(បរទេស)៖ ផ្ទាំងទឹកកកយក្ស ធ្វេតស៍ (Thwaites) ឬមានរហស្សនាមមួយទៀតថា ផ្ទាំងទឹកកកនៃថ្ងៃវិនាស (Doomsday) ស្ថិតនៅទ្វីបអង់តាកទិក (Antarctica) នៃប៉ូលខាងត្បូងភពផែនដី បាននិងកំពុងរលាយក្នុងកម្រិត ដែលមិនត្រូវបានរំពឹងទុក ហើយប្រការនេះអាចនាំឲ្យវារលំរលាយក្នុងកម្រិតដ៏ឆាប់រហ័ស, នេះបើតាមលទ្ធផលសិក្សាថ្មីមួយ ដែលទើបត្រូវបានទម្លាយចេញ។
អ្នកស្រាវជ្រាវអន្តរជាតិចំនួន ២ក្រុម បានប្រើប្រាស់រ៉ូបូតចល័តក្រោមទឹក និងជីករន្ធមួយទៅក្នុងផ្ទាំងទឹកកក Doomsday ដែលមានផ្ទៃក្រលាធំជាងរដ្ឋ Florida (១៧០,៣១២គីឡូម៉៉ែត្រក្រលា) នៃសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា (១៨១,០៣៥គីឡូម៉ែត្រក្រលា) ទៅទៀតនោះ ដើម្បីសិក្សាអំពីកម្រិតនៃការរលាយរបស់ផ្ទាំងទឹកកកយក្សនេះ នៅក្នុងភាពលម្អិតដែលមិនធ្លាប់បានធ្វើពីមុនមក។
ក្រុមអ្នកស្រាវជ្រាវអន្តរជាតិដែលមានឈ្មោះថា International Thwaites Glacier Collaboration ឬ ITGC បានលើកឡើងយ៉ាងដូច្នេះ៖ «ប្រសិនបើយើងនិយាយជារួម ការរលាយរបស់ផ្ទាំងទឹកកកនេះ គឺមានល្បឿនយឺតជាងការរំពឹងទុក, មានការរលាយកើតឡើងតាមស្នាមប្រេះ និងចន្លោះប្រហោង… តែទីតាំងលាក់កំបាំងផ្សេងទៀត ការរលាយមានសភាពឆាប់រហ័សទៅវិញ»។
មូលហេតុដែលក្រុមអ្នកវិទ្យាសាស្ត្រ បានផ្តល់រហស្សនាមឲ្យផ្ទាំងទឹកកកនេះថា «Doomsday» បែបនេះ ព្រោះពួកគេបានគណនាថា ការរលំរលាយទាំងស្រុងរបស់វា នឹងជួយធ្វើឲ្យនីវ៉ូទឹកសមុទ្រកើនឡើងថែមមួយកម្រិតទៀត។ ផ្ទាំងទឹកកកនេះមានផ្ទៃសរុបជាង ១៩២,០០០គីឡូម៉ែត្រក្រលា ស្ថិតនៅភាគខាងលិចនៃទ្វីបអង់តាកទិក ដោយមួយផ្នែករបស់ Doomsday លយចូលទៅក្នុងសមុទ្រ ខណៈមួយផ្នែកទៀតខាំជាប់តំបន់ថ្មនៃទ្វីបនេះ ដើម្បីរក្សាខ្លួនវាមិនឲ្យរបូតទៅក្នុងមហាសមុទ្រ។
សម្រាប់មូលហេតុដែលក្រុមអ្នកស្រាវជ្រាវបានអះអាងថា វានឹងរលំរលាយ បើទោះបីជារូបភាពជាក់ស្តែងនៃការរលាយរបស់វា មានកម្រិតយឺតជាងការរំពឹងទុកនោះ គឺព្រោះតែការលយចុះក្រោមនៃផ្ទាំងទឹកកក Doomsday នេះទៅក្នុងសមុទ្រ ដែលនឹងធ្វើឲ្យវារងនូវការប្រែប្រួលសីតុណ្ហភាពរបស់ទឹកសមុទ្រ។ នៅទីបំផុត Doomsday នឹងទៅឈានទៅរកការរលាយយ៉ាងលឿន និងគ្មានថ្ងៃវិលត្រលប់វិញនោះឡើយ។
ទិន្នន័យថ្មីចុងក្រោយបានបង្ហាញថា ការរលាយជាក់ស្តែងពេលនេះ កំពុងកើតមានឡើងយ៉ាងឆាប់រហ័ស នៅទូទាំងផ្នែកខាងក្រោមរបស់ Doomsday។ ការរលាយបែបនេះពិតជាគ្រោះថ្នាក់ ព្រោះប្រសិនបើទឹកសមុទ្រអាចហូរច្រោះចូលតាមរន្ធដែលបានកើតមានការរលាយទាំងនោះ វានឹងដឹកនាំទាំងកម្តៅ និងអំបិលទៅក្នុងផ្ទាំងទឹកកកទាំងមូល។ យូរៗទៅស្ថានភាពអាក្រក់បែបនេះ នឹងកាន់តែរីករាលដាល ហើយការប្រេះស្រាំដ៏ធំនឹងកើតឡើង ខណៈស្នាមប្រេះ និងជ្រលងលើផ្ទៃទឹកកក ក៏មិនមែនជាកត្តាតែមួយមុខ ដែលធ្វើឲ្យធ្នើទឹកកកឆាប់រលាយនោះដែរ, គឺមានការបូកផ្សំនឹងកត្តាផ្សេងៗទៀត។
គួរបញ្ជាក់ថា ប្រសិនបើផ្ទាំងទឹកកក Doomsday ត្រូវរលាយទាំងអស់នោះ វានឹងបង្កើននីវ៉ូទឹកសមុទ្រប្រមាណ «៦៥សង់ទីម៉ែត្រ» ទៀតនៅទូទាំងភពផែនដី។ យ៉ាងណាក៏ដោយ នេះមិនមែនជាសេណារីយ៉ូដ៏អាក្រក់បំផុតនោះឡើយ ព្រោះប្រសិនបើ Doomsday ពិតជារលាយអស់មែន ឥទ្ធិពលអាក្រក់នេះ និងជះទៅដល់ផ្ទាំងទឹកកកធំៗ ដែលស្ថិតនៅក្បែរខាងឲ្យជួបជោគវាសនាដូចគ្នា ហើយនៅទីបំផុតនីវ៉ូទឹកសមុទ្រអាចនឹងកើនឡើងបន្ថែមរហូតដល់ ៣ម៉ែត្រឯណោះ។ កាលពីអំលុងឆ្នាំ២០២១ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយបានព្យាករណ៍ថា Doomsday នឹងជួបភាពរលំរលាយក្នុងរយៈពេលយ៉ាងហោចណាស់ ៥ឆ្នាំទៀត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣)