(បរទេស)៖ លោកអ្នកទើបតែបានដឹងអំពី ការផ្តល់ភ្លើងខៀវនៅក្នុងខែធ្នូ ឆ្នាំ២០២២នេះ ក្នុងការចាប់ផ្តើមអភិវឌ្ឍ និងផលិតចេញជាតេឡេស្កូបអវកាសតាមដានអាចម៍ផ្កាយ Near-Earth Object (NEO) Surveyor របស់អង្គការ NASA នោះហើយ ដោយវាត្រូវបានបង្កើនថ្លៃចំណាយគុណនឹង ២ នាំកើនឡើងរហូតដល់ទៅ ១.២ពាន់លានដុល្លារអាមេរិក និងត្រូវពន្យារពេលបាញ់បង្ហោះ រហូតដល់ខែមិថុនា ឆ្នាំ២០២៨ ខណៈកាលបរិច្ឆេទចាស់គឺឆ្នាំ២០២៦។
* តើតេឡេស្កូបអវកាស Near-Earth Object (NEO) Surveyor មានអ្វីពិសេស?
មុននឹងឆ្លើយតបចំពោះសំនួរខាងលើនេះ យើងសូមរំលឹកឡើងវិញ អំពីផលប៉ះពាល់នៃអាចម៍ផ្កាយគ្រោះថ្នាក់ (Harzadous Asteroids) ដែលអាចបំផ្លាញជីវិតលើផែនដីនៅថ្ងៃអនាគតនោះជាមុនសិន ព្រោះនេះគឺជាមូលហេតុចម្បង ដែលបានជំរុញឲ្យ NASA អភិវឌ្ឍបេសកកម្មសាកល្បង DART ដែលទើបទទួលបានជោគជ័យ ក្នុងការបុកទង្គិច និងបង្វែទិសដៅអាចម៍ផ្កាយមួយចង្កោមកាលពីប៉ុន្មានខែមុននេះ។
ជីវិតនៅលើភពផែនដី ធ្លាប់ទទួលរងការវិនាសដោយសារតែអាចម៍ផ្កាយរួចមកហើយ ដោយឧទាហរណ៍ជាក់ស្តែង គឺកាលពី ៦៦លានឆ្នាំមុន ដែលអំបូរដាយណូស័រ និងសត្វនៅលើគោកស្ទើរតែទាំងអស់បានវិនាសផុតពូជ ដោយសារតែអាចម៍ផ្កាយឈ្មោះ Chicxulub ដែលមានប្រវែងមុខកាត់ ១០គីឡូម៉ែត្រ បានបុកចំផែនដីពេញមួយទំហឹង។ ហើយហេតុការណ៍វាយប្រហារដោយអាចម៍ផ្កាយមួយចំនួនទៀត ដូចជានៅទីក្រុង Cherlyabinsk របស់ប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៣ នោះ ក៏ជាហេតុការណ៍ដែលមិនត្រូវបានព្យាករណ៍ទុកមុនផងដែរ។
ភាពវិសេសវិសាលនៃបេសកកម្ម Near-Earth Object (NEO) Surveyor នោះគឺវានឹងស្រាវជ្រាវ អាចម៍ផ្កាយដែលអាចគំរាមកំហែងភពផែនដី ឲ្យបានក្នុងចំនួន ៩០% ដោយគិតចាប់ពីអាចម៍ផ្កាយមានមុខកាត់ចាប់ពី ១៤០ម៉ែត្រ ឬធំជាងនេះតិចតួច ដែលចល័តមកមកក្បែរៗភពផែនដីក្នុងរង្វង់ ៤៨លានគីឡូម៉ែត្រចុះក្រោម។
តេឡេស្កូប Near-Earth Object (NEO) Surveyor នឹងដើរតួជាអ្នកអង្កេត និងបង្កើតការព្រមានដំណាក់កាលដំបូង។ ជាធម្មតាយើងត្រូវរកឲ្យឃើញអាចម៍ផ្កាយគួរឲ្យចាប់អារម្មណ៍សិន នោះទើបតេឡេស្កូបលើដីធ្វើការអង្កេតបន្ត និងកំណត់ថា តើវាអាចគំរាមកំហែងភពផែនដីដែរ ឬមួយក៏យ៉ាងណា។ ឧទាហរណ៍ថា NEO Surveyor បានអង្កេតឃើញអាចម៍ផ្កាយទំហំ ២០០ម៉ែត្រមួយ កំពុងមានមុខព្រួញមករកភពផែនដី និងអាចមានឱកាសប៉ះទង្គិចជាមួយភពរបស់យើងនោះ ក្រុមអ្នកជំនាញលើផែនដីនឹងកំណត់ជាចុងក្រោយថា គួរចេញបេសកកម្មដូចជា DART ទៅបុកបង្វែរទិសដៅវាដែរ ឬមួយក៏យ៉ាងណា។
យោងតាមក្រុមអ្នកវិទ្យាសាស្ត្របានគណនាថា អាចម៍ផ្កាយដែលមានមុខកាត់ចាប់ពី ០.៦ – ១គីឡូម៉ែត្រឡើងទៅ អាចមានឥទ្ធិពលក្នុងការបំផ្លាញអរិយធម៌មនុស្សលោកបាន។ ទោះជាបែបនេះក្តី អាចម៍ផ្កាយក្នុងទំហំធំបែបនេះ គឺកម្រមានណាស់នៅទីអវកាសកៀកៗផែនដីយើង ហើយក្រុមអ្នកវិទ្យាសាស្ត្រក៏បានកំណត់អត្តសញ្ញាណពួកវារួចរាល់ហើយដែរ (ព្រោះតែទំហំពួកវាធំ និងងាយឲ្យគេអង្កេតរកឃើញ)។
សម្រាប់អាចម៍ផ្កាយមានមុខកាត់ត្រឹមតែប្រវែង ១៤០ម៉ែត្រ ក៏អាចបំផ្លាញទីក្រុងមួយបានផងដែរ ក្នុងករណីដែលវាធ្លាក់ចំកណ្តាលទីក្រុងនោះ។ ក្រុមអ្នកវិទ្យាសាស្ត្រនៃ ការិយាល័យសម្របសម្រួលផ្នែកការពារភពផែនដី របស់អង្គការ NASA ឬ Planetary Defense Coordination Office (PDCO) បានអះអាងថា វត្ថុអវកាសក្នុងទំហំនេះប្រមាណតែ ៥០% ប៉ុណ្ណោះ ត្រូវបានរកឃើញកន្លងមក។ ការិយាល័យ PDCO ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៦ ហើយក៏ជាអ្នកទទួលបន្ទុក ក្នុងការអភិវឌ្ឍបេសកកម្មសាកល្បង DART ដែលបានសម្រេចជោគជ័យក្នុងការបុក និងបង្វែទិសដៅអាចម៍ផ្កាយកាលពីចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២២ នោះផងដែរ។
គួរបញ្ជាក់ថា បេសកកម្ម NEO Surveyor គឺកំពុងស្ថិតក្រោមការដឹកនាំរបស់ មន្ទីរពិសោធន៍ JPL របស់អង្គការ NASA រួមនិងសាកលវិទ្យាល័យ Arizona សហរដ្ឋអាមេរិក ហើយវានឹងត្រូវបាញ់បង្ហោះចេញពីផែនដី ដើម្បីឲ្យទៅគោចរនៅក្នុងគន្លង Lagrange Point 1 (L1) ដែលមានចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី។ គន្លងគោចរ L1 ស្ថិតនៅចន្លោះរវាងផែនដី និងព្រះអាទិត្យ ឬ Earth-Sun orbit, ផ្ទុយពីគន្លងគោចរ L2 របស់ James Webb ដែលស្ថិតនៅចុងម្ខាងទៀតនៃគន្លង L1 ឬនៅក្រៅពីផែនដី និងព្រះអាទិត្យ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២)