«៥» សំនួរអំពីនេប៊ូឡា (Nebula) ដែលអ្នកចង់ដឹងជាយូរមកហើយ (យល់ដឹង)

(បរទេស)៖ នេះជាអ្វីដែលមានក្នុងមេរៀននៅសាលារួចទៅហើយ ប៉ុន្តែដើម្បីឆ្លើយតបនឹងសំនួររបស់បងប្អូនមួយចំនួន ទើបយើងធ្វើការស្រាវជ្រាវបន្ថែម ដោយយោងតាមឯកសារផ្លូវការពីបរទេស។

រូបភាព Carina Nebula ថតដោយតេឡេស្កូបអវកាស James Webb (រូបភាពពី NASA/ESA/CSA)

១៖ តើនេប៊ូឡា (Nebula) ឬនីប៊ុយឡា (អាចហៅថា Nebulae) ជាអ្វី?

សម្រាប់ចម្លើយដ៏សាមញ្ញបំផុតគឺ នេប៊ូឡាជាបណ្តុំនៃពពកធូលី និងឧស្ម័ន (cloud of dust and gas) ដ៏ធំសម្បើមនានានៅក្នុងទីអវកាស។ នេប៊ូឡាខ្លះបានកកើតឡើង ដោយសារតែឧស្ម័ន និងធូលី ដែលបន្សល់ទុកពីការផ្ទុះនៃផ្កាយ (supernova)និងការជះចេញដ៏កម្រោល នៃវត្ថុធាតុពីតារាយក្សនានា។ ហើយសម្រាប់នេប៊ូឡាខ្លះទៀត គឺជាកន្លែងដែលផ្កាយថ្មីៗកំពុងកកើតឡើងជាដើម។

២៖ តើ Nebula ចែកចេញជាប៉ុន្មានប្រភេទ?

ប្រសិនបើយើងរាប់ឲ្យអស់សេចក្តីនោះ Nebula ត្រូវបានចែកចេញជា ៥ ប្រភេទដូចជា៖

* Emission Nebula៖ ជាបណ្តុំពពកធូលី និងឧស្ម័ន បង្កើតឡើងដោយតារាក្តៅគគុកណាមួយ តាមរយៈការបញ្ចេញពន្លឺដោយខ្លួនឯង ក្នុងទម្រង់ជាប្រវែងរលកអុបទិច (optical wavelengths) ហើយ Nebula ប្រភេទនេះតែងមានម៉ាសចាប់ពី ១០០ – ១០,០០០ ដង នៃម៉ាសព្រះអាទិត្យយើង។

* Reflection Nebula៖ ជាបណ្តុំពពកធូលី និងឧស្ម័័ននៅទីអវកាស ដែលមិនអាចបញ្ចេញពន្លឺដោយខ្លួនឯង បាននោះឡើយ ព្រោះតែការគ្មានលទ្ធភាពបង្កើតចំហេះអ៊ីដ្រូសែន។ វាអាចភ្លឺ និងឲ្យយើងអង្កេតដឹង ព្រោះតែផ្កាយនៅជិត និងជះពន្លឺទៅលើ Nebula ប្រភេទនោះ។

* Dark Nebula៖ ឬអាចហៅម្យ៉ាងទៀតថា absorption nebula គឺជាបណ្តុំពពកធូលី និងឧស្ម័ននៅទីអវកាស ដែលមានសភាពក្រាស់ឃ្មឹក រហូតដល់អាចបិទបាំងពន្លឺផ្កាយនានា ដែលស្ថិតនៅខាងក្រោយវាបាន។ យើងក៏អាចមើលឃើញ nebula ប្រភេទនេះដែរ ដោយការសម្លឹងទៅកាន់តារានិករ Sagittarius ដែលស្ថិតនៅម្តុំចំណុចកណ្តាល នៃកាឡាក់ស៊ី Milky Way។

* Planetary Nebula៖ ជាបំភាយឧស្ម័នចេញពីក្រុមផ្កាយយក្សក្រហម (Red Giant Star) នានា នៅពេលពួកវាជិតផុតរលត់អាយុជីវិត ហើយបំភាយឧស្ម័នទាំងនោះ បានប្រមូលផ្តុំ និងពង្រីកខ្លួនក្លាយជា planetary nebula។ ការប្រើពាក្យ Planetary នេះ មិនមានអ្វីពាក់ព័ន្ធនឹងភពនោះឡើយ។

* Supernova Remnants៖ ជាបណ្តុំពពកធូលី និងឧស្ម័ន ដែលកើតចេញពីការផ្ទុះស្លាប់ នៃផ្កាយយក្ស ហើយ nebula ប្រភេទនេះអាចរក្សាវត្តមានបានរាប់សែនឆ្នាំ បន្ទាប់ពីបន្ទុះ supernova ដែលបានបង្កើតវាឡើងនោះ។

(រូបភាពពីបរទេស)

៣៖ តើផ្កាយធំដល់កម្រិតណាដែលអាចបង្កើតចេញជា Nebula តាមរយៈការផ្ទុះនោះ?

Nebula តូចបំផុតមួយ (ភាសាបច្ចេកទេសហៅថា planetary nebula) ក៏អាចត្រូវបានបង្កើតឡើង ដោយការផ្ទុះនៃផ្កាយតូចៗដែលម៉ាសចាប់ពី ១-៨ ដង នៃម៉ាស់របស់ព្រះអាទិត្យយើង។

៤៖ តើ Planetary Nebula និងកាកសំណល់នៃបន្ទុះ Supernova ដូចគ្នាដែរឬទេ?

ពិតជាមិនដូចគ្នាទេ។ Planetary Nebula គឺបង្កើតឡើងដោយសារតែ តារាមានម៉ាសតូចណាមួយ (១-៨ ដង នៃម៉ាសព្រះអាទិត្យយើង) ខណៈ Supernova វិញ គឺជាបន្ទុះនៃផ្កាយយក្សមួយ។ ភាពខុសគ្នានោះ គឺ Planetary Nebula មិនមែនកើតចេញពីការផ្ទុះនៃផ្កាយ (Supernova) នោះឡើយ ដោយវាត្រឹមជាការផ្ទះជះស្រទាប់ក្រៅនៃតារាតូចណាមួយ ទៅកាន់ទីអវកាសជុំវិញវា នៅពេលដែលស្នូលរបស់វាដួលរលំ ក្លាយជាផ្កាយតូចពណ៌សប៉ុណ្ណោះ។

រូបភាព Nebula ឈ្មោះ W49b បន្សល់ទុកដោយបន្ទុះ Supernova និងត្រូវបានថតដោយតេឡេស្កូប Chandra X-ray (រូបភាពពី NASA)

៥៖ តើ Nebula ជិតប្រព័ន្ធព្រះអាទិត្យយើងបំផុតមានចម្ងាយប៉ុន្មាន?

Nebula ដែលស្ថិតនៅកៀកផែនដីយើងបំផុតមានឈ្មោះថា Helix ដោយវាមានចម្ងាយជិត ៧០០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ជាមួយនឹងអាយុកាល ១០,៦១០ឆ្នាំ។ Helix Nebula ជាកាកសំណល់នៃផ្កាយស្លាប់មួយ ហើយទំហំមុខកាត់របស់ Nebula មួយនេះ គឺ ៥.៧៤ឆ្នាំពន្លឺ។

រូបភាព Helix Nebula ថតដោយឡេស្កូបអវកាស Chandra X-ray (រូបភាពពី NASA)

សម្រាប់ការអង្កេតរកមើល Helix Nebula ដែលមានរូបរាងស្រដៀងនឹង «កែវភ្នែក» គឺអាចថាពិបាកផង និងស្រួលផង។ ភាពងាយស្រួលនោះ គឺវានៅជិតយើងជាងគេ ហើយភាពលំបាកនោះ គឺដោយសារតែវាមានពន្លឺខ្សោយ ដែលតម្រូវឲ្យយើងស្គាល់ទីតាំងច្បាស់លាស់ និងមានតេឡេស្កូបសមល្មមមួយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/Astronomy/NASA (ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២)

Comments (0)
Add Comment