NASA បង្ហាញយន្តហោះអវកាសនៃអនាគត ដែលអាចហោះ និងចុះចតលើព្រះចន្ទ១ នៃភពសៅរ៍

(បរទេស)៖ ក្រៅពីគម្រោងផលិតដ្រូន និងនាវាមុជទឹក ដើម្បីបញ្ជូនទៅកាន់ព្រះចន្ទ ទីតាន (Titan) នៃភពសៅរ៍ (Saturn) នោះ អង្គការ NASA ក៏ទើបបង្ហាញគំនិតអភិវឌ្ឍថ្មីមួយទៀត នោះគឺយន្តហោះដែលមានឈ្មោះថា TitanAir។ គំនិត (concept) នៃការអភិវឌ្ឍយន្តហោះនេះ កំពុងស្ថិតនៅក្នុងគម្រោងសិក្សាប៉ុណ្ណោះ ដែល NASA បានជ្រើសយកពីក្រុមហ៊ុនឯកជនមួយ។

ជាធម្មតា រាល់គំនិតអំពីបច្ចេកវិទ្យាថ្មីណាមួយ ដែលអាចត្រូវបានជ្រើសរើសយកទៅសិក្សា និងបង្កើតជាផែនការជាក់ស្តែងនោះ គឺយោងទៅលើភាពវិសេស និងចាំបាច់របស់គោលដៅនោះ សម្រាប់អនាគតនៃវិស័យអវកាស និងវិទ្យាសាស្ត្ររបស់អង្គការ NASA។ ដូច្នេះទើបពួកគេអាចទទួលបានជំនួយពី NASA សម្រាប់ការសិក្សា និងបង្កើតគំនិតច្នៃប្រឌិតទាំងនោះ។

បរិយាកាសព្រះចន្ទ Titan ក្នុងការសន្និដ្ឋាន (រូបភាពពី NASA)

តួយ៉ាងគំនិតនៃការបង្កើត TitanAir ដែលត្រូវបានបង្ហាញដោយលោក Quinn Morley មកពីក្រុមហ៊ុន Planet Enterprises រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីដើមខែមករា ឆ្នាំ២០២៣ នឹងត្រូវស្ថិតក្នុងការសិក្សាបន្តទៅមុខទៀត ដោយអង្គការ NASA ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពនៃការប្រើប្រាស់ និងលទ្ធភាពដែលគេអាចផលិតវាឡើង ហើយបញ្ជូនទៅព្រះចន្ទ Titan បាន។

យន្តហោះ TitanAir ក្នុង Concept (រូបភាពពី NASA)

បើតាមលោក Quinn Morley យន្តហោះ TitanAir នឹងមានសមត្ថភាពហោះហើរ នៅរយៈកម្ពស់ទាបក្នុងបរិយាកាសដ៏ក្រាស់របស់ Titan (ក្រាស់ជាងផែនដី ៥០%) ហើយចុះចតលើបឹងមេតាន (methane lakes) របស់ព្រះចន្ទភពសៅរ៍មួយនេះ។ TitanAir ក៏មានសមត្ថភាពអាចបណ្តែតខ្លួន នៅលើបឹងមេតាន-អេតានរបស់ Titan ហើយផ្ទុកឧបករណ៍វិទ្យាសាស្ត្រចាំបាច់នានា ដើម្បីធ្វើការស្រាវជ្រាវជាក់ស្តែងនៅទីនោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ MSN/Planet Enterprises (ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣)

Comments (0)
Add Comment