ថៃ៖ ខ្យល់ពុលនៅបាងកក ឈានដល់កម្រិតគ្រោះថ្នាក់, អាជ្ញាធរណែនាំប្រជាជនឲ្យសម្ងំក្នុងផ្ទះ

ថៃ៖ ខ្យល់ពុលនៅបាងកក ឈានដល់កម្រិតគ្រោះថ្នាក់, អាជ្ញាធរណែនាំប្រជាជនឲ្យសម្ងំក្នុងផ្ទះ

(បាងកក)៖ កម្រិតធាតុពុលក្នុងខ្យល់អាកាសនៅទីក្រុងបាងកក និងតំបន់ក្បែរខាង បានឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព ខណៈអាជ្ញាធរបានណែនាំប្រជាជននៅក្នុងតំបន់ក្រហមទាំងនោះ ឲ្យព្យាយាមស្នាក់នៅក្នុងផ្ទះកុំចេញដើរហើរនៅខាងក្រៅចាប់ពីថ្ងៃសុក្រនេះដល់ថ្ងៃសៅរ៍ស្អែក, នេះបើតាមសេចក្តីប្រកាសរបស់ អាជ្ញាធរទីក្រុងបាងកក (BMA) នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៣។

ទីក្រុងបាងកក (រូបភាពពីបរទេស)

BMA បានប្រកាសតាមរយៈបណ្តាញសង្គម Facebook ថា ខ្យល់ពុលបានកើតដល់កម្រិត PM2.5 ដែលជាកម្រិតគ្រោះថ្នាក់ដល់ផ្លូវដង្ហើមរបស់មនុស្ស នៅអំលុងថ្ងៃសុក្រនេះរហូតដល់ថ្ងៃសៅរ៍ស្អែក។ BMA បានបញ្ជាក់ទៀតថា ប្រសិនបើមានករណីចាំបាច់ត្រូវចេញទៅក្រៅផ្ទះនោះ ការពាក់ម៉ាសការពារគឺជាជម្រើសដ៏ចាំបាច់បំផុត។

ទីក្រុងបាងកក (រូបភាពពីបរទេស)

គួរបញ្ជាក់តាម BMA ទៀតថា ទីក្រុងបាងកក និងតំបន់ជុំវិញ ទំនងជានឹងអាចជួបប្រទះខ្យល់ពុលកម្រិតខ្ពស់ PM2.5 នេះទៀតនៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី០១ ខែកុម្ភៈ ខាងមុខនេះ ដោយសារតែអាកាសធាតុចុះត្រជាក់ នឹងជួយរួមផ្សំ។ បើតាមមន្ត្រីជំនាញថៃ PM2.5 ត្រូវបានគេដឹងថា ជាកម្រិតប៉ះពាល់ដ៏អាក្រក់ដល់ផ្លូវដង្ហើមរបស់មនុស្ស ដោយវាអាចជ្រៀបចូលយ៉ាងជ្រៅទៅក្នុងសួត ហើយក៏អាចបង្កទៅជាជំងឺផ្សេងៗ ក្នុងនោះរួមទាំងជំងឺមហារីកផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ CNA

Comments (0)
Add Comment