(បរទេស)៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៦១ (៦១ឆ្នាំមុន) សត្វស្វាឪ (chimpanzee) មួយក្បាលឈ្មោះ អ៊ីណូស (Enos) អាយុ ៥ឆ្នាំ (និងជាស្វាទី ២ នៃប្រវត្តិសាស្ត្រអវកាស) ត្រូវបានបញ្ជូនឡើងទៅកាន់ទីអវកាស តាមរយៈរ៉ុក្កែត Atlas 5 នៃបេសកកម្មរបស់អង្គការ NASA។ ប៉ុន្តែវាហាក់ដូចជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលត្រូវបានគេបំភ្លេច។
បេសកកម្មខាងលើនេះមានឈ្មោះថា Mercury-Atlas 5 (MA-5) បានហោះចេញពីភពផែនដីនៅវេលាម៉ោង ១០៖០៨នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៦១ ក្រោយការពន្យារពេលអស់ ៩០នាទី។
បន្ទាប់ពីរ៉ុក្កែត Atlas 5 ហោះឡើងដល់រយៈកម្ពស់ ១៦០គីឡូម៉ែត្រពីផ្ទៃដី បន្ទប់ (Capsule) ឈ្មោះ Mercury No. 9 ដែលផ្ទុក Enos ត្រូវបានពន្លែងចេញ ដើម្បីឲ្យវាចល័តទៅកាន់គន្លងគោចរកម្រិតទាប ដែលមានរយៈកម្ពស់ ២៣៧គីឡូម៉ែត្រពីផ្ទៃដី។
ទោះបីជាបានជួបប្រទះបញ្ហាមួយចំនួនដូចជា ការចុះចតមកវិញដោយខុសទីតាំងកំណត់់ក្តី ក៏បន្ទប់ Capsule ផ្ទុក Enos នៅតែបានទម្លាក់ខ្លួនចុះមកកាន់មហាសមុទ្រអាត្លង់ទិកវិញដោយសុវត្ថិភាព ហើយ Enos នៅតែមានជីវិត ជាមួយនឹងការស្ថិតក្នុងបន្ទប់ Capsule ជាង ៣ម៉ោង។ តែយ៉ាងណា Enos បានបាត់បង់ជីវិត នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៦២ ដោយជំងឺម្យ៉ាងដែលបាននាំឲ្យវារាគរូសយ៉ាងខ្លាំង។
ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា អការៈរោគរបស់ Enos មិនបានពាក់ព័ន្ធនឹងបេសកកម្មអវកាស កាលពីវិច្ឆិកា ឆ្នាំ១៩៦១ នោះឡើយ។ គួរបញ្ជាក់ថា បច្ចុប្បន្នបន្ទប់ Mercury No. 9 ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរនៃជីវិត និងវិទ្យាសាស្ត្រ (Museum of Life and Science) ស្ថិតក្នុងទីក្រុង Durham នៃរដ្ឋ North Carolina សហរដ្ឋអាមេរិក។
សម្រាប់មូលហេតុដែលបេសកកម្មរបស់ Enos ហាក់ត្រូវបានគេបំភ្លេចនោះ គឺព្រោះតែវាមិនទទួលបានជោគជ័យតាមគោលដៅនោះឡើយ។ បេសកកម្មសាកល្បងទៅកាន់ទីអវកាស ដោយប្រើប្រាស់សត្វស្វារបស់អង្គការ NASA ដែលទទួលបានជោគជ័យធំធេងនោះ គឺកាលពីខែឧសភា ឆ្នាំ១៩៥៩ ដោយស្វាមួយក្បាលឈ្មោះ Baker ដែលបានជិះរ៉ុក្កែតឈ្មោះ Jupiter នោះ បានឡើងទៅដល់រយៈកម្ពស់ ៤៨៣គីឡូម៉ែត្រពីផ្ទៃផែនដី និងចុះមកវិញដោយសុវត្ថិភាព (នៅមានជីវិត)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២)