(អាមេរិក)៖ អង្គការអវកាសធំជាងគេលើពិភពលោក NASA ទើបបានតែបានទទួល សេចក្តីប្រកាសអំពីកញ្ចប់ថវិកា ដែលខ្លួននឹងទទួលបានសម្រាប់ប្រើប្រាស់នៅឆ្នាំ ២០២៣ ខាងមុខនេះ ប៉ុន្តែតួលេខដែលត្រូវបានប្រកាសនោះ គឺតិចជាងចំនួនដែលសេតវិមានលោក ចូ បៃដិន បានស្នើទៅកាន់អង្គសភាអនុម័តបន្តិច។
សភាអាមេរិកបានអនុម័តកញ្ចប់ថវិកាសរុប ២៥.៣៨៤ ពាន់លានដុល្លារ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់អង្គការ NASA ប្រើប្រាស់នៅក្នុងឆ្នាំ ២០២៣ ក្នុងនោះក៏មានការយល់ព្រមឲ្យផលិត យានអវកាសទី ២ សម្រាប់ចុះចតលើឋានព្រះចន្ទ នៅក្នុងបេសកកម្ម Artemis បន្ថែមពីលើនាវាអវកាស Starship របស់ក្រុមហ៊ុន SpaceX ផងដែរ។
ទោះជាបែបនេះក្តី ថវិកាខាងលើនេះត្រូវបានគេមើលឃើញថា តិចជាងការស្នើរបស់សេតវិមានលោក ចូ បៃដិន ទៅកាន់សភាកាលពីខែមីនា ឆ្នាំ២០២២ ដែលចង់បានរហូតដល់ទៅជិត ២៦ពាន់លានដុល្លារអាមេរិក។
សម្ព័ន្ធក្រុមហ៊ុនចំនួន ២ក្រុម បានដាក់ពាក្យទៅកាន់អង្គការ NASA ដើម្បីទទួលបន្ទុកក្នុងការផលិតយានអវកាសទី ២ (Human Landing Services) សម្រាប់បេសកកម្ម Artemis ក្នុងនោះរួមមានក្រុមហ៊ុន Blue Origin ជាអ្នកដឹកនាំក្រុមឈ្មោះ «National Team» ដែលមានសមាជិកដូចជា Lockheed Martin, Draper, Boeing, Astrobotic និង Honeybee Robotics។ ដោយឡែកក្រុមមួយទៀត គឺមានក្រុមហ៊ុន Northrop Grumman ដែលស្ថិតក្រោមការដឹកនាំដោយក្រុមហ៊ុន Leidos Dynetics។
សភាអាមេរិកបានស្នើឲ្យអង្គការ NASA ជ្រើសរើសក្រុមហ៊ុនទី ២ បន្ថែមពីលើ SpaceX ដែលត្រូវបានជ្រើសរើសជាក្រុមហ៊ុនទី ១ សម្រាប់គម្រោង Human Landing Services របស់បេសកកម្ម Artemis ខណៈការជ្រើសរើសយកតែ SpaceX មួយកាលអំលុងឆ្នាំ ២០២០ និង ២០២១ នោះបានបង្កឲ្យក្រុមហ៊ុនផ្សេងៗទៀត ជាពិសេសគឺ Blue Origin របស់មហាសេដ្ឋី Jeff Bezos ដាក់ពាក្យតវ៉ាយ៉ាងខ្លាំង។
គួរបញ្ជាក់ថា ក្រោយគម្រោង Artemis 1 បានសម្រេចជោគជ័យរួចទៅហើយ កាលពីដើមខែធ្នូ ឆ្នាំ២០២២, បេសកកម្ម Artemis 2 ដែលត្រូវនាំមនុស្សទៅកាន់ព្រះចន្ទ នឹងកើតមានឡើងនៅឆ្នាំ ២០២៤ តែវានឹងមិនមែនជាការចុះចតនៅទីនោះឡើយ ដោយយានអវកាសរបស់ NASA នឹងដឹកក្រុមអវកាសយានិក ទៅគោចរជុំវិញព្រះចន្ទ រួចទើបត្រលប់មកកាន់ផែនដីវិញ។ ប្រសិនបើបេសកកម្មនៅឆ្នាំ ២០២៤ នោះ ដំណើរការរលូនតាមផែនការ អង្គការ NASA នឹងបញ្ជូនអវកាសយានិកជាថ្មីនៅឆ្នាំ ២០២៥ ឬ ២០២៦ ដើម្បីឲ្យទៅចុះចតនៅតំបន់ក្បែរប៉ូលខាងត្បូងព្រះចន្ទ ដែលជាបេសកកម្ម Artemis 3៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space News (ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២)