រំលឹក៖ ១៤ កុម្ភៈ ១៩៩០, Voyager 1 ថតរូប Portrait នៃគ្រួសារព្រះអាទិត្យ, រួមទាំងរូបដ៏ល្បីល្បាញ១សន្លឹក

(បរទេស)៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៩០ (កាលពីជាង ៣០ឆ្នាំមុន) យានអវកាស Voyager 1 របស់អង្គការ NASA បានផ្តិតរូបភាពជាលក្ខណៈ Portrait របស់ប្រព័ន្ធព្រះអាទិត្យយើងសរុបចំនួន ៦០សន្លឹក រួចក៏បញ្ជូនមកកាន់ភពផែនដីវិញ ហើយបណ្តុំរូបភាពទាំងនោះ ត្រូវបានដាក់ឈ្មោះថា «Family Portrait» នៃប្រព័ន្ធព្រះអាទិត្យ។

រូបថត Family Portrait នៃប្រព័ន្ធព្រះអាទិត្យ (រូបភាពពី NASA)

នៅពេលក្រុមការងារគ្រប់គ្រងបេសកកម្ម Voyager 1 លើភពផែនដី ធ្វើការបញ្ជាទៅយាននោះ វាបានស្ថិតនៅក្នុងគន្លងធ្វើដំណើរ ហួសពីភពណិបទូន (Neptune) ដែលជាភពចុងគេបំផុត នៃប្រព័ន្ធព្រះអាទិត្យយើងទៅហើយ ដើម្បីឆ្ពោះទៅរកតំបន់អន្តរអវកាស (Interstellar Space)។ ការផ្តិតរូបភាពទាំងនោះ ត្រូវបានត្រៀមទុករួចជាស្រេច នៅក្នុងបញ្ជីបេសកកម្មដែល Voyager 1 ត្រូវបំពេញ។

យាន Voyager 1 ថតរូបផែនដី និងព្រះចន្ទពីរយៈចម្ងាយ ១១.៦៦លានគីឡូម៉៉ែត្រ (រូបភាពពី NASA)

ជាក់ស្តែងនៅក្នុងបណ្តុំរូបថតខាងលើនេះ ភពណិបទូន (Neptune), អ៊ុយរ៉ានុស (Uranus), សៅរ៍ (Saturn), ព្រហស្បតិ៍ (Jupiter), ផែនដី (Earth) និងភពសុក្រ (Venus) សុទ្ធតែត្រូវបានផ្តិតយក លើភពអង្គារ (Mars) និងភពពុធ (Mecury) ប៉ុណ្ណោះ ដែលត្រូវបានខកខាន។ មូលហេតុនោះ គឺដោយសារពន្លឺព្រះអាទិត្យចែងចាំងពេក នាំឲ្យកាមេរ៉ា Voyager 1 មិនអាចផ្តិតយកពន្លឺភពអង្គារដ៏តូចនោះបាន ហើយសម្រាប់ភពពុធវិញ គឺស្ថិតនៅកៀកព្រះអាទិត្យពេក ដែលនាំឲ្យពិបាកថតយក។

រូបភាព Pale Blue Dot ដែលល្បីល្បាញជាង ៣០ឆ្នាំមកហើយ (រូបភាពពី NASA)

យ៉ាងណាក៏ដោយ រូបភាពដែលល្បីបំផុត គឺជា «Pale Blue Dot» «ចំណុចពណ៌ខៀវស្រាល» ដែលចង់សំដៅទៅលើវត្តមានរបស់ភពផែនដីត្រូវបានមើលឃើញពី រយៈចម្ងាយរាប់ពាន់លានគីឡូម៉ែត្រនោះ។ នៅពេលកាមេរ៉ាលើ Voyager 1 ផ្តិតរូបភាពមួយនេះ វាស្ថិតនៅក្នុងរយៈចម្ងាយ ៤០ដង នៃចម្ងាយរវាងផែនដី និងព្រះអាទិត្យ (astronomical unit) ឬស្មើនឹង ៤០ X ១៥០លានគីឡូម៉ែត្រ។

Pale Blue Dot ដែលល្បីល្បាញជាង ៣០ឆ្នាំមកហើយ (រូបភាពពី NASA)

លោក Carl Sagan អ្នកវិទ្យាសាស្ត្រផ្នែកភព ដែលបានទទួលមរណភាពកាលពីឆ្នាំ ១៩៩៦ គឺជាអ្នកដែលបង្កើតគំនិតដំបូង កាលពីឆ្នាំ១៩៨១ ដោយឲ្យយាន Voyager 1 ថតរូបភាពរបស់ផែនដី ពីរយៈចម្ងាយឆ្ងាយបែបនោះ ហើយក្រោយពីការថតបានសម្រេចនៅឆ្នាំ១៩៩០ លោកបានសរសេរឃ្លាមួយ នៅក្នុងសៀវភៅរបស់លោកថា «Pale Blue Dot: A Vision of the Human Future in Space» ដែលមានន័យថា Pale Blue Dot៖ «ចក្ខុវិស័យនៃអនាគតរបស់មនុស្ស នៅក្នុងលំហអវកាស»

ប្រព័ន្ធកាមេរ៉ាលើយាន Voyager 1 (រូបភាពពី NASA)

គួរបញ្ជាក់ថា ប្រតិបត្តិការថតរូបកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៩០ នោះ គឺមិនមែនជារឿងងាយឡើយ ដោយកាមេរ៉ាដ៏ត្រជាក់របស់យាន Voyager 1 ត្រូវបានកម្តៅឲ្យដំណើរការឡើងវិញឲ្យបានមុនមួយថ្ងៃ នោះគឺនៅថ្ងៃទី១៣ ខែកុម្ភៈ។ គេត្រូវការពេល ៣ម៉ោង ទម្រាំកម្តៅអាចជំរុញឲ្យកាមេរ៉ាលើ Voyager 1 បើកដំណើរការបាន។ ការផ្តិតរូបភាពទៀតសោតក៏ត្រូវកំណត់ពេលវេលាជាក់ជាក់ ដើម្បីកុំឲ្យពន្លឺព្រះអាទិត្យចែងចាំងជ្រុល នាំរំខានដល់ការថតរូប។

  • តើរូបភាព «The Pale Blue Dot» មានអត្ថន័យពិសេសបំផុតត្រង់ណា?

ប្រសិនបើយើងនិយាយឲ្យចំតែម្តង វាជារូបភាពភពផែនដី ដែលត្រូវបានមើលឃើញពីចម្ងាយ ៦ពាន់លានគីឡូម៉ែត្រ ហើយបើគិតជាទំហំក្នុងរូបភាព ដែលត្រូវបានថតកាមេរ៉ា Voyager 1 នោះ ចំណុចសតូចនៃផែនដីនោះស្មើតែ ១ភីចសែល (1 pixel) ប៉ុណ្ណោះនៃរូបភាពដើម។ ខណៈទម្រាំថតបានរូបមួយប៉ុស្តិ៍នេះ អង្គការ NASA បានត្រៀមផែនការ, កំណត់ទិសដៅ និងបែងចែកពេលវេលាយ៉ាងល្អិតល្អន់។

សម្រាប់អត្ថន័យពិសេសវិញ គឺអាស្រ័យលើមនុស្សម្នាជាអ្នកផ្តល់ឲ្យវាប៉ុណ្ណោះ ឧទាហរណ៍មនុស្សខ្លះបានភ្ញាក់រលឹកថា ភពផែនដីមើលទៅប្រៀបបីដូចជា គ្រាប់ធូលីមួយនៅក្នុងកាឡាក់ស៊ី ឬចក្រវាលប៉ុណ្ណោះ ចុះទម្រាំមនុស្សម្នានៅលើភពផែនដី តើប្រៀបបាននឹងអ្វីទៅវិញ។ រីឯអ្នកខ្លះទៀតបានកោតសរសើរ ចំពោះបច្ចេកវិទ្យារបស់មនុស្សលោក ដែលមានភាពរីកចំរើនរហូតដល់អាចបង្កើតយាន ដែលផ្តិតបានរូបភាពផែនដី ពីចម្ងាយដ៏សែនឆ្ងាយបែបនេះ តាំងតែពីកន្លះសតវត្សរ៍មុន។

ដោយឡែក មនុស្សខ្លះទៀតបាននឹកទៅដល់រឿងរ៉ាវគ្រប់យ៉ាង ដែលកំពុងកើតមានឡើងលើផែនដីទាំងគ្រោះធម្មជាតិ, សង្គ្រាមហែកហួរ និងការរំលោភបំពានគ្នាទៅវិញទៅមក ដោយមិនទាន់រកការរួបរួមគ្នាឃើញ ខណៈដែលសកលលោកនៅជុំវិញ មិនបានទទួលរងឥទ្ធិពលអ្វីសោះ ពីសកម្មភាពរបស់មនុស្សលើផែនដី។ ដូច្នេះអត្ថន័យពិសេស ឬមិនពិសេស គឺអាស្រ័យលើមនុស្សជាអ្នកគប់លើ រូបភាព១សន្លឹកនេះប៉ុណ្ណោះ៕

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣)

Comments (0)
Add Comment