(បរទេស)៖ ការមកដល់នៃផ្កាយដុះកន្ទុយ ZTF (Comet C/2022 E3) នឹងអាចឲ្យមនុស្សម្នាមើលឃើញ លើផ្ទៃមេឃភពផែនដីដោយភ្នែកទទេ (មិនចាំបាច់មានកែវយឺត ឬតេឡេស្កូបជំនួយក៏បាន) ចាប់ពីចុងខែមករា ដល់ដើមខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ខណៈដែលវាកំពុងរំកិលទៅកៀកនឹងព្រះអាទិត្យ។
ZTF ទើបតែត្រូវបានរកឃើញដោយតារាវិទូ Frank Masci និង Bryce Bolin តាមរយៈតេឡេស្កូប Zwicky Transient Facility ស្ថិតនៅក្នុងមន្ទីរអង្កេតតារា Palomar Observatory នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីកំលុងខែមីនា ឆ្នាំ២០២២ ប៉ុណ្ណោះ ហើយនេះក៏លើកទី ១ ក្នុងរយៈពេល ៥០,០០០ឆ្នាំផងដែរ ដែលផ្កាយដុះកន្ទុយមួយនេះចល័តមកកៀកភពផែនដីម្តងទៀត។
បើគិតពីរយៈពេល ៥០,០០០ឆ្នាំមុនវិញនោះ គឺភពផែនដីរបស់យើងកំពុងតែស្ថិតនៅក្នុងយុគទឹកកក (ice-age) ដែលអំបូរមនុស្ស Neanderthals (ធ្លាប់រស់នៅលើទ្វីបអឺរ៉ុប និងអាស៊ី) ចាប់ផ្តើមឈានទៅរកការផុតពូជ រហូតដល់ផុតពូជទាំងស្រុងតែម្តង កាលពីអំលុង ៣៥,០០០ឆ្នាំមុន ហើយក៏ជាពេលជាមួយគ្នាដែលអំបូរមនុស្ស Homo sapiens កំពុងពង្រីកវត្តមានពីទឹកដីកំណើតរបស់ពួកគេនៅទ្វីបអាហ្វ្រិក ទៅកាន់ទ្វីបនានាទូទាំងភពផែនដីផងដែរ។
រូបភាពពិសេសៗដូចដែលត្រូវបានបង្ហាញក្នុងអត្ថបទនេះ ត្រូវបានផ្តិតយកដោយក្រុមអ្នកជំនាញ ដោយប្រើប្រាស់ម៉ាស៊ីនថតរូបគុណភាពខ្ពស់ និងតេឡេស្កូបផងដែរ។ ផ្កាយដុះកន្ទុយ C/2022 E3 ឬ ZTF នេះ កំពុងបញ្ចេញពន្លឺពណ៌បៃតង ដោយសារតែម៉ូលេគុលឌីកាបូន (C2) នៅក្នុងខ្លួនវា ព្រមទាំងការធ្វើប្រតិកម្មនៃសារធាតុនានាលើខ្លួនវា ជាមួយនឹងពន្លឺព្រះអាទិត្យ។
គួរបញ្ជាក់ថា ZTF នឹងគោចរមកដល់ចំណុចកៀកភពផែនដីយើងបំផុត នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនិងគម្លាតតែ ៤២លានគីឡូម៉ែត្រប៉ុណ្ណោះពីភពរបស់យើង ហើយការមើលឃើញវាដោយភ្នែកទទេជាបណ្តើរៗ នឹងកើតឡើងចាប់ពីចុងខែមករា ខាងមុខនេះ។ ដោយឡែកក្រុមការងារ Virtual Telescope Project នឹងធ្វើការ livestream លើផ្កាយដុះកន្ទុយ C/2022 E3 នោះចាប់ពីថ្ងៃទី១២ ខែមករា តទៅតាមរយៈឆាណែល YouTube របស់ខ្លួនមានឈ្មោះថា The Virtual Telescope Project។
មិនមែនគ្រប់ទីតាំងលើផែនដីនឹងអាចមើលឃើញវត្តមានរបស់ C/2022 E3 ដោយភ្នែកទទេនោះឡើយ លុះត្រាណាតែទីតាំងទាំងនោះអាចជំនះនឹងពន្លឺទីក្រុងរំខាន និងមានផ្ទៃមេឃដ៏ស្រឡះល្អ ដែលអាចឲ្យពន្លឺដ៏ខ្សោយរបស់ផ្កាយដុះកន្ទុយនោះ បង្ហាញវត្តមានលើផ្ទៃមេឃពេលងងឹតបាន។ សម្រាប់តំបន់ដែលអាចមើលឃើញ ZTF នោះគឺដែនដីនៅកៀកនឹងប៉ូលខាងជើងផែនដីដូចជា រដ្ឋអាឡាស្កា នៃសហរដ្ឋអាមេរិក, ប្រទេសកាណាដា, រុស្ស៊ី, ន័រវែស, អ៊ីស្លង់ និងកោះ Greenland ដោយនៅពេលរាត្រីក្រុមអ្នកតាមដាន អាចសម្លឹងទៅរកផ្ទៃមេឃត្រង់តារានិករ Camelopardalis៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២២)