជប៉ុនជាប្រភេទ lander មួយគ្រឿងទៅកាន់ឋានព្រះចន្ទ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលនឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ការបង្ហាញវត្តមានរបស់គ្រឿងយន្តឯកជន (មិនមែនរបស់អង្គការរដ្ឋ) នៅលើផ្ទៃព្រះចន្ទ។

រ៉ុក្កែត Falcon 9 (រូបភាពពី SpaceX)

Lander ខាងលើនេះ គឺជារបស់ក្រុមហ៊ុនឯកជនជប៉ុនមួយមានឈ្មោះថា ispace ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ហើយវានឹងត្រូវគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ពាំនាំចេញពីផ្ទៃផែនដី រួចទើបចល័តបន្តបន្តិចម្តងៗទៅចុះចតលើផ្ទៃព្រះចន្ទ។ Lander ដែលមានឈ្មោះថា Hakuto-R មួយគ្រឿងនេះ មានផ្ទុកនូវគ្រឿងយន្តចល័ត (Rover) មួយគ្រឿងរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) មានឈ្មោះថា Rashid ដើម្បីចល័ត និងស្រាវជ្រាវលើផ្ទៃព្រះចន្ទផ្ទាល់។

Lander ឈ្មោះ Hakuto-R (រូបភាពពី ispace)

Rover កង់ ៤ Rashid នឹងធ្វើការចល័តលើផ្ទៃព្រះចន្ទ សម្រាប់រយៈពេល ១៤ថ្ងៃ ហើយនឹងថតរូបភាពទីតាំងសំខាន់ៗនៅក្នុងរណ្តៅ Atlas Crater ដែលស្ថិតនៅក្បែរប៉ូលខាងជើងនៃព្រះចន្ទ ដោយប្រើប្រាស់កាមេរ៉ាគុណភាពខ្ពស់របស់វា រួចបាញ់បញ្ជូនរូបទាំងនោះមកកាន់ភពផែនដីវិញ។ វាក៏មានបំពាក់ឧបករណ៍សំខាន់ៗផ្សេងទៀតជាប់ខ្លួនផងដែរ ដូចជា ឧបករណ៍ថត និងវាស់ស្ទង់កម្តៅ (thermal imager), ឧបករណ៍ផ្តិតរូបភាពលម្អិត (microscopic imager) និងឧបករណ៍ត្រួតពិនិត្យបន្ទុកអគ្គិសនីនៅលើផ្ទៃព្រះចន្ទផងដែរ។

Rover ឈ្មោះ Rashid (រូបភាពពី UAE)

គួរបញ្ជាក់់ថា បេសកកម្ម Hakuto-R ស្តុក Rover ឈ្មោះ Rashid នេះ នឹងទៅដល់ព្រះចន្ទនៅអំលុងខែមេសា ឆ្នាំ២០២៣ ប្រសិនបើការបាញ់បង្ហោះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ (ម៉ោងនៅអាមេរិក) ចេញពីមូលដ្ឋាន Cape Canaveral រដ្ឋផ្លរីដា សហរដ្ឋអាមេរិកនោះ ប្រព្រឹត្តទៅតាមការគ្រោងទុក។

ទីតាំងរណ្តៅ Atlas នៅក្បែរប៉ូលខាងជើងព្រះចន្ទ (រូបភាពពី NASA)

ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយទេថា Hakuto-R នឹងក្លាយជាបេសកកម្មឯកជនទីដែលនឹងចុះចតលើផ្ទៃព្រះចន្ទដោយជោគជ័យដែរឬក៏យ៉ាងណានោះ ព្រោះអង្គការ NASA ឯណោះវិញកំពុងគាំទ្រឲ្យក្រុមហ៊ុនឯកជនមួយឈ្មោះ Intuitive Machines បញ្ជូនយានប្រភេទ lander មួយគ្រឿងដែរទៅចុះចតលើផ្ទៃព្រះចន្ទនៅខែមីនា ឆ្នាំ២០២៣។ អង្គការ NASA បានអះអាងថា សម្រាប់ពេលវេលាកៀកគ្នាបែបនេះ គេនៅមិនទាន់អាចសន្មត់ថា មួយណានឹងសម្រេចកិច្ចការបានមុននោះឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២)

Comments (0)
Add Comment