(បរទេស)៖ ដើម្បីបង្កើនភាពអស្ចារ្យឲ្យកាន់តែខ្លាំង នៅលើរូបភាពតែមួយសន្លឹកនោះ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA បានផ្តិត និងផ្គុំបញ្ចូលគ្នានូវភាព ៤ សន្លឹក ឲ្យក្លាយជារូបភាពតែមួយ ហើយវាត្រូវបានដាក់ឈ្មោះឲ្យថា កញ្ចុំភែនដូរ៉ា (Pandora’s Cluster) ដែលស្ថិតនៅចម្ងាយ ៣.៥ពាន់លានឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។
មិនត្រឹមតែជារូបភាព ៤ សន្លឹកប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ តែសម្រាប់រូបភាពទាំងគ្រប់ជ្រុង ដែលត្រូវបានផ្គុំឲ្យស៊ីចូលគ្នាតែមួយ (panorama) មួយសន្លឹកនេះបានកើតចេញពី ការអង្កេតរកពន្លឺក្រហមអាំងហ្វ្រាជិត (near-infrared light) រហូតដល់ទៅជាង ៥០,០០០ប្រភពឯណោះ ហើយឧបករណ៍វែករកពន្លឺក្រហមអាំងហ្វ្រាជិត (NIRSpec) របស់ James Webb ពិតជាបានធ្វើការងារធ្ងន់ណាស់ ទម្រាំបានរូបភាពដ៏ពិសេសទាំងនេះ។
អ្វីដែលគួរឲ្យកត់ចំណាំក្នុងរូបភាពថ្មីនេះ គឺពពួកកាឡាក់ស៊ីមានពណ៌ក្រហមៗ និងខូចទ្រង់ទ្រាយ។ ទិដ្ឋភាពទាំងនេះអាចកើតមានឡើងទៅបាន ព្រោះតែម៉ាស់ (mass) និងទំនាញ (gravity) នៃកញ្ចុំកាឡាក់ស៊ីធំៗដែលស្ថិតនៅពីមុខ (foreground) ដែលបានជះឥទ្ធិពលដល់ ពពួកកាឡាក់ស៊ីស្ថិតនៅពីក្រោយ (background) និងឆ្ងាយៗទាំងអស់នោះ ហើយវាជាឥទ្ធិពលដែលយើងបានស្គាល់រួចមកហើយនោះគឺ gravitational lensing (ជាពន្លឺដែលត្រូវបានខូចទ្រង់ទ្រាយ ឬពត់ឲ្យកោង ពេលឆ្លងកាត់វត្ថុអវកាសប្រកបដោយពន្លឺ និងម៉ាសនៅចំកណ្តាលផ្លូវ ដែលវាចល័តមកឲ្យយើងមើលឃើញតាមរយៈតេឡេស្កូប)។
គួរបញ្ជាក់ថា មានតែតំបន់ចំណុចកណ្តាលនៃរូបភាព ដែលយើងមើលឃើញមានបណ្តុំកាឡាក់ស៊ីភ្លឺៗ និងធំៗជាងគេមានឈ្មោះថា Pandora’s Cluster (ឬ Abell 2744) ប៉ុណ្ណោះ ដែលក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់សិក្សា តាមរយៈរូបភាពរបស់តេឡេស្កូបអវកាស Hubble។ យ៉ាងណាក៏ដោយ អានុភាពរបស់ James Webb បានអនុញ្ញាតឲ្យពួកគេមើលឃើញកាន់តែច្បាស់ និងស៊ីជម្រៅ ជាពិសេសគឺវត្តមានពពួកកាឡាក់ស៊ីស្ថិតនៅឆ្ងាយៗ និងពណ៌ក្រហមៗដូចក្នុងរូបភាពនេះ ដែលកាន់តែច្បាស់ និងមានចំនួនច្រើន៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣)