យាន២គ្រឿងឆ្លៀតហោះកាត់ភពសុក្រ (Venus) និងរកឃើញអ្វីថ្មីៗពី sister ផែនដីមួយនេះ

(បរទេស)៖ ការស្រាវជ្រាវទីអវកាសតែងតែត្រូវបានគិតគូរ និងច្បាមយកពេលវេលាគ្រប់ជ្រុងជ្រោយ មកប្រើប្រាស់ឲ្យចេញជាប្រយោជន៍ជានិច្ច តួយ៉ាងដូចជាយានអវកាស គ្រឿងគឺ BepiColombo ដែលបានឆ្ពោះទៅសិក្សាភពពុធ (Mercury) និងយាន Solar Orbiter ដែលមានគោលដៅចម្បងទៅសិក្សាព្រះអាទិត្យនោះ បានឆ្លៀតឱកាសហោះឆ្វែលភពសុក្រ (Venus) នៅតាមផ្លូវធ្វើដំណើររបស់ពួកវា។

យាន BepiColombo និង Solar Orbiter បានហោះកាត់ភពសុក្រ ស្ទើរតែនៅក្នុងកំលុងពេលតែមួយ កាលពីខែសីហា ឆ្នាំ២០២១ ហើយលទ្ធផលបានមកពីការអង្កេត ភពដែលត្រូវបានចាត់ទុកជាប្អូនស្រី (sister) របស់ផែនដីមួយនេះ ត្រូវបានបង្ហោះចូលទៅក្នុងកាសែត Nature Communications ដែលផ្តល់ឲ្យក្រុមអ្នកវិទ្យាសាស្ត្រនូវពន្លឺថ្មី អំពីបុគ្គលិកលក្ខណៈ នៃដែនម៉ាញេទិច (Magnetic Field) របស់ភពសុក្រ។

យាន Solar Orbiter និងភពសុក្រ (Venus) (រូបភាពពី ESA)

យោងតាមតារាវិទូ Moa Persson មកពីសាកលវិទ្យាល័យទីក្រុង Tokyo ប្រទេសជប៉ុន បានលើកឡើងថា «យាន BepiColombo បានត្រួតពិនិត្យស្រទាប់ ម៉ាញេតូស៊ីស (magnetosheath) និង ម៉ាញេតូស្វៀរ (magnetosphere) ប្រកបដោយភាពលម្អិតមិនធ្លាប់មាន»Magnetosheath និង Magnetosphere សុទ្ធតែជាស្ថិតក្នុងខែលនៃដែនម៉ាញេទិច (Magnetic Field) ដែលមានតួនាទីផ្សេងៗពីគ្នា ដោយ magnetosheath មានតួនាទីក្នុងរុញច្រានទៅវិញ នូវខ្យល់ព្រះអាទិត្យ (Solar Wind) ខណៈ magnetosphere គឺជាតំបន់ដែលភាគល្អិតមានបន្ទុកអគ្គិសនី (charged particles) រងឥទ្ធិពលពីដែនម៉ាញេទិចភព ដែលនាំឲ្យពួកវាស្ថិតនៅទីនោះ។

យាន BepiColombo និងភពសុក្រ (Venus) (រូបភាពពីបរទេស)

សម្រាប់លើភពផែនដីយើង ដែនម៉ាញេទិចគឺជាខែលទប់ទល់ដ៏ខ្លាំងក្លាមួយ ដែលជីវិតនានាអាចមានឱកាសកកើតបានដោយសុវត្ថិភាព ព្រោះវាបានជួយទប់ស្កាត់ភាគល្អិត ប្រកបដោយថាមពលខ្ពស់ (high-energy particles) ដែលតែងតែត្រូវបានព្រះអាទិត្យជះចេញ ទៅកាន់ភពទាំងអស់ក្នុងប្រព័ន្ធជារឿយៗ តាមរយៈអ្វីដែលយើងហៅថា Solar Wind នោះ។ ផែនដីអាចសម្រេចកិច្ចការដ៏មហាអស្ចារ្យនេះបាន ព្រោះតែរបស់យើងនេះមាន ដែនម៉ាញេទិចដ៏ទូលំទូលាយ និងប្រកបដោយកម្លាំងខ្លាំងក្លា ដែលរុញច្រានចេញពីស្នូលក្នុង។ ប៉ុន្តែសម្រាប់ភពសុក្រវិញ ជោគវាសនាគឺមិនដូចគ្នាឡើយ។

ការពន្យល់អំពីការរកឃើញរបស់យានទាំងពីរ (រូបភាពពី Phys.org)

ទោះជាបែបនេះក្តី កន្លងមកនេះក្រុមអ្នកវិទ្យាសាស្ត្របានហៅ ដែនម៉ាញេទិចរបស់ភពសុក្រថា «ដែនម៉ាញេទិចបែបបង្ខំ ឬជំរុញ» (induced magnetic field) ដោយខ្យល់ពីព្រះអាទិត្យតែងតែមកប៉ះជាមួយ ភាគល្អិតមានបន្ទុកអគ្គិសនី (charged particles) នៅក្នុងបរិយាកាសភពសុក្រ ហើយបង្កើតជាស្រទាប់ magnetosphere មួយជុំវិញភពនេះ។ យាន Solar Orbiter បានហោះឆ្លងកាត់ភពសុក្រ នៅក្រៅស្រទាប់ magnetosphere ប៉ុណ្ណោះ ហើយក៏បានប្រទះឃើញខ្យល់ព្រះអាទិត្យយ៉ាងស្ងប់ស្ងាប់ និងស្ថិតក្នុងលក្ខណៈមិនមានអ្វីរំខាន

រូបពិតនៃភពសុក្រ ថតដោយយានអវកាសជប៉ុន Akatsuki (រូបភាពពី JAXA)

ដោយឡែកយាន BepiColombo ក្នុងកំលុងពេលជាមួយ Solar Orbiter នោះក៏បានប្រទះឃើញ តំបន់ជាប់គាំង ដែលជាកន្លែងគេរំពឹងថា ខ្យល់ព្រះអាទិត្យ និងបរិយាកាសភពសុក្រ អាចបានធ្វើអន្តរកម្មនៅទីនោះ។ ការរួមបញ្ចូលគ្នានៃទិន្នន័យបានមកពីយានទាំង បានផ្តល់ភស្តុតាងថ្មីសន្លាងមួយថា តាមការពិតភាគល្អិតមានបន្ទុក (charged particles) ទាំងនោះ ត្រូវបានបន្ថយល្បឿននៅតំបន់ magnetosphere ហើយវាគឺជាខែលការពារបរិយាកាសភពសុក្រ មិនឲ្យបាត់បង់ទៅព្រោះតែខ្យល់ពីព្រះអាទិត្យ។ ការសិក្សានេះក៏មានប្រយោជន៍ សម្រាប់ការសិក្សាអំពីភពនៅប្រព័ន្ធផ្កាយដទៃ (exoplanet) ផងដែរ ជាពិសេសគឺការវិភាគរកភព ដែលអាចមានលទ្ធភាពទ្រទ្រង់ជីវិតនោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣)

Comments (0)
Add Comment