សញ្ញាមិនស្រួលកើតចេញពី ផ្កាយយក្សមួយទៀតក្នុងកាឡាក់ស៊ីយើង! តារាវិទូកំពុងតាមដាន (មានវីដេអូ)

(បរទេស)៖ ការអង្កេតមើលជាប្រចាំទៅលើផ្កាយយក្សដ៏ល្បីឈ្មោះមួយ ប្រចាំនៅក្នុងកាឡាក់ស៊ី Milky Way យើងនេះមានឈ្មោះថា RW Cephei បានបង្ហាញឲ្យឃើញសញ្ញាមិនស្រួល មិនខុសពីសញ្ញានៃផ្កាយ ប៊ីធែលជឹស (Betelgeuse) នៅក្នុងរយៈពេល ២ – ៣ ឆ្នាំនៃការអង្កេតចុងក្រោយនេះឡើយ។

រូបតំណាងផ្កាយ RW Cephei (រូបភាពពីបរទេស)

ដូចអ្វីដែលលោកអ្នកបានដឹងរួចហើយ ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនមានការសង្ស័យថា ផ្កាយ Betelgeues ដែលមានចម្ងាយជាង ៦៤០ឆ្នាំពន្លឺ ពីប្រព័ន្ធព្រះអាទិត្យយើងនេះ អាចនឹងកើតមានការដួលរលំ (Collapse) បន្ទុះស៊ូពើណូវ៉ា (Supernova)។ ប៉ុន្តែ, តើផ្កាយ RW Cephei ដែលមានទំហំខ្លួនធំជាងព្រះអាទិត្យយើង រហូតដល់ទៅជាង ១ពាន់ដងនោះ អាចស្ថិតក្នុងការព្យាករណ៍ដូច Betelgeuse ដែរឬទេ?

ជុំវិញបញ្ហាខាងលើនេះ តារាវិទូ Wolfgang Vollman និង Costantino Sigismondi មកពីក្រុមអង្កេតផ្ទៃមេឃអឺរ៉ុបបានអះអាងថា «តារាមួយនេះ កំពុងថយចុះពន្លឺ ជាជាងកើនឡើងពន្លឺ…។ បាតុភូតដែលកំពុងកើតឡើងលើ RW Cephei នេះ ទំនងជាដូចលទ្ធផល ដែលបានមកពីការអង្កេតលើផ្កាយយក្សក្រហម Betelgeuse កាលពីចុងឆ្នាំ២០១៩ នោះដែរ…»

ផ្កាយ Betelgeuse (រូបភាពពីបរទេស)

ទាំង Betelgeuse និង RW Cephei សុទ្ធតែស្ថិតក្នុងជំពូកតារាយក្សក្រហម ដែលមានភាពល្បីល្បាញ។ ពួកវាទាំងក៏ត្រូវបានក្រុមតារាវិទូគណនាផងដែរថា ជាផ្កាយកំពុងស្ថិតក្នុងដំណាក់កាលនៃការវិវត្តន៍ (Stellar Evolution) ដោយប្រការនេះមានន័យថា វាអាចឈានទៅរកការដួលរលំ (Collapse) ឬក៏បន្ទុះស៊ូពើណូវ៉ា (Supernova)។

រំលឹកលទ្ធផលនៃការអង្កេតលើផ្កាយ Betelgeuse កាលពីចុងឆ្នាំ ២០១៩ បាននាំឲ្យក្រុមតារាវិទូខ្លះសង្ស័យថា ផ្កាយនោះកំពុងឈានរកការដួលរលំ។ យ៉ាងណាក៏ដោយជាង ៣ឆ្នាំមកនេះ Betelgeuse នៅតែជា Betelgeuse ដោយគ្មានសញ្ញានៃការដួលរលំSupernova អ្វីនៅឡើយទេ។ ហេតុដូច្នេះទើបក្រុមអ្នកវិទ្យាសាស្ត្រ បង្ហាញការគាំទ្រឡើងវិញចំពោះ ការយល់ឃើញកាលពីមុនដែលថា Betelgeuse ទំនងជាបានជះបណ្តុំឧស្ម័នដ៏ធំមួយ ទៅកាន់ទីអវកាសនៅជុំវិញខ្លួនវា ហើយបាតុភូតបែបនោះហើយ ទើបធ្វើឲ្យពន្លឺរបស់ផ្កាយនោះ ជះមកកាន់ភពផែនដីមើលឃើញស្រអាប់ (ថមថយពន្លឺ)

ការវិភាគអំពីដំណើរបាត់បង់ពន្លឺរបស់ Betelgeuse (រូបភាពពីបរទេស)

អូខេ! យើងអាចហៅបែបកំប្លែងថា ផ្កាយ Betelgeuse បានផោម ទើបនាំឲ្យទីអវកាសជុំវិញវាអាប់អួ។ បែបនេះក៏មិនមែនមានន័យថា ផ្កាយនេះមិនកំពុងឈានទៅរកក្តីស្លាប់នោះដែរ, វាអាចជាការសញ្ញាធ្លាក់ចុះមួយរយៈ មុននឹងការកើតមានបន្ទុះដ៏ខ្លាំងក្លា ហើយដំណើរវិវត្តន៍បែបនេះ ត្រូវការពេលយូរទៅមុខទៀតណាស់ ព្រោះតែបម្រែបម្រួលវត្ថុអវកាសនានាក្នុងចក្រវាល តែងតែអាចឲ្យអង្កេតដឹង ឬមើលឃើញការប្រែប្រួលចាប់ពីរាប់សែនឆ្នាំឡើងទៅឯណោះ, មិនមែនត្រឹម ២ឆ្នាំ ទៅ ៣ឆ្នាំនោះឡើយ។

រូបតំណាងផ្កាយ RW Cephei (រូបភាពពីបរទេស)

បន្ថែមពីខាងលើនេះ លោកអ្នកក៏ធ្លាប់បានសិក្សារួចមកហើយដែរថា ព្រះអាទិត្យយើងនៅរាប់ពាន់លានឆ្នាំខាងមុខ នឹងអាចរីកមាឌកាន់តែធំ ហើយអណ្តាតភ្លើងព្រះអាទិត្យ និងមកដល់គន្លងគោចរផែនដី ហើយនឹងអាចលេបយកភពនានា នៃប្រព័ន្ធព្រះអាទិត្យក្នុង (Inner Solar System) រួមទាំងផែនដីថែមទៀត។ ដោយឡែកសម្រាប់ផ្កាយ RW Cephei វិញកំពុងឈានទៅរកដំំណើរបែបនេះ នៅពេលនេះតែម្តង។ ប្រសិនបើយើងអាចយក RW Cephei មកជំនួសកន្លែងព្រះអាទិត្យយើងវិញនោះ ផ្ទៃរបស់ផ្កាយនេះនឹងសន្ធឹងដល់ គន្លងគោចរនៃភពព្រហស្បតិ៍ (Jupiter) ជាមិនខាន។

គួរបញ្ជាក់ថា ទាំង RW Cephei (មានចម្ងាយ ១១,៤២០ឆ្នាំពន្លឺពីផែនដី) ដែលបានឲ្យសញ្ញាមិនស្រួលនៅឆ្នាំ ២០២២ និង Betelgeuse នៅឆ្នាំ ២០១៩ សុទ្ធសឹងតែស្ថិតនៅក្នុងការអង្កេត យ៉ាងយកចិត្តទុកដាក់បំផុត ដោយតេឡេស្កូបនានាលើផែនដីដូចគ្នា។ យ៉ាងណាក៏ដោយ សូមកុំរំពឹងអំពីលទ្ធផលខ្ពស់ពេកអី ព្រោះវាអាចនឹងគ្មានអ្វីកើតឡើងសោះក៏ថាបានដែរ។ ការពិតជាក់ស្តែងពេលនេះ ក្រុមតារាវិទូនៅតែកំពុងបង្កើតកម្មវិធីសិក្សាទំនើបៗ ដើម្បីសម្លឹងមើលឲ្យកាន់តែស៊ីជម្រៅ និងច្បាស់លាស់ ចំពោះតារាយក្សទាំងនោះនៅឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ FORBES (ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២)

Comments (0)
Add Comment