(អាមេរិក)៖ អង្គការ NASA និង ESA បានបង្ហាញចេញនូវខ្សែវីដេអូ ថតបាននៅថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ (ពេលវេលានៅអាមេរិក) អំពីសកម្មភាពជះចេញនូវ អណ្តាតភ្លើងពីស្រទាប់លើនៃព្រះអាទិត្យ (solar flares) ដ៏កញ្ជ្រោលបំផុត និងមានរយៈពេលរហូតដល់ទៅ ៦ម៉ោងឯណោះ ហើយវាត្រូវបានអង្កេតដោយតេឡេស្កូបអវកាសនៃមន្ទីរអង្កេតតារា Solar and Heliospheric Observatory (SOHO) របស់ NASA និង ESA។
វាជាបាតុភូតមួយមានឈ្មោះថា ការជះចេញនូវអណ្តាតភ្លើងពីស្រទាប់ខូរ៉ូណា (CME) ពីព្រះអាទិត្យ ហើយលើកនេះពិតជាសំណាងល្អបំផុតហើយ ដែលវាបានជះចេញពីផ្នែកម្ខាងទៀតនៃព្រះអាទិត្យ ដែលមិនបែរមករកភពផែនដីយើង ហេតុដូច្នេះភពផែនដីនឹងមិនរងគ្រោះដោយ solar flares ទាំងនោះឡើយ។
គួរបញ្ជាក់ថា CME (coronal mass ejection) គឺជាបាតុភូតនៃការជះចេញនូវភាគល្អិត ផ្ទុកបន្ទុកអគ្គិសនី (charged particles) ពីស្រទាប់បរិយាកាសផ្នែកខាងលើរបស់ព្រះអាទិត្យ នោះគឺស្រទាប់ខូរ៉ូណា (Corona)។ ទាំងតេឡេស្កូបអវកាស និងលើដីរបស់អង្គការ NASA និង ESA តែងតែតាមដានជាប់ជានិច្ច អំពីសកម្មភាពរបស់ព្រះអាទិត្យ ដើម្បីជូនដំណឹងអំពីចលនាប្រែប្រួលដ៏ឆាប់រហ័ស របស់ដុំបាល់ភ្លើងពណ៌លឿងមួយនេះ។
យ៉ាងណាក៏ដោយ ប្រសិនបើ CME ខាងលើនេះ ជះមកកាន់មកភពផែនដីវិញនោះ ភាគល្អិតបញ្ចញពីវានឹងអាចមកដល់ភពយើង នៅក្នុងរយៈពេល ២ – ៣ថ្ងៃ ហើយបាតុភូតបែបនោះហើយ ដែលតែងតែបានបង្កើតបាតុភូតពន្លឺអូរ៉ូរ៉ា (Aurora) ដ៏ស្រស់ស្អាតនៅប៉ូលខាងជើង និងខាងត្បូងភពផែនដីនោះឯង ប៉ុន្តែសម្រាប់ផលអាក្រក់វិញនោះ គឺវានឹងបង្កឲ្យដាច់ចរន្តអគ្គិសនីលើផែនដី, រំខានដល់ប្រព័ន្ធ GPS និងផ្កាយរណបនានារងផលប៉ះពាល់ ឬអាចឈានដល់ខូចតែម្តង។ ដោយឡែកសម្រាប់ពន្លឺបង្កើតឡើងដោយ solar flares ទាំងនោះ នឹងមកដល់ផែនដីតែក្នុងរយៈពេល ៨នាទីប៉ុណ្ណោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងវីដេអូ៖ SPACE/NASA/ESA