ក្រុមអ្នកវិទ្យាសាស្ត្រពន្យល់ទីតាំងពិសេសៗ នៃរូបភាពដ៏អស្ចារ្យដំបូងពី James Webb មួយសន្លឹកនេះ!

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រដែលកំពុងគ្រប់គ្រងលើបេសកកម្ម James Webb របស់អង្គការ NASA ESA និង CSA ទើបតែបានពន្យល់យ៉ាងស៊ីជម្រៅអំពីរូបភាពដ៏អស្ចារ្យនៃ Carina Nebula ជារូបភាព ១សន្លឹក ស្ថិតនៅក្នុងចង្កោមរូបភាពដំបូងៗបំផុត ៥សន្លឹក ដែលត្រូវបានថតដោយតេឡេស្កូបអវកាសនេះ កាលពីខែកក្កដា ឆ្នាំ២០២២។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រ យើងអាចមើលឃើញវត្តមាននៃ កំសួលថាមពល (jets) និងកំសួលឧស្ម័ន (outflows) ចេញពីតារាក្មេងៗ ហើយវាពិតជាមេរៀនដ៏សំខាន់ ដែលអាចឲ្យយើងឈានទៅស្វែងយល់បន្ថែម អំពីរបៀបដែលព្រះអាទិត្យយើងបានកកើតឡើង និងភពនានារួមទាំងផែនដី បានចាប់កំណើតនៅជុំវិញផ្កាយមួយដួងនេះ។

រូបភាពពន្លឺក្រហមអាំងហ្វ្រានៃ Carina Nebula (រូបភាពពី NASA ESA និង CSA)

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ ពួកគេបានប្រទះឃើញវត្តមាន កំសួលឧស្ម័ន (outflows) ជះចេញពីតារាក្មេងៗបំផុតយ៉ាងហោចណាស់ក៏ជាង ២០ទីតាំងដែរ តាមរយៈរូបភាពនៃពន្លឺក្រហមអាំងហ្វ្រា (Infrared Light) កម្រិត ៤.៧ ម៉ៃក្រុន (micron) ដូចមានបង្ហាញនៅក្នុងអត្ថបទនេះ។

វត្តមាននៃតំបន់មានផ្កាយក្មេងៗកំពុងកកើត ត្រូវបានទម្លាយតាមរយៈការប្រទះឃើញ បណ្តុំនៃម៉ូលេគុលអ៊ីដ្រូសែន (molecular hydrogen) នៅក្នុងរូបភាពរបស់ Carina Nebula នោះ។ ហើយតារាទាំងអស់នេះ ត្រូវបានគេគណនាថា កំពុងតែប្រមូលផ្តុំរូបរាង ដើម្បីក្លាយជាផ្កាយពេញរូបរាងមួយ ដូចព្រះអាទិត្យរបស់យើង នៅរយៈពេលរាប់លានឆ្នាំខាងមុខទៀត។

ទីតាំងរបស់ Jets និង​ Outflows (រូបភាពពី NASA ESA និង CSA)

គួរបញ្ជាក់ថា បណ្តុំម៉ូលេគុលអ៊ីដ្រូសែន តែងតែត្រូវបានចាត់ទុកជាភស្តុតាងដ៏សំខាន់ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រវែករកផ្កាយក្មេងៗដែលកំពុងកកើតក្នុងកាឡាក់ស៊ីនេះ ហើយនៅពេលពួកវាប្រមូលផ្តុំគ្នាកកុញពេក នោះក៏អាចច្រាលចេញជា jets ចេញពីខ្លួនពួកវា ដោយអាចលាតសន្ធឹងដល់ចម្ងាយរាប់ឆ្នាំពន្លឺផងដែរ។ តាមរយៈទិន្នន័យបន្ថែមបានមកពីបេសកកម្ម Hubble លើ Carina Nebula កាលពី ១៦ឆ្នាំមុន ក្រុមអ្នកវិទ្យាសាស្ត្រអាចគណនាអំពីល្បឿន និងទិសដៅរបស់ jets ទាំងនោះបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA ESA CSA (ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២)

Comments (0)
Add Comment