យាន JUICE ទៅដល់កន្លែងត្រៀមបាញ់បង្ហោះ, វានឹងត្រូវហោះ៩ឆ្នាំ ទើបទៅដល់ភពព្រហស្បតិ៍ (មានរូបភាព)

(បរទេស)៖ យានអវកាស JUICE របស់អង្គការអវកាសអឺរ៉ុប ESA ដែលមានគោលដៅទៅសិក្សាប្រព័ន្ធភពព្រហស្បតិ៍ (Jupiter) នោះ បានទៅដល់ដែនដីបារាំង-ហ្គាយ៉ាណា (French Guiana) ហើយ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ (ម៉ោងនៅតំបន់អាមេរិកខាងត្បូង) តាមរយៈយន្តហោះដឹកទំនិញ Antonov An-124-100 របស់ក្រុមហ៊ុនដឹកជញ្ជូនអេមីរ៉ាត់អារ៉ាប់រួម។

យន្តហោះ Antonov An-124-100 ដឹកជញ្ជូនយាន JUICE មកដល់ទីកន្លែងបាញ់បង្ហោះ (រូបភាពពី ESA)

យាន JUICE ដែលមានតម្លៃអភិវឌ្ឍសរុប ១.១ពាន់លានដុល្លារអាមេរិក នឹងត្រូវហោះចេញពីមូលដ្ឋានបាញ់បង្ហោះរបស់ ESA លើដែនដី Guiana នៅតំបន់អាមេរិកខាងត្បូង នៅក្នុងខែមេសា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ តាមរយៈគ្រាប់រ៉ុក្កែត Ariane 5 របស់ ESA ផ្ទាល់។ បេសកកម្ម JUICE នឹងទៅសិក្សាអំពីភពព្រហស្បតិ៍ និងព្រះចន្ទទឹកកកនានារបស់វា។

យន្តហោះ Antonov An-124-100 ដឹកជញ្ជូនយាន JUICE មកដល់ទីកន្លែងបាញ់បង្ហោះ (រូបភាពពី ESA)

គួរបញ្ជាក់ថា ក្រោយការចាកចេញពីភពផែនដី នៅអំលុងខែមេសា ឆ្នាំ២០២៣ យាន JUICE នឹងទៅដល់ប្រព័ន្ធភពព្រហស្បតិ៍ នៅខែកក្កដា ឆ្នាំ២០៣១ ឬអាចយូរជាងនេះរហូតដល់ដើមឆ្នាំ ២០៣២។ វានឹងធ្វើទស្សនកិច្ចនៅ Jupiter រួចបន្ទាប់មកទើបបន្តទៅអង្កេត ព្រះចន្ទធំៗរបស់ភពយក្សនេះដូចជា ហ្គេនីមីដ (Ganymede), កាលីស្តូ (Callisto) និង យូរ៉ូប៉ា (Europa) ហើយជាចុងក្រោយវានឹងបកមកជ្រៀតចូលក្នុង គន្លងគោចរនៃព្រះចន្ទយក្ស Ganymede ដើម្បីស្វែងយល់ថាតើទីឋានទាំងអស់នេះ អាចឲ្យមនុស្សបោះមូលដ្ឋានណាមួយនៅថ្ងៃអនាគតដែរ ឬក៏យ៉ាងណា។

រ៉ុក្កែត Ariane 5 (រូបភាពពី ESA)

មូលហេតុដែលវាធ្វើដំណើរយូរបែបនេះ ព្រោះតែយាន ESA មួយនេះនឹងធ្វើទស្សនកិច្ចនៅទីឋានមួយចំនួនក្នុងប្រព័ន្ធព្រះអាទិត្យសិន ដូចជាការហោះឆ្វែលភពសុក្រ (Venus) រួចក៏បន្តមកអង្កេតប្រព័ន្ធភពផែនដី និងព្រះចន្ទថែមទៀត ទើបបោះពួយបន្តទៅរកភពព្រហស្បតិ៍ និងជ្រៀតចូលគន្លងគោចរភពឧស្ម័នយក្សនោះ មិនខុសពីយានអវកាស Juno របស់អង្គការ NASA ធ្លាប់បានធ្វើកាលពីឆ្នាំ២០១៦ នោះឡើយ។ បេសកកម្ម JUICE នៅភពព្រហស្បតិ៍នឹងត្រូវចែកជា ដោយ ៨ឆ្នាំជាដំណាក់កាលហោះហើរពាសពេញប្រព័ន្ធ Jupiter និង ៣.៥ឆ្នាំ ជាដំណាក់កាលសិក្សាផ្នែកវិទ្យាសាស្ត្រ៕

បេសកកម្ម JUICE (រូបភាពពី ESA)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣)

Comments (0)
Add Comment