(បរទេស)៖ កូនឧទ្ធម្ភាគចក្រ Ingenuity ឬ Mars Helicopter បានធ្វើការហោះហើរជាលើកទី ៤៣ និងបានយូរជាថ្មី បន្ទាប់ពីបានខកខានការហោះឆ្ងាយបែបនេះ អស់រយៈពេល ១០ខែ ហើយនេះត្រូវបានចាត់ទុកជា ការត្រៀមអបអរដល់ខួប ២ឆ្នាំគត់ នៃយានស្រាវជ្រាវភពអង្គារ Perseverance ដែលបានចុះចតទៅដល់រណ្តៅ Jezero នៃភពក្រហមនោះកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងការហោះហើរលើកទី ៤៣ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) កូនឧទ្ធម្ភាគចក្រ Ingenuity ដែលមានទម្ងន់ ១.៨គីឡូក្រាម អាចហោះហើរបានក្នុងរយៈចម្ងាយ ៣៩០ម៉ែត្រ។ វាជាលើកដំបូងហើយ គិតចាប់តាំងពីហោះហើររយៈចម្ងាយឆ្ងាយលើកចុងក្រោយ កាលពីខែមេសា ឆ្នាំ២០២២ ដែល Ingenuity សម្រេចបាន ៤១៨ម៉ែត្រ ពីលើបាតរណ្តៅ Jezero។ ខាងក្រោមនេះជាការហោះហើរ កាលពីលើកទី៤០៖
យ៉ាងណាក៏ដោយ ខាងលើនេះមិនមែនជាកំណត់ត្រា នៃការហោះឆ្ងាយបំផុតរបស់ Ingenuity ឡើយ ដោយកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ទៅវិញទេ ទើបដ្រូននេះហោះបានឆ្ងាយបំផុតដល់ទៅ ៧១០ម៉ែត្រ។ សរុបមកទល់នឹងពេលនេះ Ingenuity សម្រេចបានការហោះហើរក្នុងរយៈចម្ងាយ ៨,៨២៩ម៉ែត្រ ហើយនេះពិតជាភាពអស្ចារ្យមួយ ព្រោះអង្គការ NASA បានអភិវឌ្ឍវាឡើង ដើម្បីធ្វើការហោះហើរតែ ៥លើកប៉ុណ្ណោះ តែវាអាចសម្រេចបានដល់ទៅ ៤៣លើកទៅហើយ។
គួរបញ្ជាក់ថា រណ្តៅ Jezero ដែលមានមុខកាត់ ៤៥គីឡូម៉ែត្រ ស្ថិតនៅអឌ្ឍគោលខាងជើង នៃភពអង្គារនោះ ត្រូវបានអង្គការ NASA អះអាងថា ជាអតីតបឹងស្តុកទឹកដ៏ធំមួយ កាលពីរាប់ពាន់លានឆ្នាំមុន ហើយក៏អាចមានលាក់ទុកដាននៃជីវិតផងដែរ។ ដោយឡែក Ingenuity ដែលមានតម្លៃអភិវឌ្ឍខ្ទង់ ៨០លានដុល្លារអាមេរិក ក៏ស្ថិតនៅជាប់ពោះយាន Peserverance មួយរយៈ ក្រោយការចុះទៅដល់ផ្ទៃភពអង្គារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នោះ ខណៈការប្រសូត Ingenuity មកលើផ្ទៃភពអង្គារត្រូវបានធ្វើឡើងនៅ ថ្ងៃទី០៣ ខែមេសា ឆ្នាំដដែល៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣)