Breaking៖ ព្រះអាទិត្យទើបជះចេញនូវអណ្តាតភ្លើង (flare) ជាថ្មី និងបង្កផលប៉ះពាល់… (មានវីដេអូ)

(បរទេស)៖ ព្រះអាទិត្យទើបតែជះចេញនូវអណ្តាតភ្លើង (solar flare) ជាថ្មី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ (ម៉ោងអាមេរិក) ដោយបានកាត់ផ្តាច់រលកវិទ្យុទាក់ទង នៅផ្នែកមួយចំនួននៅលើភពផែនដី ហើយក្រុមអ្នកតាមដាន ក៏រំពឹងថាព្រះអាទិត្យ នឹងបន្តជះចេញនូវអណ្តាតភ្លើងបន្ថែមទៀតផងដែរ។

អណ្តាតភ្លើងព្រះអាទិត្យដែលទើបត្រូវបានជះចេញខាងលើនេះ គឺមានទំហំធំ និងអាចចាត់បញ្ចូលទៅក្នុងលំដាប់ថ្នាក់ X1.1-class ដែលជាកម្រិតដ៏មានឥទ្ធិពលខ្លាំងមួយ កាលពីថ្ងៃវេលាម៉ោង ១០៖៤៨នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមទិន្នន័យពីអាជ្ញាធរ តាមដានអាកាសធាតុនៃទីអវកាសរបស់សហរដ្ឋអាមេរិក (SWPC)

sun flare កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ថតដោយ  Solar Dynamics Observatory របស់អង្គការ NASA (រូបភាពពី NASA)

បើតាម SWPC អណ្តាតភ្លើងដ៏ធំខាងលើនេះ ត្រូវបានជះចេញពីតំបន់ដ៏សកម្មមួយរបស់ព្រះអាទិត្យមានឈ្មោះថា Active Region 3217 ហើយក៏បានបង្កឲ្យដាច់រលកវិទ្យុទាក់ទងនៅតំបន់អាមេរិកខាងត្បូង អស់មួយរយៈពេលផងដែរ។ ដោយឡែកអង្គការ NASA ក៏បានផ្តិតយកវីដេអូសកម្មភាព នៃការជះចេញ solar flare នោះផងដែរ។ ទស្សនាវីដេអូខាងក្រោមនេះ៖

គួរបញ្ជាក់ថា solar flare គឺជាបាតុភូតនៃការជះចេញនូវអណ្តាតភ្លើងព្រះអាទិត្យ ដែលពោពេញដោយភាគល្អិតយ៉ាងច្រើនសម្បើម ដោយលំដាប់ទាបបំផុតត្រូវបានហៅថា A-class និង C-class (មានសមត្ថភាពធម្មតាៗ មិនបង្កផលប៉ះពាល់ដល់ផែនដី) ខណៈលំដាប់ M-class វិញ គឺឈានចូលដល់កម្រិតខ្លាំងគួរសម (អាចបង្កជាពន្លឺ Aurora នៅប៉ូលខាងជើង និងខាងត្បូងភពផែនដី) ហើយសម្រាប់ X-class វិញ គឺជាលំដាប់ខ្ពស់ និងខ្លាំងបំផុតដែលអាចបង្កឲ្យដាច់ប្រព័ន្ធវិទ្យុទាក់ទង, ចរន្តអគ្គិសនី ឬក៏អាចឈានទៅបំផ្លាញផ្កាយរណប ដែលកំពុងស្ថិតក្នុងគន្លងគោចរជុំវិញភពផែនដីផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣)

Comments (0)
Add Comment