(បរទេស)៖ ទីឋានដ៏ឆ្ងាយ និងតូចមួយដែលមានឈ្មោះថា ក្វាវ័រ (Quaoar) ដែលត្រូវបានគេដាក់ឈ្មោះតាម «អាទិទេពនៃការបង្កើត» នៅក្នុងទេវកថារបស់ជនជាតិដើមអាមេរិកនោះ កំពុងបង្កើតភាពភ្ញាក់ផ្អើលមួយចំនួន សម្រាប់ក្រុមតារាវិទូអន្តរជាតិ ខណៈវាកំពុងគោចរក្នុងគន្លងមួយ ស្ថិតនៅឆ្ងាយជាងគន្លងគោចរនៃ ភពភ្លូថូ (Pluto ឬ ភ្លុយតុង) នៅតំបន់ដ៏ត្រជាក់ចុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ។
ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ពួកគេបានរកឃើញខ្សែក្រវាត់ (ring) មួយព័ទ្ធជុំវិញភពតឿ Quaoar ដែលមានទម្រង់ស្រដៀងនឹងរង្វង់ខ្សែក្រវាត់ នៅជុំវិញភពសៅរ៍ដែរ។ ប៉ុន្តែ ring ដែលនៅជុំវិញ Quaoar នោះហាក់ដូចជាប្រឆាំងនឹងការយល់ដឹងនាពេលបច្ចុប្បន្ន អំពីកន្លែងដែល ring បែបនេះអាចកកើតឡើងបាន ហើយវាពិតជាស្ថិតនៅឆ្ងាយអំពីការយល់ដឹងបច្ចុប្បន្ន របស់ក្រុមអ្នកវិទ្យាសាស្ត្រទៅទៀត។
អ្វីដែលចម្លែកនោះ គឺជាទីតាំង ring របស់ Quaoar នោះឯង ព្រោះក្រុមអ្នកវិទ្យាសាស្ត្រយល់ថា បើតាមគម្លាតនៃ ring មួយរង្វង់ពីផ្ទៃភពតឿនោះ ដុំថ្មតូចៗទាំងនោះគួរតែអាចរួមផ្តុំគ្នា ហើយក្លាយជាព្រះចន្ទមួយទៀតបាន មិនមែនស្ថិតនៅជាបន្ទះឌីសអាចម៍ផ្កាយ ដូចការអង្កេតឃើញថ្មីនេះឡើយ។ ជុំវិញទិដ្ឋភាពបែបនេះ, លោក Bruno Morgado មកពីមន្ទីរអង្កេតតារា Valongo និងសាកលវិទ្យាល័យទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលបានចាត់ទុកថា «នេះជារបកគំហើញមួយ ដែលមិនគួរអាចទៅរួច…»។
គួរបញ្ជាក់ថា ភពតឿ Quaoar ត្រូវបានរកឃើញកាលពីឆ្នាំ ២០០២។ ធាតុពិតជាក់ស្តែង វាត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីជា TNO (វត្ថុអវកាសហួសពីគន្លងគោចរភពណិបទូនប៉ុណ្ណោះ) ប៉ុន្តែដោយសារតែវាមានទំហំធំ (អង្កត់ផ្ចិតដល់ទៅ ១,១១០គីឡូម៉ែត្រ) យើងអាចចាត់ទុកថា វាជាភពមិនពេញលក្ខណៈ ឬភពតឿ (dwarf planet) បាន បើទោះបីជាសហភាពតារាសាស្ត្រអន្តរជាតិ (IAU) មិនទាន់ទទួលស្គាល់ក៏ដោយ។ Quaoar ក៏មានព្រះចន្ទផ្ទាល់ខ្លួនមួយផងដែរឈ្មោះ វៃវ៉ូត (Weywot) ដែលមានអង្កត់ផ្ចិត ១៧០គីឡូម៉ែត្រ។ សម្រាប់គន្លងគោចរវិញ Quaoar មានគម្លាតពីព្រះអាទិត្យស្មើនឹងគម្លាតរវាងព្រះអាទិត្យ និងផែនដី ៤៣ដង (១៥០លានគីឡូម៉ែត្រ X ៤៣)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣)