(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ទើបតែបានប្រកាសពីការរកឃើញ ស្រទាប់ថ្មីមួយផ្នែកទៀត ដែលស្ថិតនៅក្រោមសំបក (crust) របស់ភពផែនដី។ ការរកឃើញឃើញនេះនឹងជួយឲ្យពួកគេ សិក្សាកាន់តែច្បាស់អំពីការផ្លាស់ទីរបស់ ផ្លាកតិចតូនិក (tectonic plates) នៃភពផែនដី ដែលមិនត្រឹមជាកត្តាជំរុញឲ្យមានការកកើតភ្នំ និងគ្រោះរញ្ជួយដីប៉ុណ្ណោះទេ តែក៏បានជួយបង្កើតនូវបរិស្ថានទ្រទ្រង់ជីវិត តាមរយៈការជំរុញឲ្យមាន លក្ខខណ្ឌតាមផ្នែករូបសាស្ត្រ និងគីមីសាស្ត្រដ៏ត្រឹមត្រូវទាំងឡាយ នៅពេលផែនដីទើបកកើតឡើងដំបូងៗផងដែរ។
ស្រទាប់ក្រៅបំផុតដែលយើងកំពុងដើរជាន់រាល់ថ្ងៃនេះ ក្រុមអ្នកវិទ្យាសាស្ត្រហៅថា សំបកផែនដី (crust) ហើយនៅក្រោមសំបកនេះ គឺជាស្រទាប់រឹង (mantle) រួចបន្ទាប់មកទៀត ទើបមានស្រទាប់ស្នូលក្រៅ (outer core) ជាធាតុដែក និងនីកែលរាវក្តៅ ហើយចំណុចកណ្តាលបំផុត គឺស្នូលក្នុង (inner core) ដែលជាធាតុដែក និងនីកែលរឹង។ សម្រាប់មហាសមុទ្រ និងទ្វីបនានានៅលើភពផែនដីនេះ គឺស្ថិតក្នុងប្លុកធំៗចំនួន ១៥ ដែលតែងតែចល័ត និងផ្លាស់ប្តូរទៅវិញទៅមក ហើយយើងហៅថា ផ្លាកតិចតូនិច (tectonic plates) ស្ថិតនៅចន្លោះរវាង ផ្នែកខាងក្រោមនៃសំបកផែនដី (lower crust) និងផ្នែកខាងលើនៃស្រទាប់រឹង (upper mantle)។
សម្រាប់ «ស្រទាប់ថ្មី» នៅក្រោមសំបកផែនដី ដែលទើបត្រូវបានកំណត់វត្តមានខាងលើនេះ មានទីតាំងស្ថិតនៅជម្រៅ «១៦១គីឡូម៉ែត្រ» ពីផ្ទៃស្រទាប់លើ (surface) របស់ភពផែនដី ហើយវាត្រូវបានគេហៅថា ស្រទាប់ «molten layer» ឬ «ស្រទាប់ថ្មក្តៅរាវ-រលាយ»។ ស្រទាប់ថ្មីនេះ គឺជាផ្នែកមួយនៃតំបន់ អាស្ទិនណូស្វៀរ (asthenosphere) ដែលស្ថិតនៅក្រោមផ្លាកតិចតូនិច។ តំបន់ asthenosphere នេះមានលក្ខណៈដូចជាស្រទាប់វត្ថុរឹងស្រាល ប៉ុន្តែពួកវាជាថ្មប្រកបដោយភាពបន់បែន (malleable rock ឬ molten rock នោះឯង) ដែលអាចឲ្យផ្លាកតិចតូនិចនៅពីលើវាចល័ត និងផ្លាស់ប្តូរបាន។
កន្លងមកនេះ ក្រុមអ្នកស្រាវជ្រាវមានការងឿងឆ្ងល់ថា តើកត្តាអ្វីបានជុំរុញឲ្យតំបន់ asthenosphere មានភាពទន់ និងបានចាត់ទុកពពួកថ្ម malleable rock ទាំងនោះ ជាផ្នែកមួយនៃសមីការ។ ទោះបីជាផ្ទៃក្នុងផែនដីពោពេញដោយថ្មភាគច្រើន តែថ្មទាំងនោះអាចផ្លាស់ប្តូរ និងចល័តយឺតៗទៅតាមពេលវេលា។
ជុំវិញរបកគំហើញខាងលើនេះ អ្នកដឹកនាំការស្រាវជ្រាវមួយរូបឈ្មោះ Junlin Hua មកពីសាកលវិទ្យាល័យ Austin រដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានលើកឡើងថា លោកបាននិងកំពុងសិក្សារូបភាព អំពីរំញ័រចេញពីស្រទាប់រឹង (mantle) នៅខាងក្រោមទឹកដីប្រទេសតួកគី សម្រាប់ការស្រាវជ្រាវថ្នាក់បណ្ឌិតរបស់លោក ហើយនៅទីបំផុតលោកបានប្រទះឃើញវត្តមាន molten rock ដោយផ្នែកៗ។ លោក Hua បានចាប់ផ្តើមការសិក្សានេះតាំងពីឆ្នាំ ២០២០ មកម្ល៉េះ។
ពីដំបូងឡើយលោក Hua និងក្រុមអ្នកសិក្សាជាមួយគ្នាបានគិតថា វាគឺជា «ភាពមិនប្រក្រតី» មួយសម្រាប់វត្តមាន ស្រទាប់ថ្មមានភាពបត់បែន (molten rock) ទាំងនោះ នៅក្រោមប្រទេសតួកគី។ ប៉ុន្តែក្រោយការសិក្សាបន្ថែម ទើបក្រុមរបស់លោកដឹងថា molten rock មានវត្តមានច្រើនជាងការស្មាន។ លោក Hua និងក្រុមរបស់លោកបានសន្និដ្ឋានថា វត្តមានរបស់ molten rock ទាំងនោះ គឺស្ថិតនៅលាយឡំគ្នាជាមួយថ្មរឹង (solid rock) និងថ្មក្តៅរលាយ-រាវ (melted rock) ហើយបើទោះបីជាមានតែផ្នែកខ្លះ អាចមានភាពបត់បែនក្តី ក៏វាល្មមគ្រប់គ្រាន់នឹងធ្វើឲ្យផ្លាកតិចតូនិច ងាយធ្វើចលនា ឬផ្លាស់ប្តូរបាន។
គួរបញ្ជាក់ថា អ្វីៗដូចដែលបានរៀបរាប់ខាងលើនេះ គឺជាការសន្និដ្ឋានអំពីស្ថានភាព ដែលស្រទាប់ថ្មមានភាពបន់បែន ឬថ្មក្តៅរលាយ (molten rock) អាចជះឥទ្ធិពលដល់ ដំណើរការធ្វើចលនារបស់ផ្លាកតិចតូនិកប៉ុណ្ណោះ។ គេត្រូវការការសិក្សាបន្តទៀត ព្រោះការស្វែងរកព័ត៌មានជាក់លាក់ អំពីស្រទាប់ក្នុងៗរបស់ភពផែនដី នៅតែជារឿងលំបាកបំផុត។ មិនខុសពីការសិក្សាអំពីស្នូលផែនដីនោះឡើយ ការសិក្សាអំពីស្រទាប់រឹងនៃភពផែនដី ត្រូវការការចាប់រលកសញ្ញា ដែលត្រូវបានជះចេញដោយរំញ័រ ឬគ្រោះរញ្ជួយដី ហើយវាក៏មិនសូវខុសពីដំណើរការ នៃម៉ាស៊ីន CT scans នៅក្នុងមន្ទីរពេទ្យនានានោះដែរ។
កន្លងមកលោក Hua បានប្រមូលយករូបភាពជាង ៧០០សន្លឹក បានមកពីការចាប់ចលនារំញ័រ ឬរញ្ជួយដីនៅទូទាំងពិភពលោក ដើម្បីបង្កើតចេញជាផែនទីរបស់តំបន់ asthenosphere ក្រោមផ្ទៃដី ហើយនៅទីនោះសីតុណ្ហភាពក្តៅបំផុត អាចឡើងដល់ទៅ ១,៤៥០អង្សាសេ។ ការសិក្សាទាំងអស់នេះ នឹងជួយក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹងកាន់តែច្បាស់ថា តើស្រទាប់ក្នុងៗរបស់ភពផែនដី ដើរតួនាទីដូចម្តេចខ្លះ។ គេនៅមិនទាន់អាចសន្និដ្ឋានបានទេថា តើស្រទាប់ថ្ម molten rock ឬ molten layer នោះ មានវិសាលភាពធំធេងកម្រិតណា៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CNN (ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣)