៦ឆ្នាំ និងជិត ៤០០លានគីឡូម៉ែត្រ! ទីបំផុតយាន NASA មួយនេះកំពុងសំដៅមកផ្ទះវិញ

(បរទេស)៖ យានអវកាស OSIRIS-REx ដែលបានចំណាយពេល ៦ឆ្នាំ ក្នុងដំណើរជិត ៤០០លានគីឡូម៉ែត្រក្នុងទីអវកាសរួចទៅហើយនោះ នៅទីបំផុតវាកំពុងហោះសំដៅមករក ភពផែនដីរបស់យើងវិញហើយ ជាមួយនិងគំរូងតាង (sample) របស់អាចម៍ផ្កាយ ប៊ែននូ (Bennu) ផ្ទុកពេញក្នុងពោះរបស់វាតែម្តង។

 Sample Return នឹងកើតឡើងនៅថ្ងៃទី២៤ កញ្ញា ២០២៣ (Image credit: NASA/Goddard/University of Arizona)

កាលពីសប្តាហ៍មុននេះ សហភាពភូមិសាស្ត្រ និងរូបសាស្ត្រនៃសហរដ្ឋអាមេរិក (AGU) បានបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៅរដ្ឋ Chicago ស្តីពីការត្រៀមស្វាគមន៍ ដំណើរត្រលប់មកវិញនៃយានអវកាស OSIRIS-REx ដែលនឹងទម្លាក់ sample យកបានពីអាចម៍ផ្កាយ Bennu មកលើភពផែនដី នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ពេលវេលានៅសហរដ្ឋអាមេរិក)។

គួររំលឹកថា បេសកកម្ម OSIRIS-REx ដែលមានឈ្មោះពេញថា Origins-Spectral Interpretation-Resource Identification-Security-Regolith Explorer ត្រូវបានបាញ់បញ្ជូនចេញពីភពផែនដីកាលពីឆ្នាំ ២០១៦ និងបានចំណាយពេលរហូតដល់ទៅ ៣ឆ្នាំ នៅជុំវិញអាចម៍ផ្កាយ Bennu (មានអង្កត់ផ្ចិត ៥២៥ម៉ែត្រ) ជាអាចម៍ផ្កាយដែលធ្លាប់ហោះកាត់ភពផែនដីកាលពីឆ្នាំ ១៩៩៩, ២០០៥ និង ២០១១ គិតចាប់តាំងពីការរកឃើញវាមក។

 យាន OSIRI-REx ខួងយក Sample ពី Bennu (Image credit: NASA/Goddard/University of Arizona)

អង្គការ NASA បានឲ្យដឹងថា sample ដែលស្តុកក្នុងប្រអប់ Capsule របស់ OSIRIS-REx នោះអាចមានទម្ងន់ចាប់ពី ១៥០-៣៥០ក្រាម (លើសពីផែនការដែលគ្រោងយកតែ ៦០ក្រាមប៉ុណ្ណោះ)។ បើតាមការចាត់ចែង ៧៥% នៃ sample នឹងត្រូវរក្សាទុក សម្រាប់ការស្រាវជ្រាវដោយក្រុមអ្នកវិទ្យាសាស្ត្រនៅថ្ងៃអនាគត និង ២៥% ទុកឲ្យក្រុមការងារគ្រប់គ្រងបេសកកម្មមួយនេះ ធ្វើការស្រាវជ្រាវភ្លាមៗ។

 ប្រអប់ Capsule ស្តុក Sample របស់ Bennu (Image credit: NASA/Goddard/University of Arizona)

បើតាមក្រុមជំនាញអង្គការ NASA អាចម៍ផ្កាយ Bennu នឹងមានឱកាសតិចតួចបំផុត (០.០០៣៧%) ក្នុងការប៉ះទង្គិចជាមួយភពផែនដី នៅពេលវាគោចរកៀកភពយើងបំផុត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២១៨២។ ហើយប្រើសិនបើអាចម៍ផ្កាយធំមួយនេះបុកភពផែនដី នោះវានឹងមានកម្លាំងស្មើសារធាតុគីមី ដែលបានផ្ទុះនៅកំពង់ផែទីក្រុង Beirut ប្រទេសលីបង់ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ «គុណនឹង ២លានដង»។

 អាចម៍ផ្កាយ Bennu ដែលមានមុខកាត់ ៥២៥ម៉ែត្រ (Image credit: NASA/Goddard/University of Arizona)

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់បេសកកម្មទី ១ ជាមួយអាចម៍ផ្កាយ Bennu រួចរាល់ យានខាងលើនេះនឹងត្រូវបន្តដំណើរនៅក្នុងបេសកកម្មទី ២ ទៅរកអាចម៍ផ្កាយមានលទ្ធភាពបង្កគ្រោះថ្នាក់ ដល់ផែនដីមួយទៀតនោះគឺ អាផូហ្វីស (Apophis) ដើម្បីសិក្សានៅជុំវិញវារយៈពេល ១៨ខែ (តែនឹងមិនមែនជាបេសកកម្មខួងយក sample ឡើយ ព្រោះឧបករណ៍វិទ្យាសាស្ត្រគ្រប់យ៉ាងត្រូវបានប្រើប្រាស់លើ Bennu អស់ហើយ)។ Apophis ត្រូវបានគេគណនាថា នឹងហោះមកកៀកភពផែនដីបំផុតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៩ ក្នុងគម្លាតតែ ៣១,០០០គីឡូម៉ែត្រប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២)

* សេចក្តីជូនដំណឹង៖ រៀងរាល់អត្ថបទរបស់ Cambo Space ត្រូវបានប្រែសម្រួល និងសរសេរ ដោយមានជំនាញច្បាស់លាស់ត្រឹមត្រូវ ព្រមទាំងជាការងារជាក្រុមរបស់យើងខ្ញុំផ្ទាល់។

ហេតុដូច្នេះការយកអត្ថបទពី Cambo Space ទៅផ្សព្វផ្សាយបន្ត រួមទាំងការអានបង្ហោះក្នុង Website, YouTube, Facebook, TikTok និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពី Cambo Space នោះគឺមានន័យស្មើនឹងការ «លួចចម្លង»

ប្រសិនបើលោកអ្នកចង់បានអត្ថបទ ឬវីដេអូទៅផ្សព្វផ្សាយបន្ត សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 070 666 553 ទាំងតាមរយៈការ Call និង Telegram សូមអរគុណ និងសូមជួយលើកស្ទួយតម្លៃនៃអ្នកសរសេរ អត្ថបទជាភាសាខ្មែរយើង

Comments (0)
Add Comment