(បរទេស)៖ មានតែអង្គការ NASA មួយប៉ុណ្ណោះ ដែលបានបញ្ជូនយានអវកាសចេញទៅឆ្ងាយ រហូតដល់ខ្លះអាចឆ្លងទៅកាន់តំបន់អន្តរអវកាស ដែលជាភាសាអង់គ្លេសហៅថា «Interstellar Space» ហើយមិនបាច់ប្រាប់ក៏លោកអ្នកបានដឹងដែរថា នោះគឺជាយានអវកាស វ៉ូយែជើរ ១ (Voyager 1) និង វ៉ូយែជើរ ២ (Voyager 2) នោះឯង។
ប៉ុន្តែលោកអ្នកមួយចំនួនប្រហែលជាមិនធ្លាប់បានដឹងទេថា NASA ក៏មានយានអវកាស ៣ គ្រឿងទៀត ដែលកំពុងស្ថិតនៅឆ្ងាយៗពីភពផែនដីផងដែរ នោះគឺ ផាយអូនៀ ១០ (Pioneer 10), ផាយអូនៀ ១១ (Pioneer 11) និង ញូ ហឺរ៉ាយហ្សូន (New Horizons) ខណៈយាន ២ ក្នុងចំណោមយាន ៣ នេះ លែងបញ្ជូនសញ្ញាមកកាន់ផែនដីជាយូរឆ្នាំមកហើយ។
តើយានអវកាសទាំង ៥ គ្រឿងខាងលើនេះ ទៅដល់ណាខ្លះហើយនៅក្នុងទីអវកាស គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣?
* យាន Voyager 1 និង Voyager 2
យានអវកាសនេះសុទ្ធតែស្ថិតនៅក្នុងដំណើរទៅក្នុងទីអវកាស អស់រយៈពេលជាង ៤៥ឆ្នាំមកហើយ និងបានឆ្លងកាត់ព្រំដែននៃប្រព័ន្ធព្រះអាទិត្យ (heliopause) រួចទៅហើយដែរ។ Heliopause ជាតំបន់ដែលភាគល្អិតជះចេញពីព្រះអាទិត្យអស់ឥទ្ធិពល ហើយ Voyager 1 បានឆ្លងផុតតំបន់នេះកាលពីឆ្នាំ ២០១២ និង Voyager 2 កាលពីឆ្នាំ ២០១៨។
មនុស្សភាគច្រើនប្រាកដជាធ្លាប់បានដឹងហើយថា នៅក្នុងលើខ្លួនយាន Voyager ទាំង ២ សុទ្ធតែមានបំពាក់បន្ទះឌីសមាស (The Voyager Golden Records) ដែលបង្កប់នូវព័ត៌មានជាច្រើនអំពីផែនដីដូចជា តន្ត្រី, បច្ចេកវិទ្យា, ម្ហូបអាហារ, ផែនទី និងភាពរីកចំរើនផ្សេងៗទៀត នៃអរិយធម៌មនុស្សលោក ដោយស្ថិតនៅក្នុងន័យបង្ហាញវត្តមានរបស់យើងទៅកាន់កាឡាក់ស៊ីមួយនេះ។ ប្រសិនបើមានជីវិតឆ្លាតវ័យណាមួយ អាចចាប់បានយាន Voyager ទាំង ២ ហើយបកស្រាយអ្វីដែលមានក្នុងបន្ទះឌីសមាសនោះ ពួកគេនឹងអាចរកឃើញផែនដីយើងមិនខាន។
ក្រៅពីការថតរូបភាពភព និងព្រះចន្ទនានាក្នុងប្រព័ន្ធព្រះអាទិត្យតាមរយៈការហោះកាត់ប្រព័ន្ធ ភពព្រហស្បតិ៍, សៅរ៍, អ៊ុយរ៉ានុស និងណិបទូននោះ Voyager ទាំង ២ ក៏បានវាស់ស្ទង់បរិស្ថាន នៅក្នុងតំបន់ជាយៗប្រព័ន្ធព្រះអាទិត្យ និងនៅតំបន់ Interstellar Space ដើម្បីស្វែងយល់អំពីភាគល្អិតដែលអាចមានវត្តមាននៅក្នុងបរិស្ថានឆ្ងាយៗទាំងនោះផងដែរ។
របកគំហើញដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅតំបន់ Interstellar Space នោះ គឺពីដំបូងឡើយយើងធ្លាប់សន្និដ្ឋានថា ពេលទៅកាន់តែឆ្ងាយពីព្រះអាទិត្យនោះ ការជះចេញនូវធាតុផ្លាស្មា (plasma) ពីព្រះអាទិត្យនឹងមានកំហាប់កាន់តែខ្សោយ ប៉ុន្តែ Voyager ទាំង ២ បែរជាបានរកឃើញថា កំហាប់ផ្លាស្មាគឺកាន់តែខ្លាំង នៅក្រោយពេលពួកវាឆ្លងកាត់ច្រកព្រំដែន Heliopause ទៅវិញ។
គួរបញ្ជាក់ថា កាមេរ៉ាលើយាន Voyager ទាំង ២ ត្រូវបានបិទដំណើរការអស់រាប់ទសវត្សរ៍មកហើយ ដើម្បីសន្សំសំចៃថាមពល ហើយគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ យាន Voyager 1 កំពុងស្ថិតនៅចម្ងាយជាង ២៣.៨២ពាន់លានគីឡូម៉ែត្រពីផែនដី ឬស្មើនឹងចម្ងាយ ២២ ម៉ោង និង ៤នាទីនៃពន្លឺ។ ដោយឡែក Voyager 2 វិញកំពុងស្ថិតនៅចម្ងាយជាង ១៩.៨៣ពាន់លានគីឡូម៉ែត្រពីផែនដី ឬស្មើនឹង ១៨ ម៉ោង និង ៣៧នាទីនៃពន្លឺ។ NASA គ្រោងបន្តជីវិតយានទាំង ២ នេះឲ្យដល់ខួបទី ៥០ឆ្នាំ របស់ពួកវា។
* យាន Pioneer 10 និង Pioneer 11
គិតមកទល់នឹងពេលនេះ យានអវកាសទាំង ២ បានចាកចេញពីភពផែនដី អស់រយៈពេល ៥០ឆ្នាំហើយ ខណៈសញ្ញាចុងក្រោយរបស់ Pioneer 10 ត្រូវបានបញ្ជូនមកកាន់ផែនដីកាលពីឆ្នាំ ២០០៣ និង Pioneer 11 កាលពីឆ្នាំ ១៩៩៥។ យានទាំង ២ បានដាច់ទំនាក់ទំនងពីយើងអស់រាប់ទសវត្សរ៍មកហើយ។
យានអវកាស Pioneer ទាំង ២ គ្រឿងក៏មិនខុសពីយានអវកាស Voyager ទាំង ២ គ្រឿងនោះដែរ ដោយពួកវាបានក្លាយជានិមិត្តរូបមួយ ដែលមនុស្សលើភពផែនដីបានបញ្ជូនទៅកាន់ទីអវកាស បើទោះបីជាយើងមិនអាចបញ្ជា ឬទទួលសញ្ញាពីពួកវាទៀតដូចជាបងប្អូន Voyagers នោះក៏ដោយ។
គួរបញ្ជាក់ថា នៅពេលដែលយានអវកាសមួយ ត្រូវបានកំណត់ឲ្យស្ថិតនៅក្នុងគន្លងផ្លូវ ដើម្បីចាកចេញពីប្រព័ន្ធព្រះអាទិត្យនោះ តាមច្បាប់រូបវិទ្យាវានឹងបន្តចល័តទៅមុខជានិច្ច លុះត្រាតែមានអ្វីមួយ មកផ្លាស់ប្តូរគោលដៅរបស់វា។ ដោយសារតែពួកវាបានបាត់បង់ដំណឹង រាប់ទសវត្សរ៍មកហើយនោះ ទើបក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA បានកំណត់ថា វាបានឆ្លងផុតប្រព័ន្ធព្រះអាទិត្យដូច Voyager ទាំង ២ ទៅហើយ។
យានអវកាស Pioneer 10 ដែលចាកចេញពីផែនដីនៅខែមីនា ឆ្នាំ១៩៧២ និង Pioneer 11 នៅខែមេសា ឆ្នាំដូចគ្នា ក៏មានបំពាក់នូវបន្ទះ (plaque) ផ្ទុកព័ត៌មានអំពីផែនដីរៀងៗខ្លួនផងដែរ ខណៈពួកវាកំពុងហៅសំដៅទៅរកទីតាំង នៅតំបន់តារានិករផ្កាយ សាជីតតារឹស (Sagittarius) ដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ី Milky Way។ គោលបំណងក្នុងការបំពាក់នេះ ក៏មិនខុសពីបន្ទះឌីសមាសនៅលើយាន Voyager ទាំង ២ នោះដែរ។
* យានអវកាស New Horizons
ជាប្អូនពៅគេនៃស៊េរីយានអវកាស ដែលត្រូវបាន NASA បញ្ជូនទៅកាន់ទីអវកាសឆ្ងាយៗ។ New Horizons បានចាកចេញពីផែនដីនៅដើមឆ្នាំ ២០០៦ និងបានទៅដល់ភព ភ្លូថូ (Pluto) នៅខែកក្កដា ឆ្នាំ២០១៥ ដែលជាគោលដៅចម្បង។ ប៉ុន្តែយានអវកាសនេះក៏ត្រូវបានរចនាឡើង ដើម្បីឲ្យអាចធ្វើដំណើរទៅស្រាវជ្រាវ បរិស្ថាននៅចុងប្រព័ន្ធព្រះអាទិត្យផងដែរ។
ជាក់ស្តែងយាននេះ បានបញ្ចប់ការគោចរជុំវិញវត្ថុអវកាសដ៏ធំមួយឈ្មោះ អារ៉ូកូស (Arrokoth) ស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ខៃភើ (Kuiper Belt) កាលពីឆ្នាំ ២០១៩ ដែលជាលើកដំបូងក្រោយពីអង្គការ NASA បានសម្រេចអូសបន្លាយពេលធ្វើប្រតិបត្តិការរបស់វា។
សម្រាប់់ការបន្តប្រតិបត្តិការយាននេះជាថ្មី គឺត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដោយផ្តោតសំដៅលើការស្រាវជ្រាវតំបន់ Kuiper Belt ដំណាក់កាលទី ២។ ក្រុមការងារ NASA កំពុងប្រើប្រាស់ New Horizons ដើម្បីធ្វើជាកែវភ្នែកសម្លឹងមើលតំបន់ Kuiper Belt ខណៈដែលឧបករណ៍វិទ្យាសាស្ត្រនានាលើភពផែនដី មិនអាចធ្វើបានឡើយ។
New Horizons នឹងបន្តការសិក្សាទៅលើអាថ៌កំបាំងនៃពន្លឺ និងអាតូមនានានៅតំបន់ខាងលើនេះ ព្រមទាំងសារធាតុទាំងឡាយ និងធូលី ដែលត្រូវបានជះចេញពីព្រះអាទិត្យយើងទៅកាន់ទីនោះ តាមរយៈឥទ្ធិពលនៃព្យុះព្រះអាទិត្យ (Solar Storm)។ បច្ចុប្បន្ន New Horizons កំពុងស្ថិតនៅចម្ងាយជាង ៨.៣៦ពាន់លានគីឡូម៉ែត្រពីផែនដី ហើយយោងតាមសុខភាពរបស់យានអវកាសនេះ NASA បានរំពឹងទុកជាមុនរួចហើយថា វានឹងអាចបន្តប្រតិបត្តិការរហូតដល់ទសវត្សរ៍ ២០៤០ ឯណោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣)
* សេចក្តីជូនដំណឹង៖ រៀងរាល់អត្ថបទរបស់ Cambo Space ត្រូវបានប្រែសម្រួល និងសរសេរ ដោយមានជំនាញច្បាស់លាស់ត្រឹមត្រូវ ព្រមទាំងជាការងារជាក្រុមរបស់យើងខ្ញុំផ្ទាល់។
ហេតុដូច្នេះការយកអត្ថបទពី Cambo Space ទៅផ្សព្វផ្សាយបន្ត រួមទាំងការអានបង្ហោះក្នុង Website, YouTube, Facebook, TikTok និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពី Cambo Space នោះគឺមានន័យស្មើនឹងការ «លួចចម្លង»។
ប្រសិនបើលោកអ្នកចង់បានអត្ថបទ ឬវីដេអូទៅផ្សព្វផ្សាយបន្ត សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 070 666 553 ទាំងតាមរយៈការ Call និង Telegram។ សូមអរគុណ និងសូមជួយលើកស្ទួយតម្លៃនៃអ្នកសរសេរ អត្ថបទជាភាសាខ្មែរយើង៕