ប្រទេសចិនសិក្សាឥទ្ធិពល «អណ្តាតភ្លើងព្រះអាទិត្យ» នៅក្នុងមន្ទីរពិសោធន៍

(ប៉េកាំង)៖ អណ្តាតភ្លើងព្រះអាទិត្យ (Solar Flare) ដែលអាចបង្កទៅជាព្យុះព្រះអាទិត្យ (Solar Storm) រាលដាលពាសពេញប្រព័ន្ធទាំងមូលនោះ តែងតែស្ថិតក្នុងក្តីកង្វល់ដ៏ធំធេង ពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រលើផែនដី ខណៈការព្យាករណ៍ទុកជាមុន អំពីការកកើតបាតុភូតដ៏អាក្រក់ចេញពីស្រទាប់បរិយាកាស ខូរ៉ូណា (Corona) របស់ព្រះអាទិត្យនោះ នៅតែជាបេសកកម្មដ៏លំបាកជាទីបំផុត។

មិនថាតែអង្គការ NASA របស់សហរដ្ឋអាមេរិក និង ESA របស់អឺរ៉ុបប៉ុណ្ណោះទេ ដែលកំពុងសិក្សាអំពីសកម្មភាពព្រះអាទិត្យ ដោយសូម្បីតែប្រទេសចិនដែលកំពុងមានវិស័យអវកាស និងវិទ្យាសាស្ត្ររីកចម្រើនខ្លាំងនោះ ក៏ចាត់ទុកបញ្ហា Solar Flare និង Solar Storm នេះ ជាប្រធានបទចម្បងរបស់ខ្លួនផងដែរ។ ជាក់ស្តែងចិនពេលនេះ កំពុងតែធ្វើការសិក្សាអំពីឥរិយាបថ និងឥទ្ធិពលនៃ Solar Flare តាមរយៈមន្ទីរពិសោធន៍របស់ខ្លួន។

មន្ទីរពិសោធន៍ Shenguang-II (រូបភាពពី China Academy of Science)

ក្រុមអ្នកស្រាវជ្រាវចិនបានធ្វើការពិសោធន៍ តាមរយៈកាំរស្មីឡាស៊ែរ (laser) ដើម្បីត្រួតពិនិត្យមើលសកម្មភាព នៃការផ្សាភ្ជាប់គ្នាឡើងវិញ ដ៏ច្របូកច្របល់នៃដែនម៉ាញេទិច (turbulent magnetic reconnection ឬ TMR) នៅក្នុងមន្ទីរពិសោធន៍របស់ខ្លួន ហើយការធ្វើតេស្តនេះនឹងអាចឲ្យពួកគេ យល់ដឹងកាន់តែច្បាស់អំពីឥរិយាបថនៃ Solar Flares។ សកម្មភាពតេស្តនេះ ក៏ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីរូបវិទ្យាអន្តរជាតិ Nature Physics ផងដែរ។

Solar Flare (រូបភាពពី NASA)

ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យប៉េកាំង (Beijing Normal) ដោយមានជំនួយពីមន្ទីរពិសោធន៍ សេងក្វាង ២ (Shenguang-II) នៅទីក្រុងសៀងហៃ បានសន្និដ្ឋានថា «ការផ្សាភ្ជាប់គ្នាឡើងវិញ ដ៏ច្របូកច្របល់នៃដែនម៉ាញេទិច ឬ TMR ត្រូវបានគេជឿជាក់ថា កើតមានឡើងនៅក្នុងផ្លាស្មាតារាសាស្ត្រ (astrophysical plasmas) ហើយប្រការនេះត្រូវបានគេអះអាងថា ជាកត្តាជំរុញឲ្យកើតមានអណ្តាតភ្លើង ជះចេញពីព្រះអាទិត្យ»

(រូបភាពពី NASA)

គួរបញ្ជាក់់ថា ការសន្និដ្ឋានខាងលើនេះត្រឹមជាជំហានដំបូង នៅក្នុងសិក្សាអំពីឥរិយាបថ Solar Flares ប៉ុណ្ណោះ។ តែយ៉ាងណា ឧបករណ៍ពិសោធន៍ និងស្ថានភាពនៃបន្ទប់ពិសោធន៍របស់ចិន ត្រូវបានកំណត់ទៅតាមផ្លាស្មាតារាសាស្ត្រ (ស្ថានភាពពិត) ហេតុដូច្នេះលទ្ធផលដែលទទួលបានពីការពិសោធន៍ នឹងអាចឲ្យទទួលយកបាន។ បាតុភូត Solar Flares ដែលអាចបង្កទៅជាព្យុះព្រះអាទិត្យនោះ ពិតជាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បរិស្ថានភពផែនដី និងជីវិតមនុស្ស៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CGTN (ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣)

Comments (0)
Add Comment