រំលឹក៖ ២៩/មករា/១៩៨៩ យានអវកាសសូវៀតទៅដល់ភពអង្គារ និងជាលើកចុងក្រោយ…

(បរទេស)៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៨៩ យានអវកាសមួយគ្រឿងរបស់ អតីតសហភាពសូវៀតមានឈ្មោះថា ហ្វូបូស ២ (Phobos 2) បានទៅដល់គន្លងគោចរជុំវិញភពព្រះអង្គារ (Mars) ហើយក៏ជាលើកចុងក្រោយផងដែរ នៃបេសកកម្មភពអង្គារ សម្រាប់អតីតមហាអំណាចក្នុងសង្គ្រាមត្រជាក់ ដែលក្រោយមកបាននៅសល់ត្រឹមប្រទេសរុស្ស៊ីមួយនេះ។

(រូបភាពពី ROSCOSMOS)

បេសកកម្ម Phobos 2 កាលណោះត្រូវបានផ្តល់ពេលវេលា ឲ្យបំពេញបេសកកម្មរយៈពេល ៦ខែកន្លះនៅភពព្រះអង្គារ ដោយមានគោលដៅចម្បងក្នុងការសិក្សាព្រះចន្ទតូចៗទាំងរបស់ភពក្រហមនោះគឺ Phobos និង Deimos។ នៅក្រោយការបញ្ចប់បេសកកម្មស្នូលរយៈពេល ៦ខែកន្លះនោះ យាន Phobos 2 ក៏បានបន្តការសិក្សាលើបរិយាកាសភពអង្គារ និងថតរូបព្រះចន្ទទាំង នោះជារឿយៗអស់រយៈពេល ២ខែទៀត។

(រូបភាពពី ROSCOSMOS)

គួរបញ្ជាក់ថា Phobos 2 ក៏មានផ្ទុកឧបករណ៍ (landers) ចំនួន ២គ្រឿង ដើម្បីទម្លាក់លើព្រះចន្ទភពអង្គារផងដែរ ខណៈវាបានគោលចរទៅកៀក Phobos ក្នុងរយៈកម្ពស់តែ ៥០ម៉ែត្រប៉ុណ្ណោះពីផ្ទៃព្រះចន្ទនោះ។ ប៉ុន្តែបេសកកម្មកាលណោះ បានបាត់បង់ការទាក់ទងជាមួយឧបករណ៍ lander មុនពួកវាចុះទៅដល់ព្រះចន្ទ Phobos ទៅទៀត។

ស្នាដៃចម្បងរបស់ Phobos 2 គឺវាបានថតរូបព្រះចន្ទ Phobos រហូតដល់ទៅ ៣៧សន្លឹក ដោយក្នុងមួយសន្លឹកៗមានកម្រិតទំហំ (resolution) ដល់ទៅ ៤០ម៉ែត្រ។ បន្ថែមពីនេះ ឧបករណ៍ Infrared លើ Phobos 2 ក៏បានបញ្ជាក់ផងដែរថា គ្មានសញ្ញានៃវត្តមានទឹក នៅលើព្រះចន្ទ Phobos ដែលមានអង្កត់ផ្ចិតតែ ២២.៥៣គីឡូម៉ែត្រនោះឡើយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣)

Comments (0)
Add Comment