(អាមេរិក)៖ រឿងខាតបង់ប្រាក់រាប់រយពាន់លានដុល្លារនោះ សូមទុកមួយឡែកសិនទៅ ដោយពេលនេះមហាសេដ្ឋីអាមេរិកលោក Elon Musk បានប្រកាសអ្វីមួយដែលអ្នកស្នេហាវិស័យអវកាស និងវិទ្យាសាស្ត្របានទន្ទឹងរង់ចាំជាយូរយាណាស់មកហើយ នោះគឺការធ្វើតេស្តនាវាអវកាស Starship ជាថ្មី។ យានអវកាសដ៏ធំរបស់ SpaceX នេះ អាចនឹងធ្វើដំណើរទៅកាន់គន្លងគោចរជុំវិញភពផែនដីជាលើកដំបូងនៅខែក្រោយ ប្រសិនបើអ្វីៗដំណើរការទៅមុខតាមផែនការ។
អស់រយៈពេលជាច្រើនខែមកហើយ SpaceX បានត្រៀមលក្ខណៈសម្រាប់ការហោះហើរសាកល្បង នៅក្នុងគន្លងគោចរជុំវិញផែនដីជាលើកដំបូង មិនធ្លាប់មានរបស់ Starship ដែលជាប្រព័ន្ធដឹកជញ្ជូនមនុស្ស និងទំនិញទៅកាន់អវកាសឆ្ងាយៗ នៃក្រុមហ៊ុនឯកជននៅអាមេរិកមួយនេះ។ ឥឡូវនេះ SpaceX ប្រហែលជាកំពុងសម្ងំរៀបចំការងារយ៉ាងសស្រាក់សស្រាំ ដែលនឹងអនុញ្ញាតឱ្យ Starship ហោះចេញពីផ្ទៃដីក្នុងរយៈពេលត្រឹមតែ ៦ សប្តាហ៍ទៀតប៉ុណ្ណោះ គិតចាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តទៅ។
ស្ថាបនិក និងជានាយកប្រតិបត្តិ SpaceX លោក Elon Musk បានបង្ហោះសារលើគណនី Twitter របស់លោកកាលពីថ្ងៃទី០៨ ខែមករា ថា «យើងចង់បានការធ្វើតេស្តពិតប្រាកដនៅចុងខែកុម្ភៈ។ ហើយការប៉ុនប៉ងធ្វើតេស្តនៅខែមីនា ក៏ហាក់ដូចជាមានលទ្ធភាពខ្ពស់ផងដែរ (ក្នុងករណីមានភាពយឺតយ៉ាវ នៅចុងខែកុម្ភៈ)»។ នេះជាការឆ្លើយតបរបស់លោក Musk ទៅនឹងការសន្និដ្ឋានមួយដែលថា SpaceX គ្រោងធ្វើតេស្ត Starship នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា SpaceX បានអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន Starship ចេញមក ស្ថិតនៅក្នុងគោលបំណងដឹកជញ្ជូនមនុស្ស និងទំនិញទៅកាន់ទីអវកាសឆ្ងាយៗ ជាពិសេសគឺឋានព្រះចន្ទ និងភពព្រះអង្គារ (Mars)។ ប្រព័ន្ធ Starship មានផ្នែកធំៗចំនួន ២ នោះគឺទី ១ ជាប្រព័ន្ធរ៉ុក្កែតរុញច្រានដំណាក់កាលទី១ (first-stage booster) ដែលយើងស្គាល់ថា Super Heavy ដែលមានកម្ពស់ ៧០ម៉ែត្រ និងតួនាវា Starship ដែលមានកម្ពស់ ៥០ម៉ែត្រ (សរុប ១២០ម៉ែត្រ) ដែលសុទ្ធតែជារបស់អាចប្រើប្រាស់ឡើងវិញ (reusable)។ ខាងក្រោមនេះជាវីដេអូ animation អំពីការធ្វើតេស្ត Ship 24៖
សម្រាប់ដំណើរការជារួមក្នុងការធ្វើតេស្តលើកនេះវិញ រ៉ុក្កែត Super Heavy ត្រូវបានដាក់ឈ្មោះថា Booster 7 ហើយ Starship វិញមានឈ្មោះថា Ship 24 ហើយការធ្វើតេស្តនឹងកើតឡើងមូលដ្ឋាន Starbase ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រនៃរដ្ឋ Texas ភាគខាងត្បូងសហរដ្ឋអាមេរិក។ នៅក្នុងដំណើរការនោះ Booster 7 នឹងរុញច្រាន Ship 24 ឲ្យផុតពីផ្ទៃដីទៅកាន់គន្លងគោចរផែនដី រួចទើបវាទម្លាក់ខ្លួនមកវិញ ខណៈ Ship 24 នឹងបន្តធ្វើដំណើរគោចរជុំវិញផែនដីជិតមួយជុំ ទើបទម្លាក់ខ្លួនលើផ្ទៃសមុទ្រក្បែរកោះ Kauai នៃរដ្ឋហាវ៉ៃ ក្នុងសមុទ្រប៉ាស៊ីហ្វិក។
គួររំលឹកថា វានឹងក្លាយជាលើកដំបូងគិតចាប់តាំងពីថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២១ ដែល SpaceX ចាប់ផ្តើមធ្វើតេស្ត Starship ឡើងវិញ។ កាលណោះ Starship (SN15) ត្រូវបានកំណត់ឲ្យធ្វើតេស្តជំហានទី ១ ដោយការហោះឡើងទៅកាន់ផ្ទៃមេឃរដ្ឋ Texas បានរយៈកម្ពស់ ១០គីឡូម៉ែត្រ រួចទើបទម្លាក់ខ្លួនមកចុះចតលើមូលដ្ឋាន Starbase វិញតាមរយៈម៉ាស៊ីនទាំង ៣ របស់វាដោយសុវត្ថិភាព៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២២)