(បរទេស)៖ នេះអាចជាលើកដំបូងសម្រាប់តេឡេស្កូបអវកាស James Webb ដែលបង្ហាញសមត្ថភាពពិសេសមួយទៀតក្នុងការតាមដាន និងវិភាគលើអាចម៍ផ្កាយ (asteroid)។ ទោះបីជាវានឹងក្លាយជាវត្ថុអវកាសតូចបំផុត ដែល James Webb ធ្វើការអង្កេតរកឃើញក៏ពិតមែន តែអាចម៍ផ្កាយទំហំប៉ុនប្រាសាទ Colosseum នៅប្រទេសអ៊ីតាលីមួយនេះ គឺធំធេងណាស់បើធៀបនឹងវត្ថុនានាលើផែនដី។
ក្រោយការបូកសរុបទិន្នន័យបានមកពីការធ្វើតេស្ត ឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម MIRI របស់ James Webb គេបានរកឃើញសញ្ញានៃអាចម៍ផ្កាយ ដែលមានប្រវែងចន្លោះពី ១០០ – ២០០ម៉ែត្រ ខាងលើនេះ ហើយវាជាប្រតិបត្តិការដ៏ពិសេសមួយ។ អាចម៍ផ្កាយមួយនេះស្ថិតនៅតំបន់ ខ្សែក្រវាត់អាចម៍ផ្កាយ (Asteroid Belt) ដែលស្ថិតក្នុងគន្លងគោចរជុំវិញព្រះអាទិត្យ នៅចន្លោះរវាងគន្លងគោចរភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។
ទោះជាបែបនេះក្តី ក្រុមការងារគ្រប់គ្រង James Webb នៅតែត្រូវការពេលបន្តទៀត ដើម្បីបូកសរុបទិន្នន័យ និងសន្មត់ថា ខាងលើនេះពិតជាការរបកគំហើញ ដ៏ថ្មីសន្លាងប្រាកដមែន។ តែយ៉ាងណា James Webb មានឧបករណ៍ពិសេស អាចឲ្យវាឆ្លុះមើលវត្ថុអវកាស ដែលមានទំហំមុខកាត់ក្រោម ១គីឡូម៉ែត្រ នៅក្នុងរយៈចម្ងាយ ១០០លានគីឡូម៉ែត្រពីវាបាន។ ការសិក្សាពីវត្តមាន និងឥរិយាបថនៃអាចម៍ផ្កាយ ត្រូវបានចាត់ទុកជារឿងសំខាន់ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣)