(បរទេស)៖ ដោយគ្មានការរកឃើញ និងព្រមានទុកជាមុនសូម្បីតែបន្តិច អាចម៍ផ្កាយមួយ (បើយើងហៅឲ្យចំគឺវាស្ថិតក្នុងលំដាប់ដុំថ្មអវកាស (meteor) ព្រោះតែទំហំវាតូច) បានវាយប្រហារទីក្រុង ឆែលយ៉ាប៊ីងក៍ (Chelyabinsk) នៃភាគនិរតីប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ (១០ឆ្នាំមុន)។ ទស្សនាវីបណ្តុំវីដេអូនៅថ្ងៃដែលអាចម៍ផ្កាយ Chelyabinsk វាយប្រហារ៖
បើតាមក្រុមអ្នកវិទ្យាសាស្ត្រកាលណោះបានគណនាថា អាចម៍ផ្កាយ Chelyabinsk មានមុខកាត់ ២០ម៉ែត្រ និងទម្ងន់ ១៣,០០០តោន បានផ្ទុះបែកពីលើតំបន់ភ្នំ Ural Mountains នៃទីក្រុង Chelyabinsk ប្រទេសរុស្ស៊ី នៅក្នុងល្បឿន ១៨គីឡូម៉ែត្រក្នុងមួយវិនាទី។ ពួកគេថែមទាំងបានអះអាងទៀតថា ដុំថ្មអវកាសធំកម្រិតនេះ មិនធ្លាប់បានវាយប្រហារផែនដីជាង ១០០ឆ្នាំមកហើយ។
ទោះបីនេះត្រឹមជាដុំថ្មអវកាសខ្នាតតូចមែន តែកម្លាំងរបស់វាត្រូវបានគេគណនាថា ស្មើនឹងគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាមេរិកទម្លាក់នៅទីក្រុង Hiroshima ប្រទេសជប៉ុនរហូតដល់ទៅ ៣៥គ្រាប់ នៅពេលវាផ្ទុះបែកក្នុងបរិយាកាសភពផែនដី និងបញ្ចេញនូវឥទ្ធិពលនោះ។
រយៈពេល ២នាទីបន្ទាប់ពីការផ្ទុះបែកអាចម៍ផ្កាយ Chelyabinsk នោះ រលកកន្ត្រាក់ (shockwave) របស់វាបានជះមកដល់ផ្ទៃដី និងបំផ្លិចបំផ្លាញអគារពាណិជ្ជកម្ម, លំនៅឋាន ព្រមទាំងទ្រព្យសម្បត្តិនានាយ៉ាងដំណំ តែជាសំណាងល្អមិនមានមនុស្សណាម្នាក់បានបាត់បង់ជីវិតឡើយ គ្រាន់តែមនុស្សជាង ១,៥០០នាក់ត្រូវបានគេរាយការណ៍ថា រងរបួសធ្ងន់ និងស្រាល៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ ESA (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣)